ទីភ្នាក់ងាររដ្ឋាភិបាលមួយបាននិយាយថា ព្យុះសង្ឃរា Fiona បានបណ្តាលឱ្យមានទឹកជំនន់ និងការបាក់ហូរដីដ៏មហន្តរាយនៅកោះព័រតូរីកូ និងបានធ្វើឱ្យតំបន់ភាគច្រើនគ្មានអគ្គិសនីប្រើប្រាស់កាលពីថ្ងៃអាទិត្យ មុនពេលព្យុះសង្ឃរានេះ បានធ្វើដំណើរឆ្ពោះទៅកាន់សាធារណរដ្ឋដូមីនីក។

ព្យុះដែលបានបោកបក់លើកោះព័រតូរីកូនេះ បានបណ្ដាលឱ្យលិចលង់រថយន្ត ខូចខាតផ្លូវក្រាលកៅស៊ូ ទឹកហូរកាត់ផ្ដាច់ផ្លូវនិងស្ពាន បង្ខំអាកាសយានដ្ឋានឱ្យបិទទ្វារ ខណៈភ្លៀងដែលធ្លាក់ក្នុងបរិមាណដ៏ច្រើន បានធ្វើឱ្យទឹកទន្លេខ្លះកើនឡើងជាង៦ម៉ែត្រក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

ព្យុះនេះបានធ្វើឱ្យមានការបាក់ដីនៅឆ្នេរសមុទ្រភាគនិរតីនៃកោះព័រតូរីកូ ជាមួយនឹងកម្លាំងខ្យល់បោកបក់ក្នុងល្បឿនជាអតិបរមាប្រហែល១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រុមមន្ត្រីបាននិយាយថា អគ្គិសនីបានចាប់ផ្តើមមានឡើងវិញនៅតំបន់មួយចំនួននៅយប់ថ្ងៃអាទិត្យ ប៉ុន្តែការភ្ជាប់អគ្គិសនីនៅលើកោះទាំងមូលឡើងវិញ នឹងចំណាយពេលច្រើនថ្ងៃ។ ព័រតូរីកូ គឺជាកោះការាបៀន និងជាទឹកដីរបស់សហរដ្ឋអាមេរិកដែលមិនរួមបញ្ចូល។ ជាកោះសម្បូរទៅដោយទេសភាពព្រៃភ្នំ ទឹកជ្រោះ និងព្រៃត្រូពិច៕