ក្រុមហ៊ុន​អាមេរិក​មួយ ​បាន​សាកល្បង​យន្តហោះ​អគ្គិសនី​លើក​ដំបូង​របស់​ខ្លួន ដែលហោះក្នុងរយៈ​ពេល៨នាទី ក្នុងកម្ពស់១០៦៦ម៉ែត្រ នៅ​កណ្តាល​រដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី២៧កញ្ញាឆ្នាំ ២០២២។

ការហោះហើរកាលពីថ្ងៃអង្គារម្សិលមិញនេះ គឺជាជំហានដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនយន្តហោះ Eviation ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន ដែលមានបំណងដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមយន្តហោះអគ្គិសនីនៅឆ្នាំ២០២៧ខាងមុន។

នាយកប្រតិបត្តិក្រុមហ៊ុនលោក Gregory Davis បាននិយាយថា គោលដៅដឹកអ្នកដំណើរនិងទំនិញដោយយន្តហោះអគ្គិសនីនៅក្នុងឆ្នាំ២០២៧ខាងមុននេះ គឺវាអាស្រ័យលើភាពជឿនលឿននៃបច្ចេកវិទ្យាថ្មរបស់យន្តហោះ។

លោកបន្តថា គោល​ដៅ​អាជីវកម្ម​​ដំបូងនេះ ​គឺ​ចង់​មាន​យន្តហោះ​អគ្គិសនីសម្រាប់​ចម្ងាយ​ខ្លី​គឺពីចន្លោះ​ចម្ងាយ២៤០គីឡូម៉ែត្រ ទៅ៤០០គីឡូម៉ែត្រ ដោយ​ការ​សាក​ថ្ម​ត្រូវ​ចំណាយ​ពេល​ប្រហែល៣៥នាទី។

ក្រុមហ៊ុន Eviation នឹងបង្កើតយន្តហោះពីរបន្ថែមទៀតតាមវិញ្ញាបនបត្ររបស់សហព័ន្ធ ដែលនឹងកើតឡើងនៅឆ្នាំ២០២៥៕

ប្រភព៖ VOA, បកប្រែ៖ រាជ វិញ្ញូ