ពលរដ្ឋរុស្ស៊ីជិត៣សែននាក់រត់ចេញពីប្រទេស អំឡុងពេលមានការប្រកាសប្រមូលធ្វើទ័ព។ រូបភាព៖ AP

យោងតាមប្រព័ន្ធផែនទីបានបង្ហាញការកកស្ទះចរាចរណ៍យ៉ាងខ្លាំងរាប់សិបគីឡូម៉ែត្រ កាលពីថ្ងៃអង្គារទី២៧កញ្ញានេះ នៅត្រង់ចំណុចច្រកព្រំដែនឆ្លងពីប្រទេសរុស្ស៊ីចូលទៅកាន់ប្រទេសហ្សកហ្ស៊ី ដែលស្ថិតនៅភាគខាងជើងនៃតំបន់អឺរ៉ុបប៉ែកខាងកើត។

រូបភាពពីបណ្ដាញសង្គមបានបង្ហាញពីអ្នកដំណើរថ្មើរជើងរាប់រយនាក់ តម្រង់ជួរគ្នានៅត្រង់ប៉ុស្ដិ៍ត្រួតពិនិត្យ បន្ទាប់ពីមន្រ្តីព្រំដែនរុស្ស៊ីបានបន្ធូរបន្ថយការរឹតបន្តឹងខ្លះដើម្បីអនុញ្ញាតឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ព្រំដែនដោយថ្មើរជើង។ រូបភាពស្រដៀងគ្នានេះ ក៏ត្រូវបានគេរាយការណ៍នៅតាមច្រកព្រំដែនមួយចំនួនទៀតដែរ គឺច្រកព្រំដែនរវាងរុស្ស៊ីជាមួយប្រទេសកាហ្សាក់ស្ថាន។

ក្រសួងមហាផ្ទៃប្រទេសហ្សកហ្ស៊ីបានរាយការណ៍ថា ជនជាតិរុស្សីជាង៥ម៉ឺន៣ពាន់នាក់ បានធ្វើដំណើរចូលមកក្នុងប្រទេសរបស់ខ្លួន បើគិតត្រឹមពីសប្តាហ៍មុនមក ខណៈដែលមន្ត្រីក្រសួងមហាផ្ទៃនៅប្រទេសកាហ្សាក់ស្ថានវិញក៏បានរាយការណ៍ថា ពលរដ្ឋរុស្ស៊ី៩ម៉ឺន៨ពាន់នាក់ បានឆ្លងចូលប្រទេសខ្លួន។

ក្រៅពីប្រទេសទាំងពីរនេះ ទីភ្នាក់ងារឆ្មាំព្រំដែនប្រទេសហ្វាំងឡង់ ក៏បានរាយការណ៍ថា ពលរដ្ឋរុស្ស៊ីជាង៤ម៉ឺន៣ពាន់នាក់ បានចូលមកក្នុងប្រទេសរបស់ខ្លួនក្នុងរយៈពេលដូចគ្នានេះ ខណៈរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក៏បានបញ្ជាក់ថា ជនជាតិរុស្សី៣ពាន់នាក់បានចូលប្រទេសម៉ុងហ្គោលី ដែលមានព្រំប្រទល់ជាប់ប្រទេសរុស្ស៊ី។

អាជ្ញាធរ​រុស្ស៊ី​បាន​ព្យាយាម​រារាំង​លំហូរនៃពលរដ្ឋចំណាកស្រុកទាំងនេះ ដោយ​រារាំង​បុរស​ៗពេញកម្លាំង​មិន​ឲ្យ​ចាកចេញឡើង និង​បានលើក​ឡើង​ពី​ច្បាប់នៃការប្រមូលទ័ព។ ការអនុវត្តនេះ ហាក់មិនមានប្រសិទ្ធភាព និងមានពាក្យចចាមអារ៉ាមថា ទីក្រុងមូស្គូអាចនឹងបិទព្រំដែនឆាប់ៗនេះ មិនឱ្យបុរសទាំងអស់ដែលមានអាយុអាចចេញប្រយុទ្ធ ចាកចេញពីប្រទេសឡើយ។

ប៉ូលីសរុស្ស៊ីនៅតំបន់ អូសសេទៀខាងជើង (North Ossetia) ដែលជាប់ព្រំដែនជាប្រទេសហ្សកហ្ស៊ី បាននិយាយថា ការិយាល័យចុះឈ្មោះបណ្តោះអាសន្នមួយ នឹងត្រូវបានបង្កើតឡើងនៅច្រកឆ្លងកាត់ព្រំដែន ហើយមន្ត្រីក្នុងតំបន់នេះក៏បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ីថា បុរសជនជាតិរុស្ស៊ីត្រូវបានទទួលការកោះហៅនៅពេលឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសហ្សកហ្ស៊ី។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយថា មានតែបុរសប្រហែល៣សែននាក់ប៉ុណ្ណោះ ដែលមានបទពិសោធន៍ប្រយុទ្ធកាលពីពេលមុន ឬអ្នកបម្រើក្នុងសេវាយោធាផ្សេងទៀត នឹងត្រូវបានកេណ្ឌធ្វើទ័ពប្រយុទ្ធនៅអ៊ុយក្រែន ប៉ុន្តែរបាយការណ៍ចេញពីតំបន់ជាច្រើនរបស់រុស្ស៊ី គឺរុស្ស៊ីកំពុងប្រមូលបុរសឱ្យទៅធ្វើទ័ព ខុសពីការប្រកាសនេះ។

ប្រទេសកាហ្សាក់ស្ថាន និងហ្សកហ្ស៊ី ដែលសុទ្ធតែជាអតីតសហភាពសូវៀត គឺអនុញ្ញាតឱ្យពលរដ្ឋរុស្ស៊ីចូលមកក្នុងប្រទេសរបស់ខ្លួនដោយគ្មានទិដ្ឋាការ និងកំពុងក្លាយជាគោលដៅពេញនិយមបំផុតសម្រាប់អ្នក ដែលចង់គេចពីការប្រមូលធ្វើទ័ពប្រយុទ្ធរបស់លោក ពូទីន ប៉ុន្តែប្រទេសហ្វាំងឡង់ និងន័រវេស គឺទាមទារទិដ្ឋាការ។

ហ្សកហ្ស៊ី ជាប្រទេសគាំទ្រអ៊ុយក្រែននិងប្រឆាំងការធ្វើសង្គ្រាមរបស់រុស្ស៊ី គឺបានបង្ហាញទង់ពណ៌លឿង និងពណ៌ខៀវតុបតែងតាមអគារ និងផ្ទាំងគំនូរប្រឆាំងនឹងលោកពូទីន និងរុស្ស៊ី។ ប៉ុន្តែប្រទេសនេះ ក៏មានការភ័យខ្លាចខ្លះៗ អំពីការហូរចូលនៃជនជាតិរុស្ស៊ី ជាពិសេសបន្ទាប់ពីបានធ្វើសង្រ្គាមរយៈពេលខ្លីជាមួយរុស្ស៊ីក្នុងឆ្នាំ២០០៨។

ចំណែកប្រទេសកាហ្សាក់ស្ថាន ជាប្រទេសអាស៊ីកណ្តាលដែលមានប្រជាជនចំនួន១៩លាននាក់ គឺបានប្រកាន់យករបបឯករាជ្យកាន់តែខ្លាំងឡើងពីទីក្រុងមូស្គូ បន្ទាប់ពីកើតមានសង្រ្គាមនៅអ៊ុយក្រែន។ ក្នុងការប្រកាសពីចំនួនជនជាតិរុស្សីឆ្លងកាត់ព្រំដែនចូលមកកាន់ប្រទេសរបស់ខ្លួន រដ្ឋមន្ត្រីមហាផ្ទៃកាហ្សាក់ស្ថានបានបញ្ជាក់ថា អាជ្ញាធរនឹងមិនបញ្ជូនពលរដ្ឋរុស្ស៊ីទាំងនោះត្រឡប់ទៅកាន់ប្រទេសដើមវិញឡើង លុះត្រាតែពួកគេស្ថិតក្នុងបញ្ជីអន្តរជាតិចង់បានសម្រាប់ការចោទប្រកាន់ពីបទឧក្រិដ្ឋណាមួយ៕