​សាច់ជ្រូក​ជាច្រើន​ក្បាល​ត្រៀម​សម្រាប់​ចំអិនម្ហូប​ក្នុង​កម្មវិធី​។រូបភាព៖ ក្រសួង​កសិកម្ម​

រដ្ឋាភិបាលកម្ពុជាកំពុងមានផែនការនាំចេញសាច់សត្វនិងផលិតផលពីសត្វទៅកាន់ទីផ្សារប្រទេសចិន ស្របពេលការចិញ្ចឹមសត្វលក្ខណៈពាណិជ្ជកម្មនៅកម្ពុជា កំពុងរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញផ្សាយនៅថ្ងៃអង្គារ៍ម្សិលមិញ ដោយបានអំពាវនាវដល់អ្នកវិនិយោគក្នុងវិស័យចិញ្ចឹមសត្វ និងផលិតផលសត្វ មានបំណងនាំចេញសត្វ និងផលិតផលសត្វ ដូចជា ជ្រូករស់ គោរស់ សាច់ជ្រូក សាច់គោ សាច់មាន់ ស្បែកគោ ស្បែកជ្រូក និងផលិតផលផ្សេងទៀត អាចដាក់ពាក្យស្នើសុំមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយបញ្ជាក់ពីប្រភេទសត្វ និងផលិតផលសត្វឱ្យបានច្បាស់លាស់ទៅតាមប្រភេទនីមួយៗចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សេចក្តីជូនដំណឹងនេះ បានឱ្យដឹងទៀតថា ការដាក់ពាក្យស្នើសុំនេះ ដើម្បីឱ្យអគ្គនាយកដ្ឋានមានលទ្ធភាពរៀបចំបែបបទពាក់ព័ន្ធផ្សេងៗសុំការអនុញ្ញាតពីភាគីចិន ដើម្បីចុះមកត្រួតពិនិត្យ និងវាយតម្លៃហានិភ័យ និងឈានទៅរកការរៀបចំពិធីសារអនាម័យ និងកិច្ចព្រមព្រៀងក្នុងការនាំចេញ។

ប្រធានសមាគមអ្នកចិញឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ ប្រាប់ខ្មែរណាស់នៅថ្ងៃពុធនេះថា នេះគឺជាដំណឹងល្អមួយសម្រាប់អ្នកចិញ្ចឹមសត្វនៅកម្ពុជា ខណៈសព្វថ្ងៃ ការចិញ្ចឹមសត្វ កំពុងលើសតម្រូវការទីផ្សារក្នុងស្រុក ប៉ុន្តែមិនលើសច្រើនប៉ុន្មាននោះទេ។ ចំណុចត្រង់នេះហើយដែលសមាគមលោក និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកំពុងជំរុញបន្ថែមទៀត ដើម្បីអាចបើកទីផ្សារនាំចេញទៅក្រៅប្រទេស។

លោកថ្លែងដូច្នេះថា៖«ប្រសិនបើ អាចនាំចេញបាន យើងនឹងបន្តជំរុញឱ្យក្រុមហ៊ុនវិនិយោគធំបង្កើនការចិញ្ចឹមសត្វ ដើម្បីបំពេញតម្រូវការនាំចេញទៅក្រៅប្រទេស។សមាជិករបស់សមាគមយើងបានទៅសួរនាំនៅអគ្គនាយកដ្ឋាន អំពីដំណឹងនេះ ដើម្បីសុំឱ្យខាងភាគីចិនមកពិនិត្យមើលកសិដ្ឋានចិញ្ចឹមសត្វថាតើស្តង់ដារយើងប៉ុណ្ណឹងអាចនាំចេញបានឬអត់?»។

វិស័យចិញ្ចឹមសត្វនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មបាន កើនឡើង ៣៩% នៅឆ្នាំ២០២១ ដោយមានការវិនិយោគក្នុងទ្រង់ទ្រាយពីមធ្យមទៅធំ ជាពិសេសការចិញ្ចឹមជ្រូកដែលអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចនាំចេញទៅក្រៅប្រទេសបាន។

គិតត្រឹមខែមិថុនា ឆ្នាំ២០២២ កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់ត្រីសាច់ បានកើនឡើងដល់ ៩២ ភាគរយ ខណៈការផ្គត់ផ្គង់សាច់ជ្រូកអាចដំណើរការបាន១០០ភាគរយបានជាង៩ ខែ កន្លងមកហើយ។ នេះបើតាម លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕