រូបភាព៖ផ្តល់ឱ្យ ដោយលោក ស៊ីង រ៉ាមី

យុវជនវ័យ២៤ឆ្នាំ ដែលស្រលាញ់វិស័យកសិកម្ម បានបើកក្រុមហ៊ុនលក់គ្រឿងកសិកម្ម នាំចូលពីប្រទេសជប៉ុន ដោយសារសង្កេតឃើញវិស័យចិញ្ចឹមសត្វកំពុងមានការរីកច្រើននាពេលបច្ចុប្បន្ន។

លោក ស៊ីង រ៉ាមី ម្ចាស់ក្រុមហ៊ុន ស៊ីង រ៉ាមី លក់គ្រឿងកសិកម្ម បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២២កញ្ញានេះថា ដោយសារមានចិត្តស្រលាញ់វិស័យកសិកម្ម លោកបានសម្រេចចិត្តបើកក្រុមហ៊ុនលក់គ្រឿងចក្រកសិកម្ម ដែលផ្តោតសំខាន់លើម៉ាស៊ីនផលិតចំណីសត្វ មានដូចជា ម៉ាស៊ីនសូន្យចំណី ម៉ាស៊ីនកិនស្មៅ ម៉ាស៊ីនកិនស្រូវ និងម៉ាស៊ីនកិនកន្ទក់។

រូបភាព៖ ផ្តល់ឱ្យដោយ លោក ស៊ីង រ៉ាមី

លោកបន្តថា មូលហេតុដែលលោកដាក់លក់ប្រភេទម៉ាស៊ីនផលិតចំណីសត្វទាំងនេះ ដោយសារចង់ឱ្យកសិករប្រកបមុខរបរចិញ្ចឹមសត្វមានភាពងាយស្រួល ក្នុងការធ្វើចំណីឱ្យសត្វ និងកាត់បន្ថយការចំណាយច្រើនទៅលើចំណីរោងចក្រ។

លោកថ្លែងដូច្នេះថា៖«បច្ចុប្បន្នមានការគាំទ្រច្រើនដែរ ក្នុងមួយខែយ៉ាងអន់អាចលក់ចេញបានចំនួនជាង២០គ្រឿង ដែលកសិករមកពីគ្រប់ខេត្តក្រុងនៅទូទាំងប្រទេស ដោយតម្លៃតាមប្រភេទម៉ាស៊ីន មានចាប់ពី៣៧០ដុល្លារ រហូតដល់២ពាន់ដុល្លារក៏មានដែរ ទៅតាមប្រភេទម៉ាស៊ីននីមួយៗ តាមតូច តាមធំ»។

លោកបន្តថា កន្លងមក លោកមិនបានរៀនផ្នែកកសិកម្មនោះទេ ប៉ុន្តែដោយសារមានចិត្តស្រលាញ់ផ្នែកវិស័យកសិកម្ម ទើបលោកជ្រើសរើសមុខរបរលក់គ្រឿងកសិកម្ម ដល់កសិករ ខណៈវិស័យចិញ្ចឹមសត្វនៅកម្ពុជាបច្ចុប្បន្ន កំពុងមានការរីកច្រើន។

លោកថ្លែងដូច្នេះថា៖«ខ្ញុំអត់បានរៀនផ្នែកវិស័យកសិកម្មអ្វីនោះទេ គ្រាន់តែខ្ញុំកន្លងមកតាមដានក្រុមហ៊ុនផ្សេងៗវិនិយោគទៅលើផ្នែកកសិកម្ម ហើយខ្ញុំចូលចិត្តផ្នែកហ្នឹង។ ខ្ញុំចាប់ផ្តើមធ្វើផ្នែកកសិកម្មម្តងតិចៗ យូរទៅកាន់តែស្រលាញ់ ហើយតែងតែចង់ពង្រីកការងារក្នុងផ្នែកកសិកម្ម»។

រូបភាព៖ ហ្វេសប៊ុក ស៊ីង រ៉ាមី-Sing Rame

លោកបន្តថា ក្រៅពីមុខរបរលក់គ្រឿងកសិកម្ម លោកក៏កំពុងចិញ្ចឹមគោពូជប្រាម៉ាន់ចំនួន៣០ក្បាល នៅកសិដ្ឋានមួយស្ថិតនៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលពូជគោនេះ ត្រូវបាននាំចូលពីប្រទេសថៃ។ លោកថា ដើម្បីចិញ្ចឹមគោឱ្យលូតលាស់ល្អ កសិករត្រូវជ្រើសរើសពូជល្អមកចិញ្ចឹម និងមើលថែគោឱ្យបានដិតដល់បំផុត។

លោកថ្លែងដូច្នេះថា៖«ការចិញ្ចឹមគោ ត្រូវមើលថែឱ្យបានដិតដល់បំផុត នៅពេលដែលគោញីរកឈ្មោលត្រូវតាមដានវាឱ្យបានមែនទែន ហើយជាពិសេសបំផុត ត្រូវជ្រើសរើសពូជឱ្យបានត្រឹមត្រូវ បើយើងជ្រើសរើសពូជត្រូវ យើងទទួលបានផលតាមហ្នឹងដែរ»។

លោកបន្តថា មេពូជគោប្រាម៉ាន់ គឺបាននាំចូលពីប្រទេសថៃ មានតម្លៃ៥ពាន់ដុល្លារក្នុង១ក្បាល ហើយកូនរបស់វាដែលមានអាយុ៤ខែ មានតម្លៃ៥ពាន់ដុល្លារក្នុង១ក្បាល។ លោកបន្ថែមថា បច្ចុប្បន្នមានកសិករច្រើនបានងាកមកចាប់មុខរបរចិញ្ចឹមសត្វ ប៉ុន្តែត្រូវចំណាយថ្លៃដើមច្រើន បើកសិករមិនចេះធ្វើចំណីដោយខ្លួនឯង។

លោកថ្លែងដូច្នេះថា៖«វិស័យចិញ្ចឹមសត្វក្នុងប្រទេសយើង ប្រសិនជាកសិកអាចមានលទ្ធភាពផលិតចំណីដោយខ្លួនឯងបាន គឺល្អ ដោយសារអាចកាត់បន្ថយការចំណាយទៅលើចំណីទិញស្រាប់។ បើសិនជាយើងមានម៉ាស៊ីនផលិតចំណី គឺស្រួលយើងចង់ធ្វើខ្លួនឯងអត់សូវចំណាយថ្លែដើមច្រើន»។

ក្រុមហ៊ុន ស៊ីង រ៉ាមី លក់គ្រឿងកសិកម្ម បានបើកដំណើរការជាង១ ឆ្នាំហើយ ដែលមានទីតាំងស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយទៅថ្ងៃអនាគត លោកមានផែនការពង្រីកសាខាលក់ នៅទូទាំងប្រទេស៕

រូបភាព៖ ហ្វេសប៊ុក ស៊ីង រ៉ាមី-Sing Rame