អ្នកនេសាទកំពុងបើកនេសាទ នៅទន្លេមេគង្គ ក្នុងខេត្តក្រចេះរូបភាព៖ សឹម សល់ម៉ា

ក្រសួងធនធានទឹក និងឧតុនិយម ព្រមានទឹកទន្លេមេគង្គ នឹងហក់ឡើងខ្ពស់ ដោយសារឥទ្ធិពលព្យុះណូរុ ដែលអាចប្រឈមឱ្យមានបញ្ហាទឹកជំនន់។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ កញ្ញបានឱ្យដឹងថាស្ថានភាពអាកាសធាតុ ដែលបាននឹងកំពុងមានការប្រែប្រួល ដែលកើតឡើងដោយ សារឥទ្ធិពលព្យុះទី ១៦ ឈ្មោះ ណូរុ «NORU» មកលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ។

ក្រសួងបន្តថា ស្ថានភាពបែបនេះនឹងធ្វើឲ្យទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី ៣ ទៅ ៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា ដូចជាខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ១០,០០ ម៉ែត្រ  ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ២១,០០ ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ១៤,៣០ ម៉ែត្រ ។ រីឯនៅស្ថានីយជលសាស្ត្រភ្នំពេញ-ចតុមុខ ទឹកអាចឡើងដល់កម្ពស់ ៩,៤០ ម៉ែត្រ។

ក្រសួងបានបញ្ជាក់ថា ទឹកទន្លេដែលហក់ឡើងនាពេលនេះ នៅមិនទាន់ដល់កម្រិតឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចនឹងហូរចូលលិចតំបន់ទំនាបមួយចំនួន អមតាមដងទន្លេ និងបន្តហូរចូលតាមបណ្តាព្រែកបន្ថែមទៀត ហើយនៅតំបន់ភាគឦសាន ទឹកទន្លេសេកុងកំពុងហក់ឡើង ដែលអាចប្រឈមនឹងទឹកជំនន់៕