ទឹកជំនន់កាត់ផ្ដាច់ផ្លូវនៅទីក្រុងហូជីមិញ។ រូបភាព៖ VN Express

ព្យុះ ណូរុ បាន​ចុះ​ខ្សោយឥទ្ធិពល ​បន្ទាប់​ពី​បាន​បោកបក់​នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម​នៅ​ម៉ោង១និង៣០ព្រឹក​ថ្ងៃ​ពុធនេះ  ខណៈវៀតណាមព្យាករណ៍ថា ព្យុះនឹងធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលពីរថ្ងៃបន្ទាប់ទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានវៀតណាម VN Express។

កាលពីពាក់កណ្ដាលយប់ថ្ងៃអង្គារ ព្យុះណូរុ មានចម្ងាយ៨០គីឡូម៉ែត្រពីទីក្រុងដាណាងភាគកណ្ដាលនៃប្រទេសវៀតណាម ដោយមានកម្លាំងខ្យល់បោកបក់១៤៩គីឡូម៉ែត្រក្នុងមួយ ប៉ុន្តែបានថយចុះនៅត្រឹម១៣៣គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលវាបានចូលមកដល់ឆ្នេរសមុទ្រនៃទីក្រុងនេះបានរយៈពេល១ម៉ោង។

នៅម៉ោង២ទៀបភ្លឺថ្ងៃពុធនេះ ពលរដ្ឋនៅទីក្រុងដាណាងនិងខេត្តនៅភាគខាងកណ្ដាលវៀតណាមផ្សេងទៀត បានរាយការណ៍ថា កម្លាំងខ្យល់បោកបក់នៃព្យុះនេះ មានសភាពគួរឱ្យភ័យខ្លាច ហើយដោយអំណាចខ្យល់បក់ខ្លាំង បានធ្វើឱ្យប៉ើងដំបូលផ្ទះថ្វីត្បិតបានប្រក់ដោយដែក និងមានការរៀបចំការពារសុវត្ថិភាពជាមុនក៏ដោយ។ ព្យុះនេះ ធ្វើឱ្យដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំនៅទីក្រុងដាណាង។

ក្រៅពីនេះ រលកដ៏ខ្លាំង និងជំនោរខ្ពស់បានជន់លិចផ្លូវមាត់សមុទ្រជាច្រើនក្នុងទីក្រុង ដាណាង។ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃពុធ ខ្យល់ព្យុះបានចុះខ្សោយដល់៧៤គីឡូម៉ែត្រក្នុងមួយម៉ោង។ វាត្រូវបានរំពឹងថានឹងធ្លាក់ទៅជាព្យុះត្រូពិច និងសម្ពាធទាបនៅពេលចូលទៅដល់ប្រទេសថៃ។

ចំណែកនៅទីក្រុងហូជីមិញក៏បានរាយការណ៍ពីការបាក់ហូរដី និងទឹកជំនន់ដែរ បន្ទាប់ពីមានភ្លៀងធ្លាក់អស់រយៈពេល៤ម៉ោងជាប់ៗគ្នានៅថ្ងៃពុធនេះ៕