លោក ង៉ាយ ម៉េងលី អគ្គនាយកក្រុមហ៊ុន រីថាយអឺរមេន ហូម & រីសត អ៊ិនវេសម៉ិន អភវិឌ្ឍ ភូមិកសិគំរូដោយក្តីស្រលាញ់របស់លោក ផ្សារភ្ជាប់នឹងធម្មជាតិនិងកសិកម្ម។រូបភាពផ្តល់ដោយ ភូមិកសិគំរូ

ភូមិកសិ.គំរូ ជាគម្រោងអភិវឌ្ឍន៍ភូមិបៃតងផ្តោតលើការដំណាំហូបផ្លែសរីរាង្គ កសិទេសចរណ៍ និងអចលនទ្រព្យមានទីតាំងជាប់ផ្លូវក្រវ៉ាត់ខេត្តដែលជាតំបន់មានសក្តានុពលទេសចរណ៍ និងកសិកម្មនៅភាគឦសាន្តប្រទេស។

គម្រោង ភូមិកសិ.គំរូ អភិវឌ្ឍដោយ ក្រុមហ៊ុន រីថាយអឺរមេន ហូម & រីសត អ៊ិនវេសម៉ិន ឯ.ក ត្រូវបានបង្កើតឡើងនៅក្នុងខែមីនា ឆ្នាំ២០២០។

នេះគឺជាភូមិបៃតង ផ្តោតលើការអភិវឌ្ឍលើការដាំដុះដំណាំហូបផ្លែសរីរាង្គ កសិទេសចរណ៍ និងកសិឧស្សាហកម្ម ស្ថិតនៅផ្លូវក្រវ៉ាត់ខេត្តតភ្ជាប់រវាងខេត្ត៣គឺសៀមរាប ឧត្តរមានជ័យ និងព្រះវិហារ។

លោក ង៉ាយ ម៉េងលី អគ្គនាយកក្រុមហ៊ុន រីថាយអឺរមេន ហូម & រីសត អ៊ិនវេសម៉ិន បានប្រាប់សារព័ត៌មានខ្មែរណាស់ថា ភូមិកសិគំរូ ត្រូវបានអភិវឌ្ឍដោយក្តីស្រលាញ់របស់លោក ផ្សារភ្ជាប់នឹងធម្មជាតិនិងកសិកម្ម។ ភូមិកសិគំរូជាគម្រោងឡូត៍ចម្ការ ដែលមានដាំដំណាំត្របែកសរីរាង្គសម្រេចបាន៣០% នៅលើផ្ទៃ១០០ហិកតា ស្ថិតនៅ ភូមិត្រពាំងពពែល  ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកថ្លែងដូច្នេះថា៖«ភូមិកសិ.គំរូ មានពូជត្របែក៣ប្រភេទគឺ តៃវ៉ាន់ គីមជូ និងរ៉ូប៊ី។ ផ្លែត្របែកផ្តល់ទិន្នផលច្រើននិងឆាប់ឱ្យផល ហើយមនុស្សភាគច្រើនចូលចិត្តញ៉ាំវាដែលយើងហូបស្រស់ឬកៀបទឹកញុំាក៏បាន»។

លោកបានឱ្យដឹងទៀតថា ភូមិកសិ.គំរូមានឡូត៍ចម្ការត្របែកទំហំ២០ម៉ែត្រ គុណ៥០ម៉ែត្រ ដែលមានដើមត្របែកជិត៧៥ដើម។ នៅក្នុងកញ្ចប់ក្រុមហ៊ុនលក់ទាំងដី និងកញ្ចប់សេវាកម្មដាំដុះ និងថែទាំង ព្រមទាំងជួយរកទីផ្សារផ្លែត្របែកឱ្យអតិថិជនថែមទៀត។

លោកមានប្រសាសន៍ថា៖«រាល់ថ្ងៃគម្រោងភូមិកសិ.គំរូ មានសេវាកម្មបង់រំលស់និងបង់ផ្តាច់ តម្លៃយើងលក់ក្នុងមួយប្លង់ៗមិនថ្លៃនោះទេ។ យើងគិតថា ត្រឹមរយៈពេល៣ឆ្នាំ សមាជិករបស់ភូមិកសិ.គំរូ នឹងអាចទទួលបានប្រាក់មកវិញអស់ហើយ ព្រោះយើងទទួលទិញផ្លែត្របែកពីសមាជិកយើងវិញក្នុងតម្លៃជាមធ្យមចន្លោះពី៣ទៅ៤ពាន់រៀលទៅតាមរដូវកាល»។

លោកបន្តទៀតថា៖«ចម្ការត្របែកក្នុងមួយឡូត៍ ផ្តល់ផលត្របែកច្រើនពី២០០ទៅ៣០០គីឡូក្រាម ដើមត្របែកអាយុចាប់ពី១ឆ្នាំកន្លះទៅ បើគិតជាប្រាក់អាច៣០០ដុល្លារក្នុង១ខែ។ ភូមិកសិគំរូ គឺជាកសិទំនើបដែលមានប្រព័ន្ធស្រោចស្រពតាមស្តង់ដារនិងមានប្រភពទឹកគ្រប់គ្រាន់»។

លោកពន្យល់ថា គម្រោង ភូមិកសិ.គំរូ មានចម្ការត្របែកសមល្មមសម្រាប់ទាក់ទាញញាតិបានកាន់តែច្រើននៃគ្រួសារកសិ.គំរូ។ សព្វថ្ងៃ ភូមិកសិ.គំរូ មានជាង៤០០សមាជិក ហើយក្រុមហ៊ុនមានផែនការបង្កើនឱ្យបាន១ពាន់សមាជិកនៅពេលអនាគត។

លោកបញ្ជាក់ថា៖«ភូមិកសិ.គំរូ ក៏បើកឱ្យភ្ញៀវចូលទស្សនាដោយសេរីនិងទទួលទានត្របែកមួយឆ្អែតដោយលក់សំបុត្រតម្លៃត្រឹមតែ២ពាន់រៀលក្នុងម្នាក់ លើកលែងតែវេចខ្ចប់មកផ្ទះនឹងគិតថ្លៃបន្ថែមទៀត»។

ដោយក្តីស្រលាញ់កសិកម្មនិងចង់លើកកម្ពស់ផលិតផលកសិកម្ម លោក ម៉េងលី កំពុងសិក្សាផលិតសាប៊ូពីស្លឹកត្របែក និងជាភេសជ្ជៈពីផ្លែត្របែក ព្រមទាំងកំពុងសិក្សាបង្កាត់ពូជត្របែកដែលជាពូជខ្មែរសុទ្ធ ដើម្បីចែកចាយដល់កសិករខ្មែរ ខណៈភាគច្រើនពូជត្របែកត្រូវបាននាំចូលពីក្រៅប្រទេស។

លោកមានប្រសាសន៍ថា៖«យើងអាចកែច្នៃពីផ្លែត្របែកទៅជាភេសជ្ជៈ និងកែច្នៃពីស្លឹកត្របែកជាសាប៊ូដុសខ្លួន ជាប្រភេទសាប៊ូ ដុំនិងទឹក។ គម្រោងកែច្នៃស្លឹកត្របែកជាសាប៊ូយើងកំពុងសិក្សាលើគំរូ។ ពូជត្របែកយើងក៏អាចផ្សាំជាកូនសម្រាប់លក់ ផងដែរ»។

លោកថា ផ្លែត្របែកផ្តល់ប្រយោជន៍ច្រើនដល់សុខភាព ដែលជំនួយដល់ភ្នែក សក់ និងឆ្អឹង ព្រោះវាមានវីតាមីនអា និងវីតាមីនសេច្រើន។

លោកលើកឡើងថា៖«ចម្ការត្របែកនៅក្នុងភូមិកសិ.គំរូអាចប្រមូលផលពេញ១ឆ្នាំ។ យើងមានបច្ចេកទេសត្រឹមត្រូវ ព្រោះចម្ការយើងបានបែកចែកជាផ្នែក ដែលដើមត្របែកអាចផ្តល់ផលជាលក្ខណៈវិលជុំ ហើយនៅចុងឆ្នាំនេះ ផ្លែត្របែកនឹងផ្តល់ផលច្រើន តែមិនប្រឈមនឹងបញ្ហាទីផ្សារនោះទេ»។

នៅពេលអនាគត លោក ង៉ាយ ម៉េងលី ក៏មានផែនការបង្កើតគម្រោងអភិវឌ្ឍន៍ដាំដុះប្រភេទឈើប្រណិតដែរ៕