ចំបើងអាចយកទៅកែច្នៃជាគ្រឿងសង្ហារឹម។ រូបភាព៖ផ្តល់ឱ្យដោយ ណាន ប្រុសពៅ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ទីវ ហៃ

សហគ្រិនម្នាក់កំពុងប្រមូលទិញចំបើងពីប្រជាកសិករយកទៅស្តុកទុក សម្រាប់ផ្តត់ផ្គង់ទៅឱ្យកសិដ្ឋានបណ្តុះផ្សិត កសិដ្ឋានចិញ្ចឹមគោ និងគ្រោងកែច្នៃជាគ្រឿងសង្ហារិម ដើម្បីកុំឱ្យកសិករបន្តដុតចចោលប៉ះពាល់ដល់បរិស្ថាន។

លោក ណាន ប្រុសពៅ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ទីវ ហៃ ដែលមានទីតាំងនៅខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២០កញ្ញាថា ក្រុមហ៊ុន ទីវ ហៃ បានចាប់ផ្តើមប្រមូលទិញចំបើង ពីកសិករនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ ចាប់តាំងពីឆ្នាំ២០១៩ ដើម្បីយកទៅស្តុកទុក សម្រាប់ផ្គត់ផ្គង់ទៅឱ្យកសិដ្ឋានចិញ្ចឹមគោ និងកសិដ្ឋានបណ្តុះផ្សិត នៅទូទាំង ប្រទេស ក្នុងរដូវវស្សា។

លោកថ្លែងដូច្នេះថា៖« ខ្ញុំមើលឃើញថា កសិករនៅពេលដែលគាត់ច្រូតកាត់ហើយ គាត់ដុតចោលរហូត ហើយយើងក៏ស្រាវជ្រាវថាតើចំបើងអាចយកទៅធ្វើអ្វីផ្សេងក្រៅពីឱ្យគោស៊ីបាននោះទេ។ យើងក៏បានរកឃើញថា ចំបើងអាចយកទៅបណ្តុះផ្សិតចំបើង ផ្គត់ផ្គង់កសិដ្ឋានចិញ្ចឹមគោធំៗ រហូតដល់គេយកទៅកែច្នៃធ្វើជាគ្រឿងសង្ហារិម តុ ទូ ជាដើម»។

លោក ណាន ប្រុសពៅ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ទីវ ហៃ ។រូបភាព៖ ផ្តល់ឱ្យដោយលោក ណាន ប្រុសពៅ

លោកបន្តថា បច្ចុប្បន្នកសិករបានយល់ដឹងពីអត្ថប្រយោជន៍របស់ចំបើង ដោយពួកគាត់បានឈប់ដុតចំបើងចោល ហើយបានប្រមូលចំបើងទុកលក់ទៅឱ្យក្រុមហ៊ុនរបស់លោក ដើម្បីបានចំណូលបន្ថែម។

លោកថ្លែងដូច្នេះ៖«ម្ចាស់ស្រែអាចទាញប្រយោជន៍ពីចំបើងក្នុង១ហិកតា ទទួលបានថវិកាចំនួនពី៣ទៅ៤ម៉ឺនរៀល។ ចំណែកអ្នកមូលចំបើងជាដុំវិញបានចំនួនប្រហែល២០ម៉ឺនរៀលក្នុង១ហិកតា។ អ្នកមូលចំបើងបានច្រើនជាងអ្នកស្រែ ដោយសារគាត់ត្រូវចំណាយកម្លាំងពលកម្ម ត្រាក់ទ័រមូល និងមធ្យោបាយដឹកជញ្ជូន ជាដើម»។

លោកបន្ថែមថា បច្ចុប្បន្នសហគ្រាសកំពុងស្វែងរកដៃគូសហការជួយផ្នែកបច្ចេកទេស ដើម្បីកែច្នៃចំបើង ទៅជា តុ ទូ និងគ្រឿងប្រើបាស់ផ្សេងៗទៀត ព្រោះចំបើងនៅសល់ចំនួនច្រើន កុំបន្តឱ្យកសិករដុតចោល ដែលកំពុងធ្វើឱ្យប៉ះពាល់បរិស្ថាន។

លោកថ្លែងដូច្នេះថា៖« ប្រភពស្រូវនៅខេត្តបាត់ដំបងច្រើនជាងគេ ពោធិ៍សាត់ និងបន្ទាយមានជ័យហ្នឹង សុទ្ធប្លុកអ្នកធ្វើស្រែហើយ កន្លែងខ្លះគាត់អាចធ្វើស្រូវបាន២ ដងក្នុង១ឆ្នាំ។ ដូច្នេះ! យើងបានចំបើងច្រើនតាមហ្នឹងដែរ ប៉ុន្តែភាគច្រើនបានតែខែប្រាំងដែរ ខែវស្សាយកចំបើងអត់កើតទេ»។

រូបភាព៖ ផ្តល់ឱ្យដោយលោក ណាន ប្រុសពៅ

លោកបានឱ្យដឹងថា ក្នុង១រដូវ ក្រុមហ៊ុនអាចប្រមូលទិញចំបើងបានចំនួនជាង១០ម៉ឺនដុំ បើគិតជាផ្ទៃដីចំនួនជាង១ពាន់ហិកតា ពីប្រជាកសិករ។ លោកថា ការដែលប្រមូលទិញចំបើងនេះ បានចូលរួមជួយលើកកម្ពស់ជីវភាពកសិករ ចួលរួមថែរក្សាបរិស្ថាន ពេលដែលកសិករបញ្ឈប់ការដុតចំបើងចោល និងជួយឱ្យជីវចម្រុះអាច រស់រានមានជីវិត នៅក្នុងដី។

ទៅថ្ងៃអនាគត លោកមានផែនការពង្រីកការប្រមូលទិញពីប្រជាកសិករ បន្ថែមទៀត និងកែច្នៃចំបើងទៅជា គ្រឿងសង្ហារិមជាដើម៕

រូបភាព៖ ផ្តល់ឱ្យដោយលោក ណាន ប្រុសពៅ