ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធម្សិលមិញនេះ បានប្រកាសប្រមូលកងទ័ពបន្ថែម គឺការប្រមូលពលរដ្ឋដែលជាកងទ័ពបម្រុង ត្រៀមចេញប្រយុទ្ធ ខណៈរុស្ស៊ីកំពុងបន្តសង្គ្រាមឈ្លានពានរុស្ស៊ី។

នៅក្នុងសុន្ទរកថាថ្នាក់ជាតិដ៏កម្រមួយ លោកពូទីន ក៏បានគាំទ្រផែនការរបស់រុស្ស៊ី ក្នុងការបញ្ចូលតំបន់នៅភាគខាងត្បូង និងខាងកើតអ៊ុយក្រែន ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ហើយហាក់ដូចជាគំរាមកំហែងការសងសឹកនុយក្លេអ៊ែរប្រសិនបើទីក្រុងគៀវ បន្តកិច្ចខិតខំប្រឹងប្រែងដើម្បីដណ្តើមយកទឹកដីទាំងនោះមកវិញ។

សេចក្តីប្រកាសនេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីតំបន់គ្រប់គ្រងដោយរុស្ស៊ីចំនួនបួននៅអ៊ុយក្រែន បានប្រកាសថាពួកគេនឹងរៀបចំការបោះឆ្នោតប្រជាមតិនៅសប្តាហ៍នេះ ដើម្បីផ្តាច់ខ្លួនចេញពីអ៊ុយក្រែន និងចុះចូលជាមួយរុស្ស៊ី ជាផែនការដែលអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចច្រាលចោល។

ដោយប្តេជ្ញាថា រុស្ស៊ីនឹងប្រើគ្រប់មធ្យោបាយក្នុងការកម្ចាត់សត្រូវ ដើម្បីការពារទឹកដីរបស់ខ្លួន លោក ពូទីន បានចោទប្រកាន់លោកខាងលិចពីការគំរាមកំហែងនុយក្លេអ៊ែរ ហើយបានព្រមានថា នេះមិនមែនជាការនិយាយលេងសើចបាននោះទេ។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយថា ទ័ពបម្រុងដែលត្រូវប្រមូលគឺមានចំនួន៣សែននាក់ ខណៈក្រឹត្យ គឺបានចូលជាធរមានភ្លាមៗ បន្ទាប់ពីការប្រកាសរបស់លោក ពូទីន។ ក្រឹត្យនេះ ក៏រារាំងទាហានអាជីពភាគច្រើនពីការបញ្ចប់កិច្ចសន្យារបស់ពួកគេ និងចាកចេញពីជួរកងទ័ពរហូតដល់ការប្រមូលទ័ពផ្នែកខ្លះលែងមាន៕