រូបភាព៖បណ្តាញសង្គម

គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ និងអាណាព្យាបាលសិស្ស ដែលពាក់ព័ន្ធនឹងករណី នាយកសាលាបានទះស្មាកូនសិស្សស្រីពីក្រោយមួយដៃ កាលពីថ្ងៃទី១៤ ដោយចោទថាមិនបានគោរពវិន័យសាសា គឺបានជួបប្រជុំសម្របសម្រួលគ្នាបញ្ចប់ដោយសន្តិវិធី ពុំមានការប្តឹងផ្តល់នោះទេ។

លោក រស់ សុវាចា មន្រ្តីនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានប្រាប់សារព័ត៌មានខ្មែរណាស់ថា កាលពីព្រឹកថ្ងៃទី១៦កញ្ញាម្សិលមិញ គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល បានជួបប្រជុំជាមួយអាណាព្យាបាល និងសិស្សស្រី ដើម្បីសម្របសម្រួលគ្នា ហើយទទួលបានលទ្ធផល៤ចំណុច។

លោកបន្តថា លទ្ធផលទាំង៤នោះ មានដូចជា មាតាបិតាបានទទួលស្គាល់ និងមិនបានខឹងសម្បារ ឬមានបំណងប្ដឹងផ្ដល់លោកនាយកទៀតឡើយ និងបានសំណូមពរទៅលោកនាយកសាលា និងអ្នកសារព័ត៌មានមេត្តាបញ្ឈប់ចំពោះការយកព័ត៌មានចុះផ្សាយដែលមានចេតនាចោទប្រកាន់ថាកូនរបស់ពួកគាត់ខិលខូច ច្រឡើសបើស ដែលជាហេតុផលមួយធ្វើឱ្យសិស្សអាចបាក់ទឹកចិត្ត ឬប៉ះពាល់ដល់កិត្តិយសរបស់សិស្ស។

លោកបន្តដូច្នេះថា៖«អ្នកអាណាព្យាបាលស្នើសុំកុំឱ្យមានការគុំកួនធ្វើបាបដោយចេតនា ឬអចេតនា និងដាក់បន្ទុកដល់សិស្ស។ ទី៣ លោកនាយកសាលា បានទទួលយកសំណូមពរ ដើម្បីការកែលម្អ និងសុំការអធ្យាស្រ័យចំពោះទង្វើឆ្គាំឆ្គងរបស់លោក និងទី៤ ភាគីទាំងពីរបានឯកភាពស្រុះស្រួលគ្នារួមគ្នាបញ្ចប់ព័ត៌មាននេះដោយសន្តិវិធី»។

ការសម្រួបសម្រួលគ្នានេះ ត្រូវបានធ្វើឡើងក្រោយមានការចែករំលែកវីដេអូខ្លីតៗគ្នា នាំឱ្យមានវែកញែកផ្សេងៗគ្នាលើបណ្ដាញសង្គម Facebook អំពីករណីនាយកវិទ្យាល័យ សេរីភាព ក្រុងតាខ្មៅ លោក ម៉ម សុធានី បានវាយសិស្សស្រីក្នុងសាលា ដោយសារខឹងនឹងកូនសិស្សស្រីរូបនោះ គូសវាសអក្សរលើអាវ។

រូបភាព៖ មហាគ្រួសារតាខ្មៅ

គួរបញ្ជាក់ថា បន្ទាប់ពីកើតហេតុ នៅរសៀលថ្ងៃទី១៤កញ្ញានេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល បានជួបប្រជុំពិភាក្សាជាមួយគណៈគ្រប់គ្រង វិទ្យាល័យ ហ៊ុន សែន សេរីភាព បន្ទាប់ពីជួបប្រជុំពិភាក្សារួច មន្ទីរបានដាក់គោលការណ៍ចំនួន ៣ ចំណុចធំៗ ជូនគណៈគ្រប់គ្រងសាលាមានដូចជា ត្រូវបង្កើនគុណភាពអប់រំ ឱ្យបានកាន់តែប្រសើរឡើង ត្រូវអប់រំណែនាំប្អូនៗដោយមិនប្រើអំពើហិង្សា ទោះអចេតនាក្តី ចេតនាក្តី និងអញ្ជើញអាណាព្យាបាលមកជួបពិភាក្សាបកស្រាយណែនាំឱ្យបានជ្រាប៕