រូបភាព៖ ហ្វេសប៊ុក លោក វេង សាខុន

តាមរយៈកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងជាមួយក្រុមហ៊ុន Agrostudies របស់អូស្ត្រាអែល តាំងពីឆ្នាំ២០០៨ មក កម្ពុជាបានបញ្ជូននិស្សិតទៅហាត់ការនៅប្រទេសអ៊ីស្រាអែល មានចំនួន ១៧១៩នាក់។ នេះបើតាមការលើកឡើងនៅក្នុងហ្វេសប៊ុក របស់លោក វេង សាខុន នៅថ្ងៃទី១៦កញ្ញា។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសលោក វេង សាខុន ចូលរួមក្នុងកម្មវិធីសំណេះសំណាល ជាមួយនិស្សិតកសិកម្មចំនួន២៥០នាក់ ដែលនឹងទៅហាត់ការនៅប្រទេសអ៊ីស្រាអែល សម្រាប់ឆ្នាំ២០២២-២០២៣។

រូបភាព៖ ហ្វេសប៊ុក លោក វេង សាខុន

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការទៅហាត់ការនៅប្រទេសអ៊ីស្រាអែលនេះ គឺជាឱកាសល្អ សម្រាប់សិស្សនិស្សិត សម្រាប់អភិវឌ្ឍសមត្ថភាពខ្លួនតាមរយ:ការសិក្សាទ្រឹស្តី និងហាត់ការផ្ទាល់នៅក្នុងមន្ទីរពិសោធន៍ រោងចក្រកែច្នៃ ចម្ការបន្លែ ផ្លែឈើ និងពូជដំណាំ ថ្នាលពិសោធន៍ និងកសិដ្ឋានទំនើបៗដែលពាក់ព័ន្ធនឹងវិស័យផលិតកម្មកែច្នៃ បង្កាត់ពូជ វារីវប្បកម្ម ផលិតកម្មសត្វ និងទឹកដោះ និងសាកវប្បកម្ម។

លោកបានណែនាំឱ្យសិស្សនិស្សិត ត្រូវខិតខំរៀនសូត្រទាំងទ្រឹស្តី និងប្រតិបត្តិ ចែករំលែកបទពិសោធន៍ ប្រកាន់ខ្ជាប់នូវក្បួនច្បាប់ វិន័យ សីលធម៌ វប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់ ត្រូវមានអំណត់ អត់ធន់ដើម្បីអភិវឌ្ឍ និងកសាងខ្លួនឯងឲ្យក្លាយជានិស្សិតឆ្នើម និងមានតម្លៃរួចបំពេញប្រយោជន៍ឲ្យខ្លួនឯង ជាពិសេសសង្គមជាតិក្រោយពីត្រឡប់មកមាតុភូមិវិញ។

លោកថ្លែងដូច្នេះថា៖«ប្រទេសជាតិត្រូវការធនធានមនុស្សផ្នែកវិស័យកសិកម្ម ដែលមានសក្តានុពលទាំងចំណេះជំនាញ និងបទពិសោធន៍ដែលបានក្រេបជញ្ជក់ពីប្រទេសអ៊ីស្រាអែល ហើយពិតណាស់ក្មួយៗត្រូវឆ្លៀតយកឱកាសដ៏ល្អនេះ ខិតខំរៀនសូត្រ ស្រូបយកនូវរាល់ចំណេះ ជំនាញដែលជាទុនពុទ្ធិយ៉ាងរឹងមាំ ដើម្បីរួមគ្នាគិតគូរ ដោះស្រាយឲ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ឈានឆ្ពោះទៅធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា»។

លោក ង៉ោ ប៉ុនថាន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទ បានលើកឡើងថា កម្មវិធីហាត់ការនៅប្រទេសអ៊ីស្រាអែលនេះ មានរយៈពេល១១ ខែ ក្នុងគោលបំណង លើកកម្ពស់ការអប់រំទាំងផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់ដល់និស្សិត។

លោកបន្តថា ក្នុងងរយៈពេល ១១ខែនិស្សិតត្រូវធ្វើការសិក្សានៅក្នុងថ្នាក់មានទ្រឹស្តី ហើយចំពោះមុខវិជ្ជាដែលត្រូវការសិក្សាមានដូចជា ស្តង់ដារកសិកម្មអន្តរជាតិ សេដ្ឋកិច្ចកសិកម្ម ការការពារដំណាំ គម្រោងស្រាវជ្រាវ អភិរក្សធនធានដី មូលដ្ឋានគ្រឹះនៃប្រព័ន្ធស្រោចស្រពបែបទំនើប បច្ចេកទេសក្រោយពេលប្រមូលផលបន្លែ និងផ្លែឈើ ការធ្វើកសិកម្មឈើហូបផ្លែ និង និរន្តរភាពកសិកម្ម។ ចំណែកឯជំនាញដែលបានអនុវត្តនៅកសិដ្ឋានរួមមាន ការចិញ្ចឹមមាន់ សាកវប្បកម្ម ការប្រមូលផល និងការវេចខ្ចប់ ដាំដំណាំផ្កា និងការបណ្តុះផ្សិត៕