អ្នកស្រុក​ម្នាក់​ទទួល​សន្លឹកឆ្នោត​ពី​សមាជិក​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​មុន​ពេល​បោះឆ្នោត​ប្រជាមតិ​ទៅ​លើការ​​ភ្ជាប់​ដែនដី ៤ របស់​អ៊ុយក្រែន​ជា​ផ្នែក​មួយ​របស់​រុស្ស៊ី​ នៅ​ក្រុង Mariupol ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២២។

ការ​បោះឆ្នោត​ប្រជាមតិ​ដែល​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​ដែល​តែងតាំង​ដោយ​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​តំបន់ ៤ នៃ​ប្រទេស​អ៊ុយក្រែន​ដើម្បី​ភ្ជាប់​តំបន់​ទាំង ៤ នោះ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​រុស្ស៊ី គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​អង្គារ​នេះ។

ការ​ធ្វើ​ប្រជាមតិ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​អ៊ុយក្រែន​និង​សម្ព័ន្ធមិត្ត​បស្ចិម​ប្រទេស​របស់​អ៊ុយក្រែន​ច្រានចោល​ថា​ជា​ការ​ធ្វើ​ប្រជាមតិ​ក្លែងក្លាយ។

អ្នកស្រី Karine Jean-Pierre អ្នក​នាំពាក្យ​សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​ប្រាប់​អ្នក​កាសែត​កាលពី​ថ្ងៃ​ចន្ទ​ថា៖ «សហរដ្ឋ​អាមេរិក​ឈរ​ជាមួយ​ដៃគូ​របស់​យើង​នៅ​ទូទាំង​ពិភពលោក​ដើម្បី​ច្រានចោល​លទ្ធផល​ប្រឌិត​ឡើង​ណា​មួយ​ដែល​ប្រទេស​រុស្ស៊ី​ប្រកាស [ទាក់ទិន​នឹង​ការ​ធ្វើ​ប្រជាមតិ​នេះ]»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក រួម​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​ខ្លួន កំពុង​ត្រៀម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​ឱ្យ​បាន​លឿន​លើ​ប្រទេស​រុស្ស៊ី ដើម្បី​ឆ្លើយតប​ទៅ​នឹង​វិធានការ​ដែល​យើង​កំពុង​ឃើញ​នៅ​ពេល​បច្ចុប្បន្ន​នេះ ប្រសិនបើ​រុស្ស៊ី​បន្ត​ទៅ​មុខ​ជាមួយ​នឹង​ការ​ភ្ជាប់​យក [ដែនដី​របស់​អ៊ុយក្រែន] នេះ»។

ការ​បោះឆ្នោត​ប្រជាមតិ​នេះ​បាន​ធ្វើ​ឡើង​តាំងពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នៅ​ក្នុង​តំបន់ Luhansk និង​តំបន់ Kherson ដែល​ត្រួតត្រា​ដោយ​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន និង​នៅ​ក្នុង​តំបន់ Donetsk និង​តំបន់ Zaporizhzhia ដែល​កាន់កាប់​ដោយ​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

អតីត​ប្រធានាធិបតី​រុស្ស៊ី​លោក Dmitry Medvedev ដែល​បច្ចុប្បន្ន​ជា​អនុ​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​របស់​ប្រទេស​រុស្ស៊ី បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រសិនបើ​ប្រទេស​រុស្ស៊ី​រង​ការ​គំរាមកំហែង​ហួស​ពី​ដែន​កំណត់​ជាក់លាក់​ណា​មួយ រុស្ស៊ី​មាន​សិទ្ធិ​ឆ្លើយតប «ដោយ​គ្មាន​ការ​សុំ​ការ​យល់ព្រម​ពី​នរណា​ម្នាក់​និង​ប្រឹក្សា​យោបល់​រយៈពេល​យូរ​ណា​មួយ​ឡើយ»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters