ព្យុះទីហ្វុង ណូរុ បានបោកបក់បំផ្លិចបំផ្លាញយ៉ាងដំណំនៅតាមបណ្ដាខេត្តភាគខាងជើងនៃប្រទេសហ្វីលីពីនកាលពីថ្ងៃចន្ទម្សិលមិញ និងថែមទាំងបានសម្លាប់មនុស្សអស់៨នាក់ ក្នុងនោះរួមទាំងក្រុមជួយសង្គ្រោះ ដែលបានចេញប្រតិបត្តិការព្យាយាមជួយសង្គ្រោះអ្នកភូមិដែលជាប់គាំងដោយសារទឹកជំនន់។

ប៉ូលិសហ្វីលីពីនបានលើកឡើងថា អ្នកជួយសង្គ្រោះរដ្ឋាភិបាលចំនួន៥នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីទូករបស់ពួកគេបានក្រឡាប់លិចដោយសារបានបុកទង្គិះជញ្ជាំងបាក់នៅក្នុងទឹកជំនន់។

ព្យុះទីហ្វុងដ៏ខ្លាំងក្លានេះ បានធ្វើដំណើរចាកចេញពីហ្វីលីពីនទៅកាន់សមុទ្រចិនខាងត្បូងនៅដើមថ្ងៃចន្ទ ដើម្បីឆ្ពោះទៅកាន់ប្រទេសវៀតណាម។ ព្យុះនេះបានបង្ខំឱ្យពលរដ្ឋហ្វីលីពីនរស់នៅលើកោះជិត៨សែននាក់ ត្រូវរត់ទៅរកជម្រកសុវត្ថិភាព។

ប្រទេសវៀតណាមបានប្រកាសឱ្យពលរដ្ឋនៅភាគខាងកណ្ដាលនិងភាគខាងជើងប្រទេស ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះព្យុះទីហ្វុងនេះ ខណៈនៅថ្ងៃអង្គារ ព្យុះណូរុ មានល្បឿនបោកបក់ជាង១៤០គីឡូម៉ែត្រក្នុងមួយ និងធ្វើឱ្យផ្នែកខ្លះនៃសមុទ្រខាងត្បូងមានរលកទឹកកម្ពស់ពី៦ទៅ៨ម៉ែត្រ៕