រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសារជាសំឡេងរយៈពេលជាង២នាទី អំពាវនាវឱ្យប្រជាពលរដ្ឋផ្អាកធ្វើដំណើរតាមផ្ទៃសមុទ្រ ដើម្បីបង្ការការគ្រោះថ្នាក់ផ្សេងៗ។

ការអំពាវនាវនេះ ដោយសារតាមការព្យាករណ៍អាកាសធាតុបានឱ្យដឹងថា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ កញ្ញានេះ នឹងមានខ្យល់ រលកខ្ពស់ៗ ក្នុងសមុទ្រ ដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ នៅក្នុងការធ្វើដំណើរតាមផ្លូវទឹក។

លោក គួច ចំរើន បានថ្លែងដូច្នេះថា៖«ដូច្នេះខ្ញុំសូមស្នើសុំឱ្យមានការយកចិត្តទុកដាក់លើការងារ២ យ៉ាង។ សុំឱ្យមានការជួយណែនាំប្រាប់ទៅបងប្អូនប្រជាពលរដ្ឋ អ្នកប្រជានេសាទ អ្នកធ្វើដំណើរ ម្ចាស់ទូក កាណូត គឺសុំឱ្យផ្អាកធ្វើដំណើរទៅក្នុងសមុទ្រទៅតាមកោះ ដែលអាចនឹងជួបហានិភ័យកើតឡើង»។

លោកបន្ថែមថា ចំពោះប្រជានេសាទ ដែលបានចេញទៅនេសាទ នៅតាមកោះ ឬនៅក្នុងលំហរសមុទ្រ ត្រូវទៅរកទីទួលសុវត្ថិភាពតាមកោះ ឫឡើងមកលើគោកវិញ ឱ្យបានទាន់ពេលវេលា និងត្រូវត្រៀមឧបករណ៍សុវត្ថិភាព ដូចជា អាវពោងសុវត្ថិភាព ជាដើម។

យោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹកឱ្យដឹងថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ទឹកភ្លៀងនៅតែបន្តធ្លាក់បន្តបន្ទាប់ទៀតក្នុងបរិមាណច្រើន ហើយបរិមាណទឹកច្រើននេះអាចនឹងបង្កជន់លិចបន្ថែមទៀត និងផលប៉ះពាល់កាន់តែកើនឡើង៕