រូបឯកសារ៖ ពលករ ខ្មែរ នៅ អាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ រង់ចាំ ដំណើរ ទៅកាន់ ប្រទេស កូរ៉េ ខាងត្បូង។ (ប៉ូច រាសី/VOA)

ពលករកម្ពុជាចំណាកស្រុកទៅបម្រើការងារនៅក្រៅប្រទេសភាគច្រើន បានផ្ញើប្រាក់មកក្រុមគ្រួសារច្រើនជាងខែធម្មតា សម្រាប់ឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ខណៈប្រតិបត្តិការផ្ទេរប្រាក់តាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី បានកើនឡើងជាង១ម៉ឺនប្រតិបត្តិការក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២។

លោក ស៊្រុន ធារាជ្យ ពលករបម្រើការងារក្នុងរោងចក្រមួយនៅខេត្តតូយ៉ាម៉ា(TOYAMA) នៅប្រទេសជប៉ុន បានប្រាប់ខែ្មរណាស់នៅថ្ងៃទី១៩កញ្ញានេះថា លោកបានផ្ញើប្រាក់មកឪពុកម្តាយដែលរស់នៅឯកស្រុកកំណើតក្នុងខេត្តស្ទឹងត្រែងជាមធ្យម៥០០ដុល្លារក្នុងខែ ប៉ុន្តែសម្រាប់ខែកញ្ញា លោកបានផ្ញើមកផ្ទះពីរលើកប្រហែល៧០០ដុល្លារហើយ ព្រោះសម្រាប់ប្រើប្រាស់ក្នុងរដូវបុណ្យភ្ជុំ។

លោកប្រាប់ដូច្នេះថា៖«ខ្ញុំបានផ្ញើប្រាក់ឱ្យគាត់២ដងហើយក្នុងខែនេះ ទើបផ្ញើឱ្យប៉ុន្មានថ្ងៃមុនចំនួន២០០ដុល្លារថែមទៀតសម្រាប់គាត់ទៅបុណ្យភ្ជុំ»។

លោកបានឱ្យដឹងទៀតថា លោកបានផ្ញើប្រាក់ពីជប៉ុនទៅស្រុកខ្មែរតាមរយៈកាត SBI ដោយអ្នកផ្ទះរបស់លោកអាចដកប្រាក់បានតាមរយៈធនាគរមួយចំនួននៅកម្ពុជា មានដូចជា អេស៊ីលីដា កាណាឌីយ៉ា និង អេប៊ីអេ និង ភ្នាក់ងារវីង ជាដើម។

លោកប្រាប់ទៀតថា៖«ខ្ញុំបានផ្ញើប្រាក់មកតិចឬច្រើន វាសំខាន់លើយើងបើកប្រាក់ខែបានច្រើន យើងក៏ផ្ញើទៅផ្ទះច្រើនដែរ បើសិនខ្ញុំបើកប្រាក់ខែបានចំនួន១៧ម៉ឺនយេន យើងផ្ញើឱ្យគាត់ប្រហែល៥០០ដុល្លារអាមេរិកឬស្មើនឹង៧ទៅ៨ម៉ឺនយេន»។

លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុនៃធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រាប់ខ្មែរណាស់តាមតេឡេក្រាមថា អេស៊ីលីដា ទទួលបានការផ្ទេរប្រាក់ពីសាធារណរដ្ឋកូរ៉េ ជប៉ុន និងម៉ាឡេស៊ីពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២២នេះ បានជាង ៥៥,០០០ប្រតិបត្តិការ និងមានចំនួនទឹកប្រាក់ប្រមាណជា៧២លានដុល្លារអាមេរិក។

លោកស្រី អមរា បន្តទៀតថា បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២១ ប្រតិបត្តិការផ្ទេរប្រាក់ពីប្រទេសទាំងនោះបានកើនឡើងប្រមាណជា ១៦,០០០ ប្រតិបត្តិការ និងចំនួនទឹកប្រាក់បានកើនឡើងប្រមាណជា ១៥លានដុល្លារអាមេរិក។

លោកស្រីថ្លែងដូច្នេះថា៖«ការកើនឡើងនេះដោយសារមានការកើនឡើងនូវចំនួនអ្នកផ្ទេរប្រាក់នៅក្នុងប្រទេសទាំងនោះ ហើយពួកគាត់ភាគច្រើនមានការយល់ដឹងយ៉ាងទូលំទូលាយអំពីដំណើរការនៃការផ្ទេរប្រាក់តាមរយៈធនាគារ អេស៊ីលីដា ដែលមានភាពងាយស្រួល ខណៈដែលពីមុនពួកគាត់បានផ្ទេរប្រាក់តាមរយៈភ្នាក់ងារផ្សេងទៀត»។

របាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០២១របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្ពុជាមានពលករចំណាកស្រុកជាង១លាន៣សែននាក់ បានផ្ញើប្រាក់មកក្រុមគ្រួសារជិត៣ពាន់លានដុល្លារដែលបានចូលរួមចំណែកជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារពលករកាន់តែប្រសើរឡើង។

របាយការណ៍នេះ បង្ហាញទៀតថា ក្នុងចំណោមពលករខែ្មរ១លាន៣សែននាក់ នៅថៃមានជាង១លាន២សែននាក់ នៅកូរ៉េខាងត្បូងជាង៤ម៉ឺន៥ពាន់នាក់ នៅម៉ាឡេស៊ីមាន២ម៉ឺន៣ពាន់នាក់ នៅជប៉ុនមានជាង១ម៉ឺន១ពាន់នាក់ នៅសិង្ហបុរីមាន ៨២១នាក់ ទីហុងកុងមាន២០២នាក់ និងនៅអារ៉ាប់ប៊ីសាអូឌីតចំនួន៤៣នាក់។

យោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា ប្រាក់ផ្ញើពីបរទេសមានចំនួន១,២ពាន់លានដុល្លារនៅឆ្នាំ២០២០ ធ្លាក់ចុះ ២០% បើធៀបនឹងឆ្នាំ២០១៩ ដែលមានចំនួន១,៥ពាន់លានដុល្លារ។

របាយការណ៍នេះបង្ហាញទៀតថា ក្នុងនោះ ការផ្ញើប្រាក់ពីថៃបានរួមចំណែក ២៣ ភាគរយនៃចំនួនទឹកប្រាក់សរុប បន្ទាប់មកប្រទេសកូរ៉េមានចំណែក ១៦ ភាគរយ ខណៈជប៉ុន មានចំណែក ៦ ភាគរយ និងម៉ាឡេស៊ីមានចំណែក ១,៤ ភាគរយ៕