សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារ ឌីជីប៊ី (DGB) នៅថ្ងៃទី២២ កញ្ញា បានចុះកិច្ចព្រមព្រៀងជាផ្លូវការ លើការធានាឥណទាន ដើម្បីបង្កើនការគាំទ្រដល់អាជីវកម្មនៅគ្រប់កម្រិតទាំងអស់នៅប្រទេសកម្ពុជាដែលខ្វះខាតទ្រព្យបញ្ចាំ។រូបភាព៖ CGCC

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារ ឌីជីប៊ី (DGB) នៅថ្ងៃទី២២ កញ្ញា បានចុះកិច្ចព្រមព្រៀងជាផ្លូវការ លើការធានាឥណទាន ដើម្បីបង្កើនការគាំទ្រដល់អាជីវកម្មនៅគ្រប់កម្រិតទាំងអស់នៅប្រទេសកម្ពុជាដែលមានតម្រូវការកម្ចីផ្លូវការប៉ុន្តែខ្វះខាតទ្រព្យបញ្ចាំ។

ភាពជាដៃគូលើការធានាឥណទាននេះ នឹងធ្វើឱ្យធនាគារឌីជីប៊ី ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមទី២៤របស់ CGCC ក្នុងការផ្តល់នូវកម្ចីដែលមានការធានាដល់ក្រុមហ៊ុន/អាជីវកម្ម ជាពិសេសសហគ្រាសខ្នាតតូចនិងមធ្យម ដែលខ្វះខាតទ្រព្យបញ្ចាំសម្រាប់ជាទុនបង្វិល និងពង្រីកអាជីវកម្ម។

លោក Wong Keet Loog អគ្គនាយក CGCC។រូបភាព៖​ CGCC

លោក Wong Keet Loog អគ្គនាយក CGCC បានឱ្យដឹងថា ទំហំការធានាឥណទានក្នុងរយៈពេល៦ខែចុងក្រោយនេះ កំពុងកើនឡើងគួរឱ្យកត់សម្គាល់ ដែលបង្ហាញថា ការធានាឥណទានបានគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យមកក្នុងការទទួលបានកម្ចី ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ពួកគេ។ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមទាំងអស់អាចមានលទ្ធភាព ផ្តល់កម្ចីជាមួយនឹងការចែករំលែកហានិភ័យរបស់ CGCC។

លោក Wong ថ្លែងដូច្នេះថា៖«កិច្ចសហការជាមួយនឹងធនាគារ ឌីជីប៊ី នឹងពង្រឹងបន្ថែមលើការផ្សព្វផ្សាយរបស់យើង ដើម្បីជួយគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម តាមរយៈបណ្តាញសាខារបស់ធនាគារឌីជីប៊ី។ យើងរីករាយដែល ធនាគារឌីជីប៊ី យល់ច្បាស់អំពីអត្ថប្រយោជន៍នៃការធានាឥណទាន ដើម្បីគាំទ្រដល់កំណើននៃការផ្តល់ប្រាក់កម្ចី និងទម្ងន់ហានិភ័យរបស់ធនាគារ»។

លោក អ៊ុល ដេតសុខុម ប្រធាននាយកប្រតិបត្តិ ធនាគារ ឌីជីប៊ី។រូបភាព៖​ CGCC

លោក អ៊ុល ដេតសុខុម ប្រធាននាយកប្រតិបត្តិ ធនាគារ ឌីជីប៊ី ថ្លែងថា ធនាគារ ឌីជីប៊ី ពិតជាមានក្តីសោមនស្សរីករាយដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទានជាមួយ CGCC ពីព្រោះធនាគារអាចចូលរួមចំណែកក្នុងការគាំទ្រដល់ការរីកចម្រើនរបស់អាជីវកម្ម និងសេដ្ឋកិច្ចកម្ពុជានៅក្នុងថ្នាក់តំបន់អាស៊ីអាគ្នេយ៍។

លោកថ្លែងដូច្នេះថា៖«ពួកយើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមគម្រោងធានាឥណទានរបស់រាជរដ្ឋាភិបាល និងដើម្បីគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យម ដែលមិនអាចឬពិបាកទទួលបានប្រភពមូលធុនជាមួយនឹងទ្រព្យបញ្ចាំដែលមានកម្រិត»។

សហគ្រាសខ្នាតតូចនិងមធ្យម អាចស្នើកម្ចីទៅកាន់ធនាគារឌីជីប៊ី ដោយមិនចាំបាច់មានទ្រព្យបញ្ចាំ ឬអាចទទួលបានទំហំកម្ចីច្រើនជាងមុនជាមួយនឹងតម្លៃទ្រព្យបញ្ចាំដូចគ្នា ដែលអាចទទួលបានពីកម្ចីដែលមិនមានការធានា។

គិតត្រឹមថ្ងៃចុងខែសីហា ឆ្នាំ២០២២នេះ CGCC បានផ្តល់ការធានាឥណទាន ដល់ក្រុមហ៊ុន/អាជីវកម្មសរុបចំនួន៦៦១ ក្នុងទំហំទឹកប្រាក់ប្រហាក់ប្រហែល ៦៤,៨ លានដុល្លារអាមេរិក ដែលក្នុងនោះ ៩៥% នៃចំនួនក្រុមហ៊ុន/អាជីវកម្មដែលទទួលការធានាសរុប បានផ្តល់ជូនទៅសហគ្រាសធុនតូចនិងមធ្យម (SMEs)៕