គ្រាំទ្រផលិតផលខ្មែរ ដើម្បីសេដ្ឋកិច្ចជាតិ។ រូបភាព៖ហ្វេសប៊ុក សាជីបកម្មខ្មែរ KhmerCrop

សហគ្រិនស្ត្រីម្នាក់បន្តជំនាញពីឪពុកក្មេក យកស្បែកសត្វគោដើម្បីកែច្នៃជាទ្រនាប់ជើងគ្រប់ទំហំ គ្រប់វ័យ និងបង្កើតផ្លាកសញ្ញាផលិតនៅកម្ពុជា ដើម្បីចូលរួមចំណែកលើកម្ពស់ផលិតផលខ្មែរ និងចង់បង្ហាញថា ខ្មែរអាចកែច្នៃផលិតផលប្រើប្រាស់នៅក្នុងស្រុកបាន។

លោកស្រី ហួន ផល្លី ម្ចាស់សហគ្រាសសាជីវកម្ម បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៩កញ្ញានេះថា សហគ្រាសលោកស្រីបានចាប់ផ្តើមបើកដំណើរការនៅឆ្នាំ២០១៥ ប៉ុន្តែដំបូងឡើយ អាជីវកម្មមួយនេះជារបស់ឪពុកក្មេករបស់លោកស្រី ដែលមានតាំងពីជំនាន់ឆ្នាំ១៩៨៤មក។ លោកស្រីបន្តថា ដោយសារមានភាពនឿណាយ និងពិបាករកទីផ្សារ ឪពុកក្មេករបស់លោកស្រីក៏មានបំណងបោះបង់មុខរបរមួយនេះ។

លោកស្រីបន្តដូច្នេះថា៖«ខ្ញុំគិតថា អាជីវកម្ម ហ្នឹងល្អ ម៉្យាងខ្ញុំស្រលាញ់ផងដែរ ខាងច្នៃម៉ូត ឬម៉ូតថ្មីៗ។ ដូច្នេះ! ខ្ញុំក៏ឱ្យគាត់បង្រៀនខ្ញុំក្នុងការធ្វើស្បែកជើងហ្នឹង ហើយម៉្យាងយើងអត់ចង់ឱ្យគាត់បោះបង់ចំណេះជំនាញ ដែលគាត់មាន។ ដូច្នេះបានជាខ្ញុំបន្តធ្វើមកដល់បច្ចុប្បន្ន ហើយទម្រាំមកដល់បច្ចុប្បន្នក៏ពិបាកណាស់ ដោយសារដំបូងៗយើងអត់ចេះ»។

លោកស្រីបន្ថែមថា កត្តាចម្បងដែលលោកស្រីមកកាន់អាជីវកម្មមួយនេះ ដោយសារចង់ឱ្យប្រជាពលរដ្ឋខ្មែរបានស្គាល់ពីផលិតផលស្រុកផលិតដោយស្រ្តីខ្មែរ ខណៈលោកស្រីក៏មានគម្រោងនាំចេញទៅក្រៅប្រទេសដែរ។

រូបភាព៖ សាជីវកម្មខ្មែរ KhmerCrop

លោកស្រីមានប្រសាសន៍ដូច្នេះថា៖«បើគិតពីការចាប់ផ្តើមដំបូងមកដល់បច្ចុប្បន្ន ជួបការលំបាកច្រើន ដោយសារយើងខ្វះដើមទុន។ ធម្មតាក្នុងការធ្វើអាជីវកម្ម យើងតែងតែមានការខាត ការចំណេញអីផ្សេងៗ។ ប៉ុន្តែយើងនៅតែព្យាយាមរកលុយមិត្តភក្តិ បងប្អូន និងសាច់ញាតិផ្សេងៗ ដើម្បីយកមកគាំទ្រអាជីវកម្មយើងឱ្យដំណើរការមកដល់ឥឡូវ»។

លោកស្រីបន្ថែមថា អាជីវកម្មអាចដំណើរការរហូតមកដល់បច្ចុប្បន្ន ត្រូវការភាពអត់ធ្មត់ ការតស៊ូ និងការព្យាយាមភ្ជាប់ទំនាក់ទំនង និងចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ ដើម្បីយកចំណេះដឹងទាំងអស់នោះមកដោះស្រាយបញ្ហា ក្នុងអាជីវកម្ម និងផែនការគ្រប់គ្រងអាជីវកម្ម។

លោកស្រីថ្លែងថា៖«សំខាន់មែនទែនក្នុងការធ្វើអាជីវកម្ម ត្រូវចូលរួមវគ្គបណ្តុះបណ្តាល និងមានទំនាក់ទំនងជាមួយអ្នកខាងក្រៅ។ សូម្បីខ្ញុំបច្ចុប្បន្នមានអ្នកប្រឹក្សាយោបល់ ឬក៏ផ្តល់កម្លាំងចិត្តនៅពេលដែលយើងមានបញ្ហាអី តែងតែមានអ្នកជួយ អ្នកផ្តល់ប្រឹក្សា និងជួយជំរុញយើងនៅពីក្រោយ ទើបយើងអាចដើរមកដល់ពេលនេះបាន»។

សហគ្រាសសាជីវកម្មមានផលិតផល ដូចជា ទ្រនាប់មនុស្សគ្រប់វ័យ ខ្សែក្រវ៉ាត់មនុស្សប្រុស មនុស្សស្រី និងកាបូបដាក់លិខិតឆ្លងដែន ដោយផលិតផលទាំងអស់នេះ ផលិតពីស្បែកគោ។ បច្ចុប្បន្នផលិតផលទាំងអស់នេះ កំពុងដាក់លក់នៅតាមហ្វេសប៊ុក«សហគ្រាសសាជីវកម្ម» កម្មវិធីឃ្មុំ កម្មវិធី វីទិញ(VTENH)  និងកម្មវិធី Nham 24។ ជាទូទៅ ផលិតផលរបស់សហគ្រាសសាជីវកម្ម មានការគាំទ្រច្រើនពីប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុក ជាងជនជាតិបរទេស។

រូបភាព៖ សាជីវកម្មខ្មែរ KhmerCrop

លោកស្រីថ្លែងដូច្នេះថា៖«សម្រាប់ផលិតផលរបស់យើង ម៉ូតដែលយើងធ្វើរៀងខុសពីគេ អាចជាលក្ខណៈពិសេសរបស់យើង ហើយយើងផ្តល់លក្ខណៈពិសេសដល់អតិថិជនរបស់យើង ដូចជាភ្ញៀវដែលគាត់មានជើងតូចខ្លាំង ធំខ្លាំង គាត់ពិបាករកស្បែកជើងមកពាក់ ដូច្នេះយើងមានសេវាវាស់ទំហំជើងដែលភ្ញៀងចង់បាន ហើយយើងអាចកាត់តាមម៉ូតដែលគាត់ចង់បាន និងត្រូវការ។ លក្ខណៈពិសេសរបស់យើងផ្តោតលើ គុណភាព»។

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សហគ្រាសសាជីវកម្មខ្មែរ បញ្ចុះតម្លៃចំនួន១០ភាគរយលើផលិតផលទាំងអស់ ចាប់ពីថ្ងៃទី១៩ ដល់២៤ ខែនេះ ដោយអតិថិជន អាចបញ្ជាទិញតាមផេកហ្វេសប៊ុក និងកម្មវិធី ដែលកំពុងដាក់លក់ផលិតផល។

លោកស្រី ផល្លី ចង់ឱ្យប្រជាពលរដ្ឋខ្មែរងាកមកគាំទ្រផលិតផលនៅស្រុក ដើម្បីលើកទឹកចិត្តដល់សហគ្រិនខ្មែរមានកម្លាំងចិត្តក្នុងការកែច្នៃ ជួយផ្តល់ការងារដល់ពលរដ្ឋ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក៕