លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជា លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងលោក Pell Remi Sisophon ប្រធានសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះកាលពីថ្ងៃទី១៩កញ្ញា នៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ។រូបភាព៖ ហ្វេសប៊ុក​សមាគម ABC

សមាគមធនាគារនៅកម្ពុជា(ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៅកម្ពុជា(CAFT) បានចុះកិច្ចព្រមព្រៀងថ្មីមួយក្នុងគោលបំណងដើម្បីលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និងកសាងសមត្ថភាពក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ពិសេសពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជា លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងលោក Pell Remi Sisophon ប្រធានសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះកាលពីថ្ងៃទី១៩កញ្ញា នៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ។

លោក Raymond Sia ប្រធាន ABC ថ្លែងថា៖«យើងចង់បញ្ជាក់ថា ឌីជីថលូនីយកម្ម នវានុវត្តន៍ និងបច្ចេកវិទ្យាគឺនៅជុំវិញខ្លួន និងអតិថិជនរបស់យើង។ ឧស្សាហកម្មហិរញ្ញវត្ថុ គឺឧស្សាហកម្មបម្រើដល់ប្រជាជន (people-centric industry) ហើយសេវាហិរញ្ញវត្ថុ គឺជាការចាំបាច់ដំបូងគេ ដើម្បីពង្រឹងប្រព័ន្ធ និងដើម្បីធានាថា ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុបានទៅដល់ប្រជាជនកម្ពុជា សម្រាប់ភាពជោគជ័យ និងនិរន្តរភាពនៃវិស័យនិងសេដ្ឋកិច្ច»។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល CMA បានមានប្រសាសន៍ថា ភាពជាដៃរគូនេះគឺជាផ្នែកមួយដ៏មានសារៈសំខាន់សម្រាប់ស្ថាប័នទាំងបីរ ដែលមិនត្រឹមតែចូលរួមពង្រឹងនូវបច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាប៉ុណ្ណោះទេ តែវាក៏ជាឱកាសថ្មីមួយសម្រាប់ប្រជាជនកម្ពុជាបានសិក្សាស្វែងយល់បន្ថែមពីបចេ្ចវិទ្យាថ្មីៗ។

លោកបន្ថែមថា៖«ជាពិសេសវាជាឱកាសសម្រាប់អ្នកដែលមានអាជីវកម្មថ្មី ក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងប្រតិបត្តិការរបស់ខ្លួននៅថ្ងៃអនាគត»។

អនុស្សរណៈយោគយល់គ្នាបីភាគីនេះ និងក្លាយជានិមត្តិសញ្ញានៃការបន្តការប្តេជ្ញាចិត្តរវាងសមាគមទាំងបីនៅក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១នៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា ដែលចូលរួមកម្មវីធីនេះបានថ្លែងអបអរសាទរចំពោះភាពជាដៃគូថ្មីរវាងភាគីទាំងបី ដោយលោករំពឹងថា កម្មវិធីចុះអនុស្សរណៈយោគយល់គ្នានេះ នឹងចូលរួមជំរុញនូវបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

លោកមានប្រសាសន៍ទៀតថា៖«ភាពជាដៃគូនេះ នឹងចូលរួមអភិវឌ្ឍអាជីវកម្មក្នុងវិស័យហរិញ្ញវត្ថុក៏ដូចជាលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុផងដែរ»។

នេះគឺជាតឹកតាងបង្ហាញពីការប្តេជ្ញាចិត្ត និងការចូលរួមលើកកម្ពស់បន្ថែមទៀត លើការអភិវឌ្ឍ នៃក្របខណ្ឌបច្ចេកវិទ្យាហិរញ្ញវត្ថុ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវគោលដៅឆ្ពោះទៅរកការអនុវត្តបច្ចេកវិទ្យា និងការធ្វើបរិវត្តិកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា ដែលគោលដៅនោះគឺសំដៅដល់ ប្រជាជនឌីជីថល ធុរកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល៕