លោក ធារ៉ា មានបំណងនាំចេញនាំខ្មែរទៅក្រៅប្រទេស។ រូបភាព៖ ហ្វេសប៊ុក នាឡិ- Neal

លោក ច័ន្ទធារ៉ា បានបើកអាជីវកម្មកែច្នៃនំ និងបង្អែមខ្មែរ ដើម្បីអភិរក្សនំប្រពៃណីរបស់ជាតិ ដែលបច្ចុប្បន្ន ឃើញតែដាក់លក់នៅតាមចិញ្ចើមថ្នល់ ខណៈមនុស្សទូទៅកំពុងបំភ្លេចចោល។

លោក អ៊ិន ច័ន្ទធារ៉ា ស្ថាបនិក និងនាយកគ្រប់គ្រងទូទៅ នៃសិប្បកម្មនាឡិ ដែលកែច្នៃនំខ្មែរ បានប្រាប់សារព័ត៌មានខ្មែរណាស់ដូច្នេះថា៖«ខ្ញុំបានដំណើរការអាជីវកម្មមួយនេះ នៅក្នុងឆ្នាំ២០១៧ ដែលមកដល់បច្ចុប្បន្ននេះ មានអាយុ៥ឆ្នាំហើយ។ ដូច្នេះ! មានកត្តាជាច្រើន ជំរុញឱ្យខ្ញុំធ្វើ ព្រោះនំរបស់ជាតិត្រូវបានគេសឹងតែបំភ្លេច គេមិនសូវចាប់អារម្មណ៍ គេឱ្យតម្លៃវាទាប នំទាំងអស់ហ្នឹងមិនឃើញនៅលើទីផ្សារទំនើប នៅក្នុងហាងកាហ្វេល្អៗទេ បានឃើញតែនៅតាមចិញ្ចឹមថ្នល់»។

ដោយសារមានចិត្តអភិរក្សនំប្រពៃណីខ្មែរ លោក ធារ៉ា បានចាប់ផ្តើមសិក្សាពីរបៀបធ្វើនំខ្មែរតាមរូបមន្តបែបស្តង់ដារ រៀបចំរចនា បង្កើតជាស្លាកយីហោ និងវេចខ្ចប់ឱ្យមានអនាម័យ។

រូបភាព៖ ហ្វេសប៊ុក នាឡិ-Neal

លោកបន្តថា បច្ចុប្បន្នសិប្បកម្មនាឡិ អាចផលិតបាននំនិងបង្អែមបែបខ្មែរចំនួន៦២ប្រភេទ ក្នុងនោះ មានបង្អែម១៦ ប្រភេទ។ ក្នុងចំណោមនំនិងបង្អែម៦២ប្រភេទនេះ ត្រូវបានបែងចែកជា៣ ក្រុម មានដូចជា ប្រភេទនំខ្មែរប្រពៃណីបែបប្រវត្តិសាស្ត្រ នំខ្មែរបែបប្រជាប្រិយ និងនំខ្មែរបែបបច្ចុប្បន្ន។

លោកថ្លែងដូច្នេះថា៖«មូលហេតុដែលខ្ញុំដាក់នំខ្មែរប្រពៃណីបែបប្រវត្តិសាស្ត្រហ្នឹង គឺសំដៅលើនំទាក់ទំនងនឹងសាសនា ដូចជាការគោរពសែនព្រេនរបស់ខ្មែរតាំងពីដើមមក មានដូចជានំបត់ នំគម អន្សមចេក អន្សមជ្រូក។ សម្រាប់នំប្រជាប្រិយ ដែលយើងមិនដឹងប្រវត្តិច្បាស់លាស់ហ្នឹង វាមានច្រើន មានដូចជានំកង នំក្រូច និងនំផ្សេងៗទៀត។ ចំណែកប្រភេទនំខ្មែរបែបសម័យថ្មីជាប្រភេទនំក្តៅៗ ដូចជា នំខ្ចី និងនំពងអន្សម»។

រីឯប្រភេទបង្អែមទាំង១៦មុខនោះ មានដូចជា បបរត្រាវ បបរសណ្តែកគុយ បបរចាប់ឆាយ និងមានប្រភេទបង្អែមកែច្នៃថ្មីៗ ទាំងពណ៌ និងរូបរាង។

លោកថ្លែងដូច្នេះថា៖«សម្រាប់ផលិតផលរបស់ខ្ញុំបានបោះទៅឱ្យដៃគូចែកចាយច្រើន និងអ្នកយកទៅលក់បន្ត មានដូចជាផ្សារទំនើប ភោជនីយដ្ឋាន ប៉ុន្តែអ្វីដែលមានការគាំទ្រច្រើននោះគឺ តាមក្រសួងសា្ថប័ន ក្រុមហ៊ុនឯកជនហ្នឹងច្រើន។ គាត់ត្រូវការពេលមានកម្មវិធីប្រជុំ និងកម្មវិធីសិក្ខាសាលាធំៗ។ ជាក់ស្តែងក្នុងកម្មវិធីធំៗ យើងទទួលបានការកម្ម៉ង់រហូតទៅដល់៣ទៅ៤ម៉ឺនកញ្ចប់»។

លោក ច័ន្ទធារ៉ា ថា នាពេលខាងមុខឆាប់ៗនេះ សិប្បកម្មនឹងមានកន្លែងមួយ បង្ហាញនំខ្មែរគ្រប់ប្រភេទ ដើម្បីឱ្យពលរដ្ឋទួទៅអាចចូលទៅទស្សនា និងសិក្សាពីប្រភេទនំនីមួយៗ។

លោកបានបន្ថែមថា ក្នុងការធ្វើអាជីវកម្មមួយនេះក៏ជួបប្រទះបញ្ហាមួយចំនួនផងដែរ មានដូចជា ពិបាកប្រកួតប្រជែងនៅលើផ្សារ ដោយអ្នកលក់ធម្មតាតាមផ្ទះលក់ក្នុងតម្លៃថោកជាង និងខ្វះខាតហិរញ្ញវត្ថុ។

លោកថ្លែងដូច្នេះថា៖«ដៃគូប្រកួតប្រជែង ដោយសារគាត់មិនមែនជាលក្ខណៈសិប្បកម្មទេ គាត់លក្ខណៈគ្រួសារ គាត់លក់តិចតួច។ ដូច្នេះ! តម្លៃដែលគាត់លក់អត់បានគិតវែងឆ្ងាយទេ ទៅលើកម្លាំងពលកម្ម ទៅលើបង់ពន្ធ និងចុះបញ្ជីត្រឹមត្រូវនោះទេ ដូច្នេះ! តម្លៃរបស់គាត់ វាប្រកួតប្រជែងជាមួយយើងខ្លាំងតែម្តង រហូតដល់ពេលខ្លះគឺគេប្រៀបនំដែលមានគុណភាព ជាមួយនឹងនំដែលនៅក្រៅ គ្មានស្តង់ដារ»។

រូបភាព៖ ហ្វេសប៊ុក នាឡិ-Neal

ទោះជាយ៉ាងណាក៏ដោយ លោកសង្កេតឃើញថា អតិថិជននៅតែបន្តគាំទ្រនំសិប្បកម្មរបស់លោក ព្រោះពលរដ្ឋចាប់ផ្តើមឱ្យតម្លៃនំបែបប្រពៃណី វប្បធម៌ខ្មែរ ហើយគួបផ្សំនឹងការផលិតប្រកបដោយអនាម័យ។

លោកថ្លែងថា៖«គាត់នឹងយល់ពី កត្តាសេដ្ឋកិច្ច ព្រោះនៅពេលដែលអ្នកប្រើប្រាស់ផលិតផលមួយនេះ ស្មើនឹងជួយដោយប្រយោល ឬជួយដោយផ្ទាល់មកខាងនាឡិក៏ពិតមែន ប៉ុន្តែបានជួយដល់កសិករធំជាង តាមរយៈយើងបានប្រើកសិផលកសិកររបស់យើងសឹង១០០ភាគរយ ហើយដែលជាកសិករក្នុងស្រុក»។

នៅថ្ងៃអនាគត សិប្បកម្មនាឡិមានផែនការផលិតឱ្យបានកាន់តែច្រើន ខណៈបច្ចប្បន្នមានសមត្ថភាពផលិតនំ១ម៉ឺននំក្នុង១ថ្ងៃ ពង្រីកសាខាលក់នៅតាមភូមិទូទាំងប្រទេស និងចង់ក្លាយជារោងចក្រផ្គត់ផ្គង់នំខ្មែរសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ៕

រូបភាព៖ ហ្វេសប៊ុក នាឡិ-Neal