ក្រុមហ៊ុនពេជ្រចិន្តា ហ្វ្រ៊តប្រូដាក់សិន ប្រកាសប្រមូលទិញផ្លែមៀនប៉ៃលិនដាំតាមស្តង់ដារអនុវត្តកសិកម្មល្អពីកសិករចំនួន៣០០ទូកុងតឺណ័រ ឬជិត១ម៉ឺនតោន ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

លោក ភត់ សុផាន់បូរី ប្រធានប្រឹក្សាភិបាល នៃក្រុមហ៊ុនពេជ្រចិន្តា បានប្រាប់សារព័ត៌មានខ្មែរណាស់ថា ក្រុមហ៊ុននឹងប្រមូលទិញមៀន ដែលដាំតាមស្ដង់ដារនៃការអនុវត្តកសិកម្មល្អ (CamGAP) ចាប់ពីពេលនេះរហូតដល់ខែឧសភាឆ្នាំ២០២៣ ដោយឱ្យតម្លៃជាង៣ពាន់រៀល ក្នុងមួយគីឡូក្រោម។

លោកថ្លែងដូច្នេះថា៖«យើងទទួលបានការបញ្ជាទិញពីក្រៅប្រទេស។ គេបញ្ជាទិញទាំងពីរប្រភេទ ទាំងមៀនស្រស់ ទាំងមៀនដំណាប់។ យើងបានចរចារបាំងបច្ចេកទេស គឺមានតែប្រទេសចិនទេ ដែលមានការបញ្ជាទិញច្រើន។ ផែនការយើង នឹងប្រមួលទិញមៀនប៉ៃលិនទូទាំងប្រទេស ប៉ុន្តែផែនការចម្បងដំបូងនេះ យើងធ្វើតែ៣ខេត្តទេ ដែលមានព្រំប្រទល់ជាប់គ្នានោះ គឺបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ»។

លោកបន្តថា ក្រុមហ៊ុននឹងនាំចេញមៀនប៉ៃលិន ដែលប្រមូលទិញបានពីកសិករ នៅដើមខែតុលាខាងមុខនេះ ព្រោះរដ្ឋាភិបាលបានសម្រេចការចរចា ដើម្បីនាំចេញមៀនប៉ៃលិនសាកល្បង ជាលើកដំបូងទៅកាន់ប្រទេសចិន។

លោកថ្លែងដូច្នេះថា៖«មៀនដែលកែច្នៃ ដូចជាប្រភេទមៀនក្រៀម យើងនាំចេញទៅក្រៅ ហើយប្រភេទមៀនស្រស់យើងនាំចេញទៅក្រៅដែរ ។ ប៉ុន្តែប្រភេទដំណាប់បៀកនំបុ័ង ប្រភេទទឹកមៀនសម្រាប់បរិភោគ យើងលក់នៅក្នុងស្រុក យើងទើបសាកល្បងផលិតលក់នៅក្នុងស្រុកទេ។ ប៉ុន្តែប្រភេទផលិតកម្មមៀនក្រៀម ដែលយើងលក់ទៅបរទេស គឺមានការគាំទ្រ មានការលើកកម្ពស់ស្មើរនឹងប្រទេសជិតខាង»។

លោកបន្តថា បច្ចុប្បន្នមៀនប៉ៃលិនកំពុងប្រមូលផលបណ្តើរៗហើយ ក្នុងបរិមាណតិចតួចសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះ ប៉ុន្តែនឹងប្រមូលផលច្រើននៅក្នុងខែតុលាខាងមុខនេះ សម្រាប់ត្រៀមនាំចេញទៅក្រៅប្រទេស។

ក្រុមហ៊ុនពេជ្រចិន្តា គឺជាក្រុមហ៊ុនកែច្នៃផលិតផលកសិកម្ម បានចាប់ផ្តើមដំណើរការនៅឆ្នាំ២០២១ នៅឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយបានចុះបញ្ជីស្របច្បាប់នៅក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអគ្គនាយកដ្ឋានពន្ធដារ នៅឆ្នាំ២០២២នេះ។

ក្រុមហ៊ុនមានគោលដៅកែច្នៃមៀនប៉ៃលិន ស្វាយកែវរមៀត ម្នាស់ និងដំណាំមួយចំនួនផ្សេងទៀត ព្រោះក្រុមហ៊ុនតែងតែរិះរកវិធីកែច្នៃផលិតផលកសិកម្មឱ្យបានច្រើនមុខ ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចកសិករ៕