ក្រុមហ៊ុនធានារ៉ាប់រង ព្រូដិនសល កម្ពុជា បានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៃម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រងជាលើកដំបូង ក្នុងទីផ្សារធានារ៉ាប់រងនៅកម្ពុជា។រូបភាព៖ ព្រូដិនសល កម្ពុជា

វិស័យធានារ៉ាប់រងនៅកម្ពុជាកំពុងវិវត្តឆ្ពោះទៅមុខយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងកំណើនទ្រព្យសកម្មសរុបជាង៨០០លានដុល្លារកាលពីឆ្នាំ២០២១។

លោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថ្លែងក្នុងសិក្ខាសាលាស្តីពីតួនាទីនៃវិស័យធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជាកាលពីថ្ងៃទី២២កញ្ញាថា វិស័យធានារ៉ាប់រង កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងដំណាក់កាលចុងក្រោយនេះ ដែលមានបុព្វលាភដុលកើនដល់ជិត៣០០លានដុល្លារនៅឆ្នាំ២០២១។

លោកបណ្ឌិត គង់ ម៉ារី ក៏ជាអគ្គលេខាធិការនៃគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ថ្លែងទៀតថា បច្ចុប្បន្ន ក្រុមហ៊ុនធានារ៉ាប់រងចំនួន៤០ ដែលកំពុងដំណើរការអាជីវកម្មនៅក្នុងទីផ្សារធានារ៉ាប់រង ជាមួយទ្រព្យសកម្មសរុប៨៤៥លានដុល្លារ និងមូលនិធិភាគទុនិកប្រមាណ៣៧៨លានដុល្លារ។ បន្ថែមពីនេះ វិស័យធានារ៉ាប់រងបានរួមវិភាគទានក្នុងសេដ្ឋកិច្ច ១,១១% ជាមួយនឹងដង់ស៊ីតេធានារ៉ាប់រង១៨,៧៥ដុល្លារក្នុងមនុស្សម្នាក់ក្នុងឆ្នាំ២០២១។

លោកថ្លែងដូច្នេះថា៖«ការផ្តល់សេវាហិរញ្ញវត្ថុឌីជីថល ក៏បានចូលរួមចំណែកយ៉ាងខ្លាំងដល់វិស័យហិរញ្ញវត្ថុមិនមែនធនាគារ និងវិស័យហិរញ្ញវត្ថុវិមជ្ឈការកំពុងតែស្ទុះងើបឡើងខ្លាំងផងដែរ។ នៅកម្ពុជា វិស័យហិរញ្ញវត្ថុមិនមែនធនាគារ រួមមាន វិស័យធានារ៉ាប់រង មូលបត្រ របបសន្តិសុខសង្គម បរធនបាលកិច្ច គណនីនិងសវនកម្ម អចលនទ្រព្យ និងបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន»។

ក្នុងចំណោមប្រាក់ចំណូលសរុបពីការលក់ធានារ៉ាប់រងជិត៣០០លានដុល្លារ គឺការទិញធានារ៉ាប់រងអាយុជីវិតមាន ៧២,៨លានដុល្លារ កើន៩,៧% បុព្វលាភធានារ៉ាប់រងទូទៅចំនួន ៥៧,៩សែនដុល្លារ កើន១៧,៥% និងបុព្វលាភធានារ៉ាប់រងខ្នាតតូចចំនួន២,៨លានដុល្លារ ថយចុះ ១៧,៧%។ នេះបើតាមសមាគមធានារ៉ាប់រងកម្ពុជា (IAC)។

សព្វថ្ងៃ ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់នៅកម្ពុជា កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីគាំទ្រដល់សេវាកម្មធានារ៉ាប់រងឌីជីថល នៅក្នុងទីផ្សារធានារ៉ាប់រងនៅកម្ពុជា។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនធានារ៉ាប់រង ព្រូដិនសល កម្ពុជា បានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៃម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រងជាលើកដំបូង ក្នុងទីផ្សារធានារ៉ាប់រងនៅកម្ពុជា ក្នុងគោលបំណងដើម្បីបង្កើនភាពងាយស្រួលទៅដល់អតិថិជនក្នុងការទិញផលិតផលធានារ៉ាប់រង។

ម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រងនេះ គឺជានវានុវត្តថ្មីមួយដែលអនុញ្ញាតឱ្យអតិថិជនជាវផលិតផលធានារ៉ាប់រងបានដោយពុំចាំបាច់ទៅកាន់ទីស្នាក់ការក្រុមហ៊ុនធានារ៉ាប់រងដោយផ្ទាល់នោះទេ។

នៅក្នុងឆ្នាំ ២០២២នេះ ក្រុមហ៊ុននេះនឹងដាក់ឱ្យប្រើប្រាស់ជាដំណាក់កាលដំបូងចំនួន ប្រមាណ៥០គ្រឿង នៅលើទីផ្សារធានារ៉ាប់រងជាមុនសិន ដើម្បីទទួលបានបទពិសោធន៍ពីអ្នកប្រើប្រាស់ មុននឹងធ្វើការដាក់ចេញឱ្យមាននៅទូទាំងប្រទេស ដែលក្រុមហ៊ុនគ្រោងនឹងធ្វើនៅឆ្នាំបន្តបន្ទាប់។

ជាមួយគ្នានេះ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (Dai-ichi Life) បានប្រកាសដាក់សម្ពោធផលិតផល “ប្រាយ ឡាយហ្វ៍” ដែលជាគម្រោងធានារ៉ាប់រងអាយុជីវិតបែបឌីជីថលដំបូងរបស់ក្រុមហ៊ុននៅកម្ពុជា។

តាមរយៈផលិតផលនេះ អតិថិជន អាចទិញគម្រោងធានារ៉ាប់រងអាយុជីវិតនេះ តាមរយៈប្រព័ន្ធអ៊ិនធឺណិត និងទទួលបានការការពារយ៉ាងឆាប់រហ័ស។

បើយោងតាមទិន្នន័យពីសមាគមធានារ៉ាប់រងកម្ពុជា (IAC) វិស័យធានារ៉ាប់រងនៅកម្ពុជាក៏បានផ្តល់សំណងត្រឡប់ជូនអតិថិជនក្នុងទឹកប្រាក់ ៤១,២សែនដុល្លារនៅឆ្នាំ២០២១។ ក្នុងនោះ សំណងធានារ៉ាប់រងអាយុជីវិតមាន ១០,៦សែនដុល្លារ (សំណងលើការស្លាប់ប្រមាណ ៨,៣សែនដុល្លារ) សំណងធានារ៉ាប់រងទូទៅ ២៩,៧សែនដុល្លារ និងសំណងធានារ៉ាប់រងខ្នាតតូច ៧៦ម៉ឺនដុល្លារ៕