មនុស្ស២នាក់បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយដែលមានកម្លាំង៧.៦រិចទ័រ បានវាយប្រហារភាគខាងលិចប្រទេសម៉ិកស៊ិកកាលពីថ្ងៃចន្ទម្សិលមិញ និងបានបណ្ដាលឱ្យអាគារជាច្រើនកន្លែងរងការខូចខាត ដាច់ចរន្តអគ្គិសនី និងបានធ្វើឱ្យពលរដ្ឋរស់នៅទីក្រុងម៉ិកស៊ិក នាំគ្នារត់ចេញក្រៅអាគារដើម្បីសុវត្ថិភាព។

អាជ្ញាធរបាននិយាយថា ក្នុងចំណោមអ្នកទាំងពីរនាក់ដោយសារគ្រោះរញ្ជូយដីនេះ គឺម្នាក់ស្លាប់ដោយសារការធ្លាក់បំណែកខាងមុខនៃហាងលក់ទំនិញ និងម្នាក់ទៀត ត្រូវបានរកឃើញស្លាប់នៅក្នុងផ្សារទំនើប។ វីដេអូដែលផ្សព្វផ្សាយតាមបណ្ដាញសង្គមបង្ហាញពីដំបូលផ្សារទំនើបបានដួលរលំនៅជាន់ខាងលើ ដែលជាកន្លែងហាត់ប្រាណ និងបានធ្វើឱ្យមនុស្សស្រែកឱ្យគេជួយ។

អាជ្ញាធរក៏បានរាយការណ៍ ពីការខូចខាតនៅមន្ទីរពេទ្យមួយចំនួន ស្ថិតនៅរដ្ឋម៉ិកឆូអាខាន(Michoacan) ស្ថិតនៅភាគខាងលិចនៃប្រទេសម៉ិកស៊ិក ហើយមានមនុស្សម្នាក់បានរងរបួស ដោយសារការធ្លាក់កញ្ជក់នៅក្នុងមន្ទីរពេទ្យ។

គ្រោះរញ្ជួយដីនេះបានវាយប្រហារភ្លាមៗ បន្ទាប់ពីម៉ោង១រសៀល នៅជិតឆ្នេរសមុទ្រភាគខាងលិចប្រទេសម៉ិកស៊ិក និងជិតព្រំប្រទល់រវាងរដ្ឋ ម៉ិកឆូអាខាន និងរដ្ឋ ខូលីម៉ា គឺជាតំបន់កំពង់ផៃដ៏ធំ។ នេះយោងតាមក្រុមអង្កេតភូមិសាស្រ្ដអាមេរិក។

មជ្ឈមណ្ឌលព្រមានពីព្យុះស៊ូណាមិប៉ាស៊ីហ្វិកអាមេរិក បានចេញការព្រមានថា រលកយក្សស៊ូណាមិ នឹងអាចកើតឡើងនៅតាមតំបន់ ដែលកម្ពស់រលកអាចមានចាប់ពី១ម៉ែត្រទៅដល់៣ម៉ែត្រ ពីលើកម្រិតនៃទឹកសមុទ្រជោរ។

ប្រទេសម៉ិកស៊ិកតែងរងការប្រហារពីគ្រោះរញ្ជួយដីជាបន្តបន្ទាប់។ កាលពីខែកញ្ញាឆ្នាំ១៩៨៥ គ្រោះរញ្ជូយដីបានសម្លាប់មនុស្សអស់រាប់ពាន់នាក់ និងនៅខែកញ្ញាឆ្នាំ២០១៧ គ្រោះរញ្ជួយដី ក៏បានសម្លាប់មនុស្សជាង៣៥០នាក់ទៀត។

សម្រាប់គ្រោះរញ្ជួយដីលើកចុងក្រោយនេះ អាជ្ញាធរម៉ិកស៊ិកបាននិយាយថា គឺបានជូនដំណឹងអំពីការរញ្ជួយដីនេះជិតពីរនាទី មុនពេលការរញ្ជួយដីបានវាយប្រហារ ដើម្បីឱ្យពលរដ្ឋរកទីកន្លែងមានសុវត្ថិភាព៕