រូបភាព៖ ហ្វេសប៊ុក

បច្ចុប្ប្នន្នវិស័យចិញ្ចឹមសត្វគោនៅកម្ពុជាមានការរីកចម្រើន ប៉ុន្តែក្នុងនោះកសិករក៏ប្រឈមបញ្ហាចំណីរោងចក្រឡើងថ្លៃដែរ។ ដើម្បីចិញ្ចឹមសត្វទទួលបានចំណេញច្រើន កសិករត្រូវចេះបច្ចេកទេសកែច្នៃចំណី ដោយខ្លួនឯង។

ដើម្បីកែច្នៃចំណីគោ កសិករត្រូវអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម ៖

 ការធ្វើផ្អកស្មៅជាចំណីបំប៉នគោក្របី

ផ្អកស្មៅ គីជាស្មៅ ឬរុក្ខជាតិនៅស្រស់ ដែលកាត់ជាកំណាត់ល្អិតៗ ហើយរក្សាទុកនៅកន្លែងគ្មានខ្យល់ ដោយដាក់ក្នុងធុងបិទជិត ឬថង់ប្លាស្ទិកបិទជិត។

ផ្អកស្មៅមានសារធាតុបំប៉ន និងជួយឱ្យគោក្របីលូតលាស់លឿន អាចរក្សាទុកបានយូរ ជាពិសេសទុកប្រើប្រាស់នៅរដូវខ្វះចំណី។

កសិករអាចផលិតបរិមាណទឹកមេផ្អកស្មៅ ដោយខ្លួនឯងអាស្រ័យលើតម្រូវការជាក់ស្តែង ផលិតផ្អកស្មៅជាចំណីគោ ឫចំណីក្របី។ ទឹកមេផ្អកស្មៅនេះ អាចរក្សាទុកបានរយៈពេលមួយសប្តាហ៍ ប៉ុណ្ណោះ។

សមាសធាតុផលិតមេផ្អកស្មៅមានដូចជា ស្មៅស្រស់កន្លះគីឡូក្រាម ស្ករ២ក្រាម ទឹកសុទ្ធកន្លះលីត្រ ដបទឹកចំណុះ១លីត្រ វាស់កំហាប់ប៉េហាស់(PH) ។

រូបភាព៖ ហ្វេសប៊ុក

បន្ទាប់មកកសិករត្រូវយកស្មៅស្រស់កន្លះគីឡូក្រាមមកបុកឱ្យម៉ត់ ពួតយកទឹកស្មៅ និងច្រោះឱ្យបានស្អាត ជាមួយតម្រងក្រណាត់ស្អាត ដែលមិនជាប់សារធាតុផ្សេងៗ។

ក្រោយមកយកទឹកស្មៅ ដែលច្រោះបានទៅលាយជាមួយស្ករ ទម្ងន់២ក្រាម និងទឹកចំណុះកន្លះលីត្រ បន្ទាប់មកច្រកចូលទៅក្នុងដបកែវស្អាត រួចបិទដបឱ្យជិតមិនឱ្យមានខ្យល់ចេញចូល។

ត្រូវរក្សាទុកទឹកមេផ្អកស្មៅ នៅកន្លែងដែលត្រជាក់ល្មមក្នុងរយៈពេល៣ ថ្ងៃ បន្ទាប់មកត្រូវយកដបទៅពិនិត្យមើលគុណភាព និងវាស់កំហាប់របស់ទឹកមេផ្អកស្មៅ។

បន្ទាប់មកកសិករត្រូវយកមេផ្អកស្មៅ១ដប ទៅលាយបន្ថែមជាមួយទឹក១០លីត្រមុនសិន ទើបអាចលាយធ្វើជាផ្អកស្មៅបាន។

ដំណើរការ នៃការធ្វើផ្អកស្មៅ កសិករត្រូវច្រូតស្មៅស្រស់ៗ រួចដាក់ហាលឱ្យស្រពាប់ ហាន់ ឬកាប់ចិញ្ច្រាំឱ្យល្អិតតូចៗ បាញ់ទឹកមេផ្អកស្មៅ ដែលលាយទឹករួចឱ្យល្អ ក្នុងបរិមាណកន្លះលីត្រ ក្នុងស្មៅចំនួន២០គីឡូក្រាម។ រួចច្រកចូលធុងមានថង់ប្លាស្ទិកខាងក្នុង ដោយជាន់បង្ហាប់ឱ្យណែន និងរក្សាទុកយ៉ាងយូរចំនួន៣អាទិត្យ។

ការផ្តល់ឱ្យគោស៊ី ឬក្របីស៊ី

កសិករអាចផ្តល់ចំណីផ្អកស្មៅ ឱ្យគោក្របីស៊ី ជារៀងរាល់ថ្ងៃតាមបរិមាណដែលមាន។ គោក្របី១ ក្បាល អាចស៊ីផ្អកស្មៅចំនួន១គីឡូក្រាម ក្នុង១ថ្ងៃ ដោយលាយជាមួយចំនួនផ្សេងៗ មានដូចជា ចំបើង ស្មៅ ជាដើម។

ជាមួយគ្នានេះដែរ កសិករគួរផ្តល់ផ្អកស្មៅដល់សត្វមេកំពុងបំបៅកូន ភ្ជួររាស់ អូសទាញ និងបំប៉នសាច់លក់ជាដើម។

គួរបញ្ជាក់ថា ដំណាំដែលអាចលាយជាមួយផ្អកស្មៅ ដើម្បីធ្វើជាចំណីគោ ក្របី បាន មានដូចជា ចំបើង ស្លឹកដំឡូងមី និងចំណិតមើមដំឡូងមី៕