ក្រុមហ៊ុន សុវណ្ណ ចិន្តា កំពុងមានការគាំទ្រច្រើន ដោយសារសាងសង់ផ្ទះត្រចៀកកាំហើយ មានសត្វរស់នៅច្រើន។ រូបភាព៖ ផ្តល់ឱ្យដោយ ក្រុមហ៊ុន សុវណ្ណចន្តា

អតិថិជន របស់ក្រុមហ៊ុន សុវណ្ណ ចិន្តា កំពុងជោគជ័យក្នុងការប្រមូលផលសម្បុកត្រចៀកកាំលក់ ក្រោយទទួលបានសេវាកម្មសាងសង់ផ្ទះត្រចៀកកាំ ប្រកបដោយគុណភាព និងជំនាញស្តង់ដារពីក្រុមហ៊ុន សុវណ្ណ ចិន្តា ដែលមានបទពិសោធន៍ ពីប្រទេសម៉ាឡេស៊ី និងវៀតណាម។

លោក គង់ សារិន អ្នកអភិរក្សសត្វត្រចៀកកាំនៅខេត្តកំពង់ឆ្នាំង បានប្រាប់សារព័ត៌មានខ្មែរណាស់ថា កាលពីដើមឡើយ លោកបានសាងសង់ផ្ទះអភិរក្សត្រចៀកកាំជាមួយនឹងក្រុមហ៊ុនមួយ ប៉ុន្តែត្រូវបរាជ័យដោយសារសាងសង់ហើយគ្មានសត្វចូលមករស់នៅ ក្រោយមកលោកបាន ទាក់ទងទៅក្រុមហ៊ុនសុវណ្ណ ចិន្ដា មកកែសម្រួលបច្ចេកទេស នៅក្នុងផ្ទះអភិរក្សត្រចៀកកាំរបស់លោក ដើម្បីឱ្យមានសត្វរស់នៅ។

លោកថា បច្ចុប្បន្នលោកកំពុងប្រមូលផលសម្បុកត្រចៀកកាំបានចំនួន២ទៅ៣គីឡូក្រាមក្នុង១ខែ ក្រោយក្រុមហ៊ុនសុវណ្ណចិន្តា បានបំពាក់បច្ចេកទេសក្នុងផ្ទះអភិរក្សត្រចៀកកាំឱ្យលោក។

លោក គង់ សារិន អ្នកអភិរក្សសត្វត្រចៀកកាំនៅខេត្តកំពង់ឆ្នាំង។ រូបភាព៖ផ្តល់ឱ្យ ដោយក្រុមហ៊ុន សុវណ្ណ ចិន្តា

លោកបន្តថា៖«អ្នកជំនាញខាងក្រុមហ៊ុនសុវណ្ណចិន្តា ក្នុង១ខែមកជួយមើលថែ និងធ្វើក្លិនម្តង ដើម្បីឱ្យសត្វត្រចៀកកាំចូលរស់នៅ។ បើនិយាយរួមទៅ ធ្វើដំបូងឡើយអត់សូវមានសត្វទេ រយៈពេល២ទៅ៣ខែបានមាន ពេលវាមានទៅចេះតែកើតកូន កើតចៅ ដូច្នេះត្រចៀកកាំហ្នឹង ក្នុង១ខែវាធ្វើសម្បុកហើយ វាពងរួចកើតកូន។ កូនហ្នឹងហើយវានៅតែក្នុងផ្ទះ អត់ទៅកន្លែងណាផ្សេងទេ»។

លោកបន្តថា ការអភិរក្សសត្វត្រចៀកកាំនេះ មិនជួបការលំបាកនោះទេ ព្រោះក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនសុវណ្ណចិន្តា បានចុះត្រួតពិនិត្យឱ្យលោករៀងរាល់មួយខែម្តង ហើយមុខរបរនេះ បានផ្តល់ប្រាក់ចំណូលឱ្យលោក២ពាន់ដុល្លារក្នុង១ខែ។

បុគ្គលិករបស់ក្រុមហ៊ុន សុវណ្ណ ចិន្តា។ រូបភាព៖ ផ្តល់ឱ្យដោយ ក្រុមហ៊ុន សុវណ្ណ ចិន្តា

លោកថ្លែងដូច្នេះថា៖«កាលណាយើងប្រមូលសម្បុកត្រចៀកកាំបាន ជីវភាពយើងធូរហើយ។ ការងារហ្នឹងការចំណាយច្រើន ដំបូងឡើយខ្ញុំអស់សង្ឈឹមដែរហ្នឹង ព្រោះការចំណាយច្រើន ចំណូលតិច។ ប៉ុន្តែឥឡូវហ្នឹង វាបានកើតកូន កើតជាចៅនៅហ្នឹងទៅ វាធ្វើសម្បុក។ ក្នុង១ខែយើងបេះសម្បុកចេញទៅ ហើយខែក្រោយវាធ្វើសម្បុកបន្តទៀតទៅ ។ ព្រោះខាងក្រុមបច្ចេកទេសបានមកជួយមើលថែ និងធ្វើក្លិនចាប់គូរបស់វាហ្នឹងទៅ ដាក់បំពាក់ទៅរកញីរកឈ្មោល »។

លោកបន្ថែមថា លោកបានចំណាយដើមទុកជាង១០ម៉ឺនដុល្លារ ដើម្បីសាងសង់ និងបំពាក់ឧបករណ៍បច្ចេកទេសផ្សេងៗ នៅក្នុងផ្ទះអភិរក្សត្រចៀកកាំ ហើយលោករំពឹងថា នឹងអាចរួចការចំណាយទាំងអស់នេះ នៅក្នុងរយៈពេល១០ឆ្នាំខាងមុខ។

ចំណែកលោក តាន់ រិទ្ធី អ្នកអភិរក្សសត្វត្រចៀកកាំ នៅខេត្តបន្ទាយមានជ័យ ដែលខាងក្រុមហ៊ុនសុវណ្ណចិន្តាបានសាងសង់ឱ្យដែរនោះ បានលើកឡើងថា ផ្ទះអភិរក្សត្រចៀកកាំរបស់លោក បានដំណើរការអស់រយៈពេល២ឆ្នាំមកហើយ ហើយទទួលបានផលច្រើន ដោយក្នុង១ខែ អាចប្រមូលផលបានពី២ទៅជិត៥គីឡូក្រាម។

លោកថ្លែងដូច្នេះថា៖«ចំនួនសត្វត្រចៀកកាំកើនឡើងរហូត យើងយកខាងក្រុមហ៊ុន សុវណ្ណចិន្តា គាត់ចុះត្រួតពិនិត្យផ្ទះត្រចៀកកាំឱ្យយើង ដិតដល់ ពេលទទួលសេវាកម្មខាងគាត់ឃើញថា ទទួលបានលទ្ធផលល្អ»។

លោកបន្តថា ផ្ទះអភិរក្សត្រចៀកកាំរបស់លោក មានទំហំទទឹង១០ម៉្រែត បណ្តោយ១៤ម៉ែត្រ ហើយមានកម្ពស់៣ជាន់ ដែលត្រូវចំណាយថវិកាជិត១០ម៉ឺនដុល្លារ ហើយបច្ចុប្បន្នសម្បុកត្រចៀកកាំក្នុង១គីឡូមានតម្លៃជាង៥០០ដុល្លារ។

លោកថ្លែងដូច្នេះថា៖«មូលហេតុដែលខ្ញុំសម្រេចប្រកបមុខរបរចិញ្ចឹមសត្វត្រចៀកកាំនេះ ដោយសារបើធ្វើជោគជ័យ ទៅថ្ងៃខាងមុខមិនសូវហត់ ឈឺក្បាល ដូចយើងរកស៊ីរបរផ្សេងនោះទេ។ មុខរបរហ្នឹង យើងចំណាយដើមតែម្តង»។

លោកបានលើកឡើងបន្ថែមថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋផ្សេងទៀតមានថវិកាគ្រប់គ្រាន់ ហើយមិនដឹងថា ប្រកបមុខរបរអ្វីនោះ គួរប្រកបមុខរបរអភិរក្សត្រចៀកកាំនេះ ព្រោះចំណាយថវិកាតែម្តង ទទួលបានផលរហូត។

លោក តាន់ រិទ្ធី អ្នកអភិរក្សសត្វត្រចៀកកាំ នៅខេត្តបន្ទាយមានជ័យ និងលោក សុវណ្ណ ចិន្តា ម្ចាស់ក្រុមហ៊ុន សុវណ្ណ ចិន្តា។ រូបភាព៖ ផ្តល់ឱ្យដោយក្រុមហ៊ុន សុវណ្ណ ចិន្តា

លោកឱ្យដឹងថា លោកបានស្គាល់ក្រុមហ៊ុនសុវណ្ណចិន្តា តាមរយៈជាងសាងសង់ផ្ទះ ដែលបានជួយណែនាំឱ្យជួបពិភាក្សាជាមួយក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុន ហើយឃើញថា ក្រុមហ៊ុននេះមានជំនាញក្នុងការសាងសង់ផ្ទះត្រចៀកកាំ ហើយក៏ជ្រើសរើសសេវាកម្មតែម្ដង។

លោកថ្លែងដូច្នេះថា៖« គាត់មានលក្ខខណ្ឌរបស់គាត់ត្រឹមត្រូវ មានកិច្ចសន្យាត្រឹមត្រូវ គាត់ធានាឱ្យមានសម្បុក បានផល មកយើងបានគាត់ដកលុយរបស់គាត់១០ភាគរយ ដែលគាត់សល់ចុងក្រោយ»។

គួរបញ្ជាក់ថា ក្រុមហ៊ុន សុវណ្ណ ចិន្តា មានទីតាំងស្ថិតនៅ ភូមិស្រែដូនតូច សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានបើកដំណើរអស់រយៈពេល៦ឆ្នាំហើយ ដោយមានជំនាញឯកទេសសាងសង់ផ្ទះត្រចៀកកាំពីប្រទេសម៉ាឡេស៊ី និងវៀតណាម៕

ផ្ទះត្រចៀកកាំ ដែលសាងសង់ដោយក្រុមហ៊ុន សុវណ្ណ ចន្តា។ រូបភាព៖ ផ្តល់ឱ្យ ដោយក្រុមហ៊ុន សុវណ្ណ ចិន្តា