លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង លោក YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង (CKFTA) ជាផ្លូវការ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។រូបភាព៖ក្រសួងពាណិជ្ជកម្ម

កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេភាគី​កម្ពុជា​-កូរ៉េខាង​ត្បូង​ (CKFTA) ​ត្រូវ​បាន​រដ្ឋ​សភា​កូរ៉េ​ផ្តល់​សច្ចា​ប័ន​រួច​ហើយ​ កាលពី​ថ្ងៃទី​២៧​ កញ្ញា​ ​ ដែល កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ចូល​ជាធរមានក្នុង​រយៈ​ពេល​៦០​ថ្ងៃ ​បន្ទាប់​ពី​រ​ដ្ឋាភិបាល​កូរ៉េ​ជូន​ដំណឹង​ផ្លូវ​ការ​មក​កម្ពុជា​។

កម្ពុជា​ និង​កូរ៉េខាងត្បូង​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កាលពីខែតុលា ឆ្នាំ២០២១ កន្លងទៅ។

យោងតាមការចុះផ្សាយរបស់ Yonhap សភាកូរ៉េបានផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា តំណាលគ្នានឹងការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកូរ៉េ ជាមួយនឹងអ៊ីស្រាអែលដែរ។​

ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានបញ្ជាក់ថា «រដ្ឋាភិបាលកូរ៉េនឹងជូនដំណឹងដល់អ៊ីស្រាអែល និងកម្ពុជា អំពីការបញ្ចប់នីតិវិធីក្នុងស្រុកទាំងអស់ ដើម្បីឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះចូលជាធរមាន»។នេះបើតាមសារព័ត៌មាន​កូរ៉េ​ Yonhap។

បន្ទាប់ពីសភាកូរ៉េផ្តល់សច្ចាប័នរួចហើយ រដ្ឋាភិបាលកូរ៉េនឹងធ្វើការជូនដំណឹង (Notification) ដល់កម្ពុជា នៅរយៈពេល ៦០ថ្ងៃ បន្ទាប់ពីការជូនដំណឹងនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) នឹងត្រូវចូលជាធរមាន។

កម្ពុជារំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ នឹងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់កូរ៉េបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។

 កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ទី២របស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន បានចូលជាធរមាន កាលខែមករា ឆ្នាំ២០២២។​

ក្នុង​រយៈ​ពេល ៨ ខែ ​ដើម​ឆ្នាំ​២០២២ ទំហំពាណិជ្ជកម្ម​រវាងកម្ពុជា​-កូរ៉េខាងត្បូង​សម្រេច​បាន​ជាង ៥៤៩លាន​ដុល្លារ​ កើន​ឡើង៦,៤%​ បើធៀបនឹង​រយៈ​ពេល​ដូចគ្នាកាលពី​ឆ្នាំ​២០២១​។​ ក្នុង​នោះ កម្ពុជា​បាននាំចេញ​ទំនិញ​មានតម្លៃជាប្រាក់​ជាង​ ១៥៦លាន​ដុល្លារ កើន​ឡើង​២១%​ ខណៈ​កម្ពុជា​នាំចូលទំនិញ​មកវិញ​គិតជាប្រាក់ជាង ​៣៩៣លាន​ដុល្លារ​​​ កើន​ឡើង​១,៥%​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់អគ្គនាយក​ដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា៕