កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២២កញ្ញា មានករណីលិចទូកមួយគ្រឿង ស្ថិតនៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។ រូបភាព៖ ហ្វេសប៊ុក លោក ឃាង ភារម្យ​

កងកម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹកនៃរដ្ឋបាលខេត្តព្រះសីហនុកំពុងប្រតិបត្តិការស្វែងរកជនរងគ្រោះបាត់ខ្លួនទាំង២៣នាក់ដែលបានលិចទូកនៅផ្ទៃសមុទ្រ កាលពីថ្ងៃទី២២ កញ្ញាម្សិលមិញ។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបង្ហោះនៅគេហទំព័រផ្លូវការរបស់លោកនៅថ្ងៃសុក្រនេះថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២២កញ្ញា មានករណីលិចទូកមួយគ្រឿង ស្ថិតនៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។

លោកបន្តថា បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំកម្លាំងអង្គភាពបង្រ្កាបចំនួន១៦នាក់ និងមធ្យោបាយចំនួន២គ្រឿងចេញទៅជួយសង្រ្គោះ និងសង្រ្គោះមនុស្សបានចំនួន១៨នាក់។

ក្រោយពីបានធ្វើការសាកសួរជនរងគ្រោះជាជនជាតិចិន បានប្រាប់ថា នៅលើទូកមានជនជាតិចិនសរុបចំនួន ៤១នាក់ ស្រី៣នាក់ សង្រ្គោះបាន១៨នាក់ បាត់ខ្លួនចំនួន២៣នាក់ ស្រី៣នាក់។

បច្ចុប្បន្នជនរងគ្រោះទាំង១៨នាក់ កំពុងស្នាក់នៅបណ្ដោះអាសន្ននៅវរសេនាតូចលេខ២៤០ កោះរ៉ុង ដើម្បីសួរនាំ និងកំពុងស្វែងរកជនរងគ្រោះបាត់ខ្លួន២៣នាក់បន្តទៀត។

រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសដល់ក្រុមជួយសង្គ្រោះ ឬទូកនេសាទទាំងអស់ ក្នុងករណីសង្គ្រោះបានជនរងគ្រោះម្នាក់ នឹងទទួលបានថវិកាលើកទឹកចិត្ត២លានរៀន៕