នៅចុងឆ្នាំ២០២២នេះ អតិថិជន និងប្រជាជនថៃ អាចទូទាត់ជាប្រាក់បាតថៃ នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការស្កែនឃ្យូអរកូត (QR Code)។រូបភាព​៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី​

ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ប្រកាស​ជា​សាធារណៈ​ នៅ​​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ​ថា ខ្លួន​ត្រូវ​បាន​ជ្រើសរើស​ជា ធនាគារ​ទំនាក់ទំនង (Sponsoring Bank) សម្រាប់​ការទូទាត់​ប្រាក់​រៀល​ឆ្លងដែន តាម​ឃ្យូអរកូដ (QR Code) ជា​មួយ​បណ្តា​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​អាស៊ានគឺ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម និង​សាធារណរដ្ឋ​ប្រជាធិប​តេយ្យ​ប្រជាមានិត​ឡាវ។

ការប្រកាសនេះ​ គឺ​បន្ថែម​លើ​ការទូទាត់​ប្រាក់​រៀល​ឆ្លង​ដែន​តាម​រយៈ​ឃ្យូអរកូដ (QR Code) ជា​មួយ​ព្រះរាជាណាចក្រ​ថៃ ដែល​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បី​ជំរុញ​ការប្រើប្រាស់​ប្រាក់​រៀល​ឲ្យ​កាន់​តែ​ទូលំទូលាយ បង្កភាព​ងាយស្រួល​ក្នុង​ការទូទាត់ នៅ​តាម​បណ្តាប្រទេស​ជា​សមាជិក​អាស៊ាន ព្រមទាំង​ ​ដើម្បី​ជំរុញ​បរិយាបន្ន​ហិរញ្ញវត្ថុ​អាស៊ាន ស្រប​តាម​ទិសដៅ​សមាហរណកម្ម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី។​រូបភាព៖ ធូ វិរៈ​

លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា៖ «ជា​មួយ​នឹង​ការត្រៀម​ខ្លួន​រួច​ជា​ស្រេច​នូវ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ធនាគារ​ជាតិ នៃ កម្ពុជា បាន​ជ្រើសរើស​យក ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ទំនាក់ទំនង​សម្រាប់​ការទូទាត់​ប្រាក់​រៀល​ឆ្លង​ដែន​តាម​ QR Code ជា​មួយ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ក្នុង​គោលដៅ​លើក​កម្ពស់​ការទូទាត់​ប្រាក់​រៀល​ឲ្យ​កាន់​តែ​ទូលំទូលាយ​ក្នុង​តំបន់​អាស៊ាន និង​ដើម្បី​ជំរុញ​បរិយាបន្ន​ហិរញ្ញវត្ថុ​អាស៊ាន ស្រប​តាម​ទិសដៅ​សមាហរណកម្ម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន»។

លោកបណ្ឌិត បាន​បន្ត​ថា កាល​ពី​ខែកុម្ភៈ ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង Siam Commercial Bank (SCB) ត្រូវ​បាន​ជ្រើសរើស​ជា​ធនាគារ​ទំនាក់ទំនង ដើម្បី​សហការ​គ្នា​គាំទ្រ​លើ​ការទូទាត់​តាម​រយៈ​ប្រព័ន្ធ​ឃ្យូអរកូដ (QR Code) ឆ្លង​ដែន ដោយ​អតិថិជន និង​ប្រជាជន​កម្ពុជា​អាច​ទូទាត់​ជា ប្រាក់រៀល នៅ​ក្នុង​ព្រះរាជាណាចក្រ​ថៃ តាម​រយៈ​ការស្កែន​ឃ្យូអរកូដ (QR Code)។

នៅចុងឆ្នាំ២០២២​នេះ អតិថិជន និង​ប្រជាជន​ថៃ អាច​ទូទាត់​ជា​ប្រាក់​បាត​ថៃ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​ការស្កែន​ឃ្យូអរកូដ (QR Code)។

បន្ថែម​លើ​ការទូទាត់​ប្រាក់រៀល តាម​ឃ្យូអរកូដ (QR Code) នៅ​ព្រះរាជាណាចក្រ​ថៃ ដែល​កំពុង​ដំណើរការ ធនាគារ អេស៊ីលីដា ​កំពុង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ដំណើរការ​ការទូទាត់​ប្រាក់រៀល​ឆ្លងដែន​នៅសាធារណរដ្ឋ​សង្គម​និយម​វៀតណាម និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ តាម​រយៈ​ការប្រើប្រាស់ ឃ្យូអរកូដ (QR Code) ដែល​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុង​ឆ្នាំ២០២២នេះ។

ជំហានបន្ទាប់ ធនាគារ អេស៊ីលីដា គ្រោង​នឹង​សហការ​ជា​មួយ​បណ្តា​ប្រទេស​ដទៃ​ទៀត ដែល​ជា​សមាជិក​អាស៊ាន ដើម្បី​បន្ត​ពង្រីក​ការទូទាត់​ប្រាក់រៀល នៅ​តំបន់​អាស៊ាន​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​បន្ថែម​ទៀត ដើម្បី​សម្រួល​ដល់​ការទូទាត់ កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ និង​ជួយ​ជំរុញ​បរិយាបន្ន​ហិរញ្ញវត្ថុ​អាស៊ាន៕