កាលវិភាគផ្តល់ការពិនិត្យរកជំងឺមហារីកសុដន់ដោយឥតគិតថ្លៃពីគ្រូពេទ្យជំនាញនៅសាខាAIA នៅតាមបណ្តាមួយចំនួន និងទីក្រុងភ្នំពេញ ស្ថិតនៅអគារ CITY TOWER, FACTORY ភ្នំពេញ និង មន្ទីរពេទ្យសីហនុមណ្ឌលនៃក្តីសង្ឃឹម។រូបភាព៖​ក្រសួងកិច្ចការនារី​

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia និងក្រសួងកិច្ចការនារី បានសហការគ្នារៀបចំវេទិកាអប់រំស្តីពីជំងឺមហារីកសុដន់នៃយុទ្ធនាការ Fit For Hope ឆ្នាំ២០២២ នៅក្រសួងកិច្ចការនារីនៅថ្ងៃ១៧ កញ្ញា។ គេរំពឹងថា យុទ្ធនាការនេះនឹងជួយកាត់បន្ថយអត្រាស្លាប់របស់ស្រ្តីពីជំងឺមហារីកនេះ។

ក្រុមហ៊ុន AIA Cambodia បានឱ្យដឹងថា Fit For Hope គឺជាយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងពីជំងឺមហារីកសុដន់ ហើយកម្មវីធីនេះក៏ផ្តល់ជូនការពិនិត្យជំងឺនេះដោយឥតគិតថ្លៃ ពោលគឺជួយដល់ស្ត្រីក្នុងការស្វែងយល់អំពីជំងឺនេះ របៀបពិនិត្យរោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការព្យាបាល និងទទួលបានឱកាសខ្ពស់ក្នុងការជាសះស្បើយ និងសង្គ្រោះជីវិត។
ក្រៅពីគោលបំណងនៃការផ្សព្វផ្សាយការយល់ដឹងពីជំងឺនេះ Fit For Hope ក៏ជាយុទ្ធនាការមួយដែលមានគោលបំណងរៃអង្គាសប្រាក់បរិច្ចាគជូនមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ដែលជាមន្ទីរពេទ្យមិនស្វែងរកប្រាក់ចំណេញ។

ក្រុមហ៊ុន AIA បញ្ជាក់ថា៖«ជាមួយនឹងខួបគម្រប់៥ឆ្នាំរបស់យើង និងការប្តេជ្ញាចិត្តរបស់យើងជាមួយក្រុម AIA ក្នុងការជួយមនុស្ស១ពាន់លាននាក់នៅអាស៊ីឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ យុទ្ធនាការនេះ នឹងពង្រីកសារៈសំខាន់នៃការថែទាំបង្ការ និងជួយស្ត្រីឱ្យទទួលយករបៀបរស់នៅដែលមានសុខភាពល្អ ដើម្បីក្លាយជាកំណែដ៏ល្អបំផុត របស់ពួកគេ»។

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ថ្លែងបើកយុទ្ធនាការលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់ នៅថ្ងៃសុក្រនេះថា ក្រសួងកិច្ចការនារីគាំទ្រយុទ្ធនាការនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់ ដល់សាធារណជន ជាពិសេសស្រ្តី និងក្មេងស្រីកម្ពុជា។

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី។រូបភាព៖ក្រសួ​ងកិច្ចការនារី

លោកស្រី អ៊ឹង កន្ថាផាវី ថ្លែងទៀតថា បច្ចុប្បន្ននេះ ជំងឺមិនឆ្លង កំពុងផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងជីវភាពរបស់ប្រជាជនលើពិភពលោក និងប្រទេសកម្ពុជា ជាពិសេសស្ត្រី និងក្មេងស្រី ព្រមទាំងបង្កការខាតបង់ដល់សេដ្ឋកិច្ចពិភពលោករាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

លោកស្រីរដ្ឋមន្រ្តី បន្តទៀតថា ដោយឡែក នៅប្រទេសកម្ពុជា មានប្រជាជនប្រមាណ ៦០,០០០នាក់ស្លាប់ជារៀងរាល់ឆ្នាំ ដោយជំងឺមិនឆ្លងដែលស្មើនឹង៦៤%នៃមរណភាពសរុប ក្នុងនោះស្រ្តីមានចំនួនប្រមាណ៣១,៥០០នាក់ ឬជាង៥០% និងធ្វើឱ្យប្រទេសកម្ពុជាខាតបង់សេដ្ឋកិច្ចរាប់រយលានដុល្លារ ដោយសារការចំណាយលើផ្នែកសុខាភិបាល និងការបាត់បង់ផលិតភាពការងារ។

លោកស្រីរដ្ឋមន្រ្តីថ្លែងដូច្នេះថា៖«ជំងឺមិនឆ្លងអាចការពារបានដល់ទៅ៨០% បើសិនជាមានអន្តាគមន៍ដ៏មានប្រសិទ្ធភាពខ្ពស់ជាច្រើន ដូចជាការថែទាំសុខភាពបឋម ការគ្រប់គ្រងខ្លួនឯង ដោយកាត់បន្ថយកត្តាហានិភ័យនៃជំងឺមិនឆ្លង ដូចជាកុំប្រើប្រាស់គ្រឿងស្រវឹង ថ្នាំជក់ កាត់បន្ថយការប្រើប្រាស់អំបិល និងជាតិខ្លាញ់ក្នុងអាហារ និងការធ្វើលំហាត់ប្រាណជាប្រចាំ និងទៀងទាត់ជាដើម»។

ក្រសួងកិច្ចការនារី និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា មានកិច្ចសហប្រតិបត្តិការលើគម្រោង«លើកកម្ពស់សុខភាព និងហិរញ្ញវត្ថុសម្រាប់ស្រ្តីកម្ពុជា» ដែលមានរយៈពេល៥ឆ្នាំ ក្នុងគោលបំណងបង្កើនការយល់ដឹងស្រ្តី និងគ្រួសារអំពីសិទ្ធិទាក់ទងនឹងសុខភាពបន្តពូជ ជំងឺមិនឆ្លង រួមមានមហារីកស្បូន មហារីកសុដន់ មូលដ្ឋានគ្រឹះនៃអាហារូបត្ថម្ភ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ នៅក្នុងខេត្តគោលដៅចំនួន៤ ដូចជា កំពង់ចាម សៀមរាប បាត់ដំបង និងកំពត។

គម្រោងនេះនឹងរួមចំណែកដ៏សំខាន់ក្នុងការកាត់បន្ថយអត្រាមរណភាពរបស់ស្រ្តី និងក្មេងស្រី ដែលបណ្តាលមកពីជំងឺមហារីក ក្នុងប្រទេសកម្ពុជាផងដែរ។

កាលវិភាគផ្តល់ការពិនិត្យរកជំងឺមហារីកសុដន់ដោយឥតគិតថ្លៃពីគ្រូពេទ្យជំនាញនៅសាខាAIA នៅតាមបណ្តាខេត្តមួយចំនួន ដូចជា ខេត្តកំពត បាត់ដំបង សៀមរាប និងកំពង់ចាម និងនៅរាជធានីភ្នំពេញ ស្ថិតនៅទីតាំងអគារ CITY TOWER និងFACTORY ភ្នំពេញ ព្រមទាំងនៅមន្ទីរពេទ្យសីហនុមណ្ឌលនៃក្តីសង្ឃឹម នៅសង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ការផ្ដល់ការពិនិត្យដោយឥតគិតថ្លៃនេះ គឺចាប់ពីពេលនេះរហូតដល់ថ្ងៃទី១៩ខែតុលា៕