ក្រុមស្រ្ដីរុស្ស៊ីបានយំខ្យឹកខ្សួល នៅពេលប្ដីនិងកូនប្រុសរបស់ពួកគេ ត្រូវបានបង្ខំឱ្យចូលបម្រើកងទ័ព ដើម្បីចេញប្រយុទ្ធនៅក្នុងសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែង បន្ទាប់ពីមានការប្រកាសឱ្យប្រមូលទ័ពមួយផ្នែកពីប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន។

ក្រុមបុរសរុស្ស៊ីផ្សេងទៀតរាប់សែននាក់ បាននាំគ្នារត់ចេញពីប្រទេសទៅជ្រកកោននៅប្រទេសជិតខាត ដូចជាប្រទេសហ្សកហ្ស៊ី កាហ្សាក់ស្ថាន ហ្វាំងឡង់ ន័រវេស និងប្រទេសម៉ុងហ្គោលីជាដើម ដើម្បីគេចពីការចាប់ឱ្យទៅធ្វើសឹកនៅក្នុងសង្គ្រាមអ៊ុយក្រែ ខណៈក្រុមអ្នកការពារសិទ្ធិមនុស្សបានលើកឡើងថា ក្រុមបុរសរុស្ស៊ីទាំងអស់គឺស្ថិតក្នុងការគោលដៅប្រមូលឱ្យចូលធ្វើកងទ័ពប្រយុទ្ធ ដែលខុសពីការធានាអះអាងរបស់លោក ពូទីន ថាអ្នកដែលមានបទពិសោធន៍ក្នុងយោធាប៉ុណ្ណោះ នឹងត្រូវស្ថិតក្នុងបញ្ជីប្រមូលឱ្យទៅធ្វើសឹក។

នៅតាមទីក្រុងជាច្រើន នៅទូទាំងប្រទេសរុស្ស៊ី រួមទាំងនៅក្នុងទីក្រុងម៉ូស្គូ មនុស្សប្រុសស្រីរាប់ពាន់នាក់បានចេញធ្វើបាតុកម្មប្រឆាំងនឹងការធ្វើសង្គ្រាមនៅអ៊ុយក្រែន និងការប្រមូលពលរដ្ឋឱ្យចូលធ្វើសឹករបស់លោកពូទីននេះ ខណៈមជ្ឈមណ្ឌលប្រមូលកងទ័ព ត្រូវបានរងការវាយប្រហារ។ ប៉ុន្តែការតវ៉ានោះ ត្រូវបានបង្ក្រាបយ៉ាងខ្លាំងក្លាដោយកងកម្លាំងរុស្ស៊ី និងមានការចាប់ឃុំខ្លួនបាតុករជាបន្តបន្ទាប់ជាង២៥០០នាក់។

ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​រវាង​កង​កម្លាំង​អ៊ុយក្រែន​និង​រុស្ស៊ី ​កំពុង​បន្តកើត​មាន​នៅ​ផ្នែក​ខ្លះ​នៃ​ភាគ​ខាង​កើត​អ៊ុយក្រែន និងនៅទីក្រុងខារគៀវភាគខាងជើងអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនលោក វ្លាឌីមៀ ហ្សេលេនស្គី បាននិយាយថា តំបន់ ដូនណេតស្ក៍ (Donetsk) ភាគខាងកើតប្រទេស នៅតែជាតំបន់អាទិភាពយុទ្ធសាស្ត្រសំខាន់ ខណៈការប្រយុទ្ធគ្នាកំពុងបន្តក្នុងទីក្រុងជាច្រើន ស្របពេលកងទ័ពរុស្ស៊ីព្យាយាមវាយលុកឆ្ពោះទៅភាគខាងត្បូង និងខាងលិច។

អ្នកស៊ើបអង្កេតក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានសន្និដ្ឋានថា រុស្ស៊ីប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន ដូចជាការទម្លាក់គ្រាប់បែកលើតំបន់ជនស៊ីវិល ការប្រហារជីវិតមនុស្សទ្រង់ទ្រាយធំ ការចាប់ធ្វើទារុណកម្ម និងអំពើហិង្សាផ្លូវភេទដែលរាប់បញ្ចូលទាំងការរំលោភលើកុមារ៕