ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ​ទទួលបានពានរង្វាន់ធនាគារ​ឆ្នើម​ចំនួន​២គឺ “SME Financier of The Year-Asia” លំដាប់ថ្នាក់ Silver និង “Best Financier for Women Entrepreneurs“ លំដាប់ថ្នាក់ Silver ក្នុងកម្មវិធី Global SME Finance Forum Award 2022 ដែលរៀបចំឡើងដោយ International Finance Corporation (IFC) ជាសមាជិកនៃធនាគារពិភពលោក (World Bank) និងវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យម(SME Finance Forum) កាលពីថ្ងៃអង្គារទី​២០កញ្ញា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ Hyatt Regency Phnom Penh​។

លោក ​តូច​ ចៅចេក​ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ ប្រៃសណីយ៍​កម្ពុជា បាន​ប្រាប់​ខ្មែរ​ណាស់​នៅថ្ងៃពុធនេះថា​ សព្វ​ថ្ងៃ អតិថិជន​របស់​ធនាគារ ប្រៃសណីយ៍កម្ពុជាជិត​៩០% ជា​សហគ្រាស​ធុនតូ​ច និង​មធ្យម ហើយ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ធនាគារ ប្រៃសណីយ៍កម្ពុជា ថែមទាំង​បាន​ជួយ​សម្របសម្រួល​ដំណើរការ​នីតិវិធីទៅតាម​​តម្រូវ​ការ​ធ្វើយ៉ាង​ណាមានភាព​ងាយស្រួ​លដល់សហគ្រាស​ធុនតូច​និង​មធ្យម​អាចទទួល​បាន​សេវា​ហិរញ្ញ​វត្ថុ​។

លោក​ថ្លែងដូច្នេះថា៖«បើ​តាម​ការសិក្សា​ គេថា​សហគ្រាសធុនតូចនិង​មធ្យម​ភាគច្រើន​ពិបាក​ទទួល​បានប្រាក់កម្ចី​ពី​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ។ ដូច្នេះ​! មិនមែន​យើងថា​សម្រួល​ឱ្យគាត់​​ទាំងអស់គ្នា​បានទេ តែយើង​សម្រួល​យ៉ាងណា​ឱ្យគាត់ភាគច្រើន​អាចទទួល​បានសេវា​ហិរញ្ញវត្ថុ។ អីចឹង​! បានជា ​SME Finance Forum របស់ IFC​ បាន​សម្រេច​ឱ្យ​ពានរង្វាន់​ SME Financier of The Year-Asia សម្រាប់​ឆ្នាំ​២០២២»។

លោក​ថ្លែងទៀតថា៖«សម្រាប់ពានរង្វាន់​ Best Financier for Women Entrepreneurs យើងទទួល​បានពានរង្វាន់នេះដែរ ដោយ​ស្រុក​ខ្មែរ​ ​ស្រី្ត​ជា​អ្នក​កាន់លុយ​។ អីចឹងទៅ! ​គេស្រាវជ្រាវទៅថា​ស្រ្តី​ជា​សហគ្រិន​ភាព​ប្រយ័ត្នប្រយែងខ្លាំង​ យើងក៏ដូច្នេះដែរ​ យើង​ចង់​លើកទឹកចិត្ត​គាត់​ដែរ​មានលទ្ធភាព​ងាយស្រួ​លក្នុងការ​កម្ចី​ឥណទាន​។ អតិថិជន​របស់ធនាគារ ប្រៃសណីយ៍កម្ពុជាមាន​ច្រើនជាង​ ៥០% គាត់ជាស្រ្តី​ ហើយ​គាត់ដំណើរការ​អាជីវកម្ម​ដោយមានប្រសិទ្ធភាព​ល្អ​ថែមទៀត ដែល​ធ្វើ​ឱ្យអត្រា​សង​មកវិញ​បាន​ល្អ​ប្រសើរ​។ បើ​តាម​ការ​វិភាគ​ទៅ​តាមរបាយការណ៍​នេះ​ គណៈកម្មាធិការ​ Global SME Finance Forum Award 2022 ក៏សម្រេច​ផ្តល់ពានរង្វាន់នេះ​ដល់​ធនាគារប្រៃសណីយ៍កម្ពុជា»។

វេទិកាហិរញ្ញវត្ថុសហគ្រាសធុនតូចនិងមធ្យមសកលប្រចាំឆ្នាំ២០២២ (Global SME Finance Forum 2022) ត្រូវ​បាន​រៀបចំ​នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី១៩-២១ខែកញ្ញាឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីភ្ញៀវអន្តរជាតិជាង៣០០នាក់មកពី៦៥ប្រទេស ដែលជាតំណាងឱ្យម្ចាស់ក្រុមហ៊ុន-សហគ្រាស តំណាងធនាគារកណ្តាល និងស្ថាប័នហិរញ្ញវត្ថុ។

លោក ​Matthew ​Gamser នាយកប្រតិបត្តិវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមបានមានប្រសាសន៍ថា៖«ឆ្នាំនេះ ចំនួន​ប្រទេស និង​ស្ថាប័នចូលរួម មាន​ចំនួន​ច្រើនជាងឆ្នាំមុនៗ ដែលស្ថាប័នទាំងនោះ​បាន​បង្កើត​ផលិតផល និង​ដំណោះស្រាយ​ហិរញ្ញប្បទាន​យ៉ាងច្រើន​សម្បូរបែប។ វា​ពិតជាមាន​លំបាក​ក្នុង​ការ​ដាក់​ពិន្ទុ សម្រាប់​គណៈកម្មាធិការ​ប្រមាណ១០០នាក់របស់​យើង ដែល​សុទ្ធសឹងជា​អ្នក​ជំនាញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ប៉ុន្តែ​យើង​នៅតែអាច​ជ្រើសរើសបានស្ថាប័ន​ហិរញ្ញវត្ថុឆ្នើម​ប្រកបដោយសុក្រិតភាព​»។

សហគ្រាសធុនតូចនិងមធ្យម ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលដើម្បីកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ សម្រាប់ប្រទេសកំពុងអភិវឌ្ឍ។

ប៉ុន្តែកន្លងមក សហគ្រាសធុនតូចនិងមធ្យម តែងជួបបញ្ហាប្រឈមជាច្រើន ជាពិសេសបញ្ហាប្រឈមចម្បងជាងគេ គឺការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។   

លោក​ ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បាន​ថ្លែងសុន្ទរកថាបើក​ក្នុង​វេទិកា​នេះថា​ ​ និន្នាការសកលទាក់ទងនឹងការវិវត្តនូវបច្ចេកវិទ្យាហិរញ្ញវត្ថុដែលកំពុងក្លាយជាដំណោះស្រាយយ៉ាងមានប្រសិទ្ធភាពក្នុងការពង្រីកវិសាលភាពនៃការផ្តល់សេវាហិរញ្ញវត្ថុ ទៅដល់ម្ចាស់សហគ្រាសធុនតូចនិងមធ្យម។

លោកថា ជាក់ស្តែង ការអភិវឌ្ឍយ៉ាងជោគជ័យនៃប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា បានសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ទូទៅ និងអាជីវកម្មខ្នាតតូចនៅកម្ពុជា តាមរយៈការផ្តល់សេវាទូទាត់ងាយស្រួល ឆាប់រហ័ស មានសុវត្ថិភាពខ្ពស់ និងចំណាយទាប ដែលជាកត្តារួមចំណែកយ៉ាងសំខាន់ធ្វើឱ្យសហគ្រាសធុនតូចនិងមធ្យមជាច្រើននៅកម្ពុជា បន្តសកម្មភាពអាជីវកម្មជាប្រក្រតី ទោះបីអំឡុងពេលមានការរាលដាលជំងឺកូវីដ១៩ ក៏ដោយ។  

លោកថ្លែងដូច្នេះថា៖«ខ្ញុំ​រំពឹងថាវេទិកាដែលប្រមូលផ្តុំដោយវាគ្មិនជំនាញជាច្រើននេះ នឹងទទួលបានលទ្ធផលជាដំណោះស្រាយកាន់តែប្រសើរក្នុងការជំរុញការអភិវឌ្ឍ និងការផ្ដល់ហិរញ្ញប្បទានប្រកបដោយចីរភាព និងបរិយាបន្នដល់សហគ្រាសធុនតូចនិងមធ្យម»។ 

សូម​រំលឹកថា CP Bank បាន​ទទួល​ពានរង្វាន់នេះ​៣ឆ្នាំ​ជាប់គ្នា​ពី​កម្មវិធី Global SME Finance Forum Award។ ក្នុង​ឆ្នាំ​២០២០ CP Bank ត្រូវ​បានប្រសិទ្ធ​នាមជា«​ធនាគារផ្តល់ហិរញ្ញ​ប្បទានល្អបំផុត​សម្រាប់សហគ្រិនស្រ្តី​»(Best Financier for Women Entrepreneurs )ហើយ​នៅ​​ឆ្នាំ​២០២១ ទទួល​បាន​ពានរង្វាន់​ធនាគារផ្តល់ហិរញ្ញប្បទានសហគ្រាសខ្នាតតូច និងមធ្យមឆ្នើម( SME Financier of The Year-Asia ដែល​កាលនោះ ត្រូវ​បាន​ជ្រើសរើសចេញពីស្ថាប័នហិរញ្ញវត្ថុជាតិនិងអន្តរជាតិនជាង២០០ស្ថាប័នមកពីជាង ១៤០​ប្រទេសជុំវិញពិភពលោក៕