ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ នៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ រូបភាព៖ ដកស្រង់ពីហ្វេសប៊ុកលោក អ៊ុំ រាត្រី។

មន្រ្តីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកឡើងថា គិតត្រឹមថ្ងៃទី២៧កញ្ញានេះ ខេត្តចំនួន៣ មានដូចជា ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ កំពុងរងផលប៉ះពាល់ខ្លាំងជាងគេពីទឹកជំនន់ទឹកភ្លៀង។

លោក សុទ្ធ គឹមកុលមុន្នី មន្រ្តីនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់សារព័ត៌មានខ្មែរណាស់ថា គិតត្រឹមថ្ងៃទី២៧កញ្ញានេះ ទឹកជំនន់បានបន្តកើនឡើងជាបន្តបន្ទាប់ នៅខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ធំ ឧត្តរមានជ័យ និងខេត្តពោធិ៍សាត់ ដែលស្ថានភាពនេះមិនទាន់មានភាពធូរស្រាលនោះទេ ព្រោះរងឥទ្ធិពលពីព្យុះណូរុ។

លោកបន្តថា ខេត្តបន្ទាយមានជ័យរងផលប៉ះពាល់៨ស្រុក ក្នុងនោះធ្វើឱ្យមនុស្សស្លាប់៤នាក់ ដោយសារលង់ទឹក។ ជាមួយគ្នានេះ ធ្វើឱ្យប៉ះពាល់ប្រជាជនជាង៥ពាន់គ្រួសារ ក្នុងនោះជម្លៀសជាង២០០គ្រួសារ និងមួយចំនួនបានវិលត្រឡប់ទៅផ្ទះវិញ។ ចំណែកដំណាំស្រូវបានលិចទឹកជាង៥២០០០ហិកតា និងដំណាំរួមផ្សំជិត៦ពាន់ហិកតា។

ចំណែកខេត្តកំពង់ធំ ជំនន់ទឹកភ្លៀងបានធ្វើឱ្យប៉ះពាល់ដល់ស្រុកចំនួន៧ ក្នុងនោះប៉ះពាល់ប្រជាជនប្រមាណជាង១៥០០០គ្រួសារ ក្នុងនោះជម្លៀសចំនួនជាង២០០គ្រួសារ។

លោកបន្ថែមថា រីឯខេត្តសៀមរាបរងផលប៉ះពាល់ស្រុកចំនួន៨ ក្នុងនោះប្រជាជនប៉ះពាល់ជិត៦ពាន់គ្រួសារ លិចផ្ទះជាង៣ពាន់ខ្នង លិចស្រូវជិត២ម៉ឺនហិកតា និងលិចសាលា៤៦កន្លែង។ លោកឱ្យដឹងថា ខេត្តដែលប៉ះពាល់ធ្ងន់ គឺខេត្តបន្ទាយមានជ័យ កំពង់ធំ និងសៀមរាប។

បើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹកឱ្យដឹងថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ទឹកភ្លៀងនៅតែបន្តធ្លាក់បន្តបន្ទាប់ទៀតក្នុងបរិមាណច្រើន ហើយបរិមាណទឹកច្រើននេះអាចនឹងបង្កជន់លិចបន្ថែមទៀត និងផលប៉ះពាល់កាន់តែកើនឡើង។

យោងតាមក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ឱ្យ​ដឹងថា ឥទ្ធិពល​ព្យុះ​ណូរុ (NORU) នឹងធ្វើឱ្យបណ្ដាខេត្តនៅភាគពាយព្យកម្ពុជា មានដូចជាខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន បូកផ្សំនឹងបរិមាណទឹកភ្លៀង ដែលហូរមកពីប្រទេសថៃបន្ថែម អាចបង្កឱ្យទីទំនាបជាប់ផ្លូវទឹក និងផ្លូវទឹកនៅក្នុងភូមិសាស្រ្ដបណ្ដាខេត្តទាំងនោះ ប្រឈមជំនន់ទឹកភ្លៀងភ្លាមៗ និងជំនន់ដោយបរិមាណទឹកហួសកម្រិត៕