រូបភាព៖ ស្នងការខេត្តបន្ទាយមានជ័យ

គិតត្រឹមថ្ងៃទី២៣កញ្ញានេះ ដំណាំស្រូវដែលរងផលប៉ះពាល់ពីទឹកជំនន់នៅទូទាំងប្រទេស មានចំនួន ៦១,៦៥៣ហិកតា ក្នុងនោះខូចខាតចំនួន ២១,២៦៤ ហិកតា ខណៈខេត្តកំពង់ធំ ជាខេត្តដែលរងផលប៉ះពាល់ច្រើនជាងគេ។ នេះបើតាមលោក សុទ្ធ គឹមកុលមុន្នី។

លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២៣កញ្ញនេះថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្លៀងបន្តធ្លាក់ ក្នុងបរិមាណច្រើន នៅតាមខេត្តមួយចំនួន មានដូចជា បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងកំពង់ធំ ដែលធ្វើឱ្យជន់លិចតំបន់មួយចំនួន។

លោកថ្លែងដូច្នេះថា៖«ធ្វើឱ្យមានផលប៉ះពាល់ដល់ដំណាំស្រូវ និងប្រជាពលរដ្ឋ ប៉ុន្តែស្ថានភាពមិនធ្ងន់ធ្ងរនោះទេ។ បើសិនជាស្ថានភាពទឹកភ្លៀង អាចរាំង និងទឹកថយចុះលឿន ហើយដំណាំស្រូវអាចល្អឡើងវិញ ហើយបើស្ថានភាពនៅតែបន្តធ្លាក់ច្រើន អាចនឹងមានទឹកជំនន់បន្ថែមទៀត ហើយអាចបង្កប៉ះពាល់ច្រើនជាងនេះទៀត»។

លោកបន្តថា គិតមកដល់ពេលនេះ ស្ថានភាពទឹកជំនន់នៅតាមដងស្ទឹងសែន ក្នុងខេត្តកំពង់ធំ ត្រូវបានប្រកាសឱ្យមានការប្រុងប្រយ័ត្នជាលើកទី៤ នៅត្រង់ចំណុចស្ថានីយន៍សណ្តាន់ និងស្ថានីយន៍កំពង់ធំ។

លោកបញ្ជាក់ថា ដើម្បីទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់ទៅលើអាយុជីវិតប្រជាជន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមលក្ខណៈជានិច្ច ដោយមានរៀបចំកម្លាំង មធ្យោបាយប្រចាំការ តាមដានសភាពការណ៍ និងត្រៀមចេញសង្គ្រោះប្រជាជន ក្នុងករណីមានទឹកជំនន់កើតឡើងភ្លាមៗ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២០កញ្ញានេះ បានឱ្យដឹងថា កម្ពុជានឹងបន្តរងឥទ្ធពលពីជ្រលងនៃប្រព័ន្ធសម្ពាធ ដែលនឹងបណ្តាលឱ្យភ្លៀងបន្តធ្លាក់ទូទាំងប្រទេសពីកម្រិតតិចទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៤ ដល់២៧ ខែកញ្ញាខាងមុខនេះ។

ក្រសួងក៏បានអំពាវនាវឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋ មានប្រុងប្រយ័ត្នចំពោះទឹកជំនន់ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត និងជំនន់ទឹកភ្លៀង ដែលបន្តធ្លាក់បន្ថែមថ្មីផ្ទួនៗទៀត ជាពិសេសនៅភូមិសាស្ត្រនៃតំបន់ជាប់ជួរភ្នំ ទំនាប់ជាប់ក្បែរផ្លូវទឹក និងភូមិសាស្ត្រជាប់ព្រំដែនថៃ៕