យោងតាមការវិវត្តជាក់ស្ដែងជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ បានបង្ហាញឱ្យឃើញថា កម្លាំងស្រូបនៃឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ ដែលបានកើតនៅភាគខាងកើតប្រទេសហ្វីលីពីន នឹងធ្វើឱ្យប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយលើភាគខាងជើងកម្ពុជា ចុះថមថយឥទ្ធិពលជាលំដាប់។

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា តាមការព្យាករណ៍ នៅថ្ងៃទី២៧កញ្ញាស្អែកនេះ ព្យុះណូរុនេះ នឹងវិវត្តិទៅជាព្យុះទីហ្វុង នៅពេលបក់ចូលកៀកឆ្នេរភាគកណ្ដាលប្រទេសវៀតណាម ហើយនៅពេលឆ្លងកាត់វៀតណាមនិងអាងទន្លេមេគង្គឡាវ និងថៃ នៅថ្ងៃទី២៨ដល់ថ្ងៃទី៣០កញ្ញា នឹងថមថយជាឥទ្ធិពលជាបន្តបន្ទាប់។ ជាមួយគ្នានេះ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩កញ្ញានេះ ខ្យល់មូសុងនិរតី នឹងបង្កើនល្បឿនបក់ក្នុងកម្រិតពីបង្គួរទៅខ្លាំងមកលើតំបន់មាត់សមុទ្រ។

ក្រសួងធនធានទឹកបញ្ជាក់ថា លក្ខណៈបែបនេះ នឹងធ្វើឱ្យបណ្ដាខេត្តនៅភាគពាយព្យកម្ពុជា មានដូចជាខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០កញ្ញា នឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន បូកផ្សំនឹងបរិមាណទឹកភ្លៀង ដែលហូរមកពីប្រទេសថៃបន្ថែម អាចបង្កឱ្យទីទំនាបជាប់ផ្លូវទឹក និងផ្លូវទឹកនៅក្នុងភូមិសាស្រ្ដបណ្ដាខេត្តទាំងនោះ ប្រឈមជំនន់ទឹកភ្លៀងភ្លាមៗ និងជំនន់ដោយបរិមាណទឹកហួសកម្រិត។

ចំណែកបណ្ដាខេត្តដទៃ និងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លើកលែងតែបណ្ដាខេត្តជាប់មាត់សមុទ្រ គឺខេត្តកោះកុង និងខេត្តព្រះសីហនុ អាចមានភ្លៀងធ្លាក់ច្រើន ហើយនៅលើផ្ទៃសមុទ្រ ក៏មានភ្លៀងធ្លាក់ច្រើន ខ្យល់បោកបក់ខ្លាំង និងរលកទឹកសមុទ្រខ្ពស់ៗ។ បន្ថែមពីនេះ ភ្លៀងនឹងបន្តធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គ ដែលអាចធ្វើឱ្យទឹកទន្លេមេគង្គ ងើបកើនឡើងវិញជាបន្តបន្ទាប់៕