រូបភាព៖ ហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា

នាយដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា កំពុងខិតខំរំដោះទឺកតាមទ្វារទឹក និងតំបន់ប្រាសាទមួយចំនួន បង្ការកុំឱ្យជន់លិចប្រាសាទ។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២៨ កញ្ញនេះ។

អាជ្ញាធរជាតិអប្សរាបន្តថា ឥទ្ធិពលនៃព្យុះ ណូរុ ពីប្រទេសហ្វីលីពីន បណ្ដាលឱ្យកម្ពុជារងសម្ពាធទាប និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីពាក់កណ្ដាលខែកញ្ញាមក និងបានធ្វើឱ្យមានភ្លៀងធ្លាក់ជាច្រើនដង និងបណ្ដាលឱ្យជន់លិចស្រុកមួយចំនួនក្នុងខេត្តសៀមរាប។

អាជ្ញាធរជាតិអប្សរាសរសេរដូច្នេះថា៖«នៅរមណីយដ្ឋានអង្គរ ទឹកភ្លៀងច្រើនសន្ធឹក ត្រូវបានប្រមូលទុក និងខ្លះត្រូវបានរំដោះចេញផងដែរ ដោយសារបរិមាណហួសកម្រិត»។

តាមរបាយការណ៍សង្ខេបពីនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា ក្រុមការងារបានរំដោះទឹក នៅប្រាសាទមួយចំនួនដូចជា ប្រាសាទអង្គរវត្ត ព្រះខ័ន តាព្រហ្ម និងបាយ័ន្តជាដើម។

រូបភាព៖ ហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា

ការរំដោះនេះ ដើម្បីបញ្ជៀសទឹកតាមប្រព័ន្ធប្រឡាយបុរាណទៅតាមស្ទឹងនានា ដូចជាស្ទឹងសៀមរាប ស្ទឹងរលួស ស្ទឹងពួក និងស្ទឹងព្រះស្រុក ដើម្បីកុំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់តំបន់ប្រាសាទ និងក្រុងសៀមរាប។

ក្រៅពីការងារខាងលើនេះ ក្រុមការងារក៏បានប្រមូលទឹកដើម្បីបំពេញក្នុងប្រព័ន្ធគ្រប់គ្រងបុរាណ ដើម្បីធានាដល់តុល្យភាពនៃការប្រើប្រាស់ទឹកក្នុងតំបន់អង្គរ មានដូចជា បារាយណ៍ខាងលិច បារាយណ៍ខាងជើង កសិន្ធុអង្គរធំ កសិន្ធុអង្គរវត្ត ស្រះស្រង់ រួមនិងកសិន្ធព្រះខ័នជាដើម។

គួរបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី២៧ កញ្ញាម្សិលមិញ ខេត្តដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងច្រើនជាងគេ គឺខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ និងបន្តរងផងប៉ះពាល់បន្ថែមទៀត ដោយឥទ្ធិពលខ្យល់ព្យុះណូរុ។

យោងតាមក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ឥទ្ធិពលព្យុះណូរុ (NORU) នឹងធ្វើឱ្យបណ្ដាខេត្តនៅភាគពាយព្យកម្ពុជា មានដូចជាខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន បូកផ្សំនឹងបរិមាណទឹកភ្លៀង ដែលហូរមកពីប្រទេសថៃបន្ថែម អាចបង្កឱ្យទីទំនាបជាប់ផ្លូវទឹក និងផ្លូវទឹកនៅក្នុងភូមិសាស្រ្ដបណ្ដាខេត្តទាំងនោះ ប្រឈមជំនន់ទឹកភ្លៀងភ្លាមៗ និងជំនន់ដោយបរិមាណទឹកហួសកម្រិត៕