សិប្បកម្មកែច្នៃស្វាយចន្ទីស្ទឹងត្រែងផ្តល់វគ្គបណ្តុះបណ្តាលដាំស្វាយចន្ទីស្របតាមស្តង់ដារដល់កសិករ។រូបភាព៖ ខ្មែរណាស់

សិប្បកម្មកែច្នៃស្វាយចន្ទីស្ទឹងត្រែង(Handcrafted Cashew Nuts Stung Treng) ជាសិប្បកម្មដ៏ធំមួយស្ថិតនៅលើផ្ទៃដីចំនួន៤ ហិកតា ស្ថិតនៅឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលបានចុះកិច្ចសន្យាទទួលទិញស្វាយចន្ទីពីកសិករក្នុងតម្លៃខ្ពស់ជាងឈ្មួញកណ្តាល និងថែមទាំងបើកវគ្គបណ្តុះបណ្តាលដល់កសិករពីបច្ចេកទេសដាំស្វាយចន្ទីធន់នឹងអាកាសធាតុ និងសត្វល្អិត។

កាលពីថ្ងៃទី៩ កញ្ញា កន្លងទៅ សិប្បកម្មកែច្នៃស្វាយចន្ទីស្ទឹងត្រែង បានធ្វើសិក្ខាសាលារដូវកាលថ្មីសម្រាប់ដំណាំស្វាយចន្ទីដល់កសិករចំនួន៦០នាក់ ដែលផ្តោតសំខាន់លើការទប់ស្កាត់កត្តាចង្រៃ ការថែទាំស្វាយចន្ទីដើម្បីធន់នឹងអាកាសធាតុ ប្រព័ន្ធស្រោចស្រពដើរដោយថាមពលពន្លឺព្រះអាទិត្យ ជួយធ្វើសំណើមគល់ ការណែនាំអំពីកសិកម្មល្អកម្ពុជា(CAMGAP) និងបច្ចេកទេសបឋមនៃការកែច្នៃគ្រាប់ស្វាយចន្ទី។

មន្ត្រីពាក់ព័ន្ធបានចូលរួមបើកវគ្គសិក្ខាសាលាជាមួយកសិករ។ រូបភាព៖ ខ្មែរណាស់

ក្នុងឱកាសបើកសិក្ខាសិលានេះ ក៏មានភាគីពាក់ព័ន្ធជាច្រើនបានចូលរួម មានដូចជា មន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង មន្រ្តីសាលាស្រុកសៀមបូក សមាគមស្វាយចន្ទីសាខាខេត្តស្ទឹងត្រែង និងប្រធានគម្រោងហាវេសIIIរបស់សហរដ្ឋអាមេរិក និងអ្នកពាក់ព័ន្ធផ្សេងទៀត។

លោកស្រី មុត ចរិយា អគ្គនាយិកាសិប្បកម្មកែច្នៃស្វាយចន្ទីស្ទឹងត្រែង បានលើកឡើងថា សិប្បកម្មកែច្នៃស្វាយចន្ទីស្ទឹងត្រែងមិនត្រឹមតែផ្តល់វគ្គបណ្តុះបណ្តាលដល់បុគ្គលិកនោះទេ ក្នុងនោះ ក៏បានផ្តល់វគ្គបណ្តុះបណ្តាលដល់កសិករផងដែរ ដើម្បីឱ្យកសិករស្វែងយល់ពីការដាំដុះស្វាយចន្ទីប្រកបដោយគុណភាព សុវត្ថិភាព និងទទួលបានតម្លៃបន្ថែម។

លោកស្រីថ្លែងដូច្នេះថា៖«មូលហេតុដែលយើងរៀបចំសិក្ខាសាលានេះឡើង ដោយសារសហគ្រាសយើងខ្ញុំប្រមូលទិញតែគ្រាប់ស្វាយចន្ទីដែលមានគុណភាពប្រសើរ ព្រោះទីផ្សារនៅខាងក្រៅប្រទេស គេចង់បានផលិតផលមួយដែលមានសុវត្ថិភាព និងគុណភាព»។

កម្មវិធីបើកសិក្ខាសាលាពីរបៀបដាំស្វាយចន្ទីឱ្យទទួលបានផលខ្ពស់ដល់កសិករ។ រូបភាព៖ខ្មែរណាស់

លោក លី ប៊ុនចាយ កសិករដាំស្វាយចន្ទីដែលបានចុះកិច្ចសន្យាជាមួយសិប្បកម្មនេះ បានលើកឡើងក្រោយពីបានចូលរួមក្នុងវគ្គបណ្ដុះបណ្តាលថា បច្ចុប្បន្នការដាំស្វាយចន្ទីប្រឈមបញ្ហាជាច្រើន ដែលធ្វើឱ្យស្វាយចន្ទីទទួលបានទិន្នផលទាប មានដូចជាបញ្ហាសត្វល្អិត និងអាកាសធាតុប្រែប្រួល។

លោកយល់ឃើញថា វគ្គបណ្តុះបណ្តាល ដែលរៀបចំដោយសិប្បកម្មកែច្នៃស្វាយចន្ទីស្ទឹងត្រែងពិតមានសារៈសំខាន់ណាស់ ព្រោះបានផ្តល់ចំណេះដឹងថ្មីៗដល់កសិករ ក្នុងការថែទាំស្វាយចន្ទី​ឱ្យទទួលបានផលល្អ។

លោកថ្លែងដូច្នេះថា៖«បានក្រុមហ៊ុននេះមក ផ្តល់អាទិភាពឱ្យយើងបានចូលរួមសិក្ខាសាលាបានទទួលចំណេះដឹងថ្មីៗ គឺពិតជាអរគុណគាត់មែនទែន ដែលគាត់បានបង្កើតកម្មវិធីនេះឡើងមក។ ប្រជាកសិករមិនមែនគាត់ចេះទាំងអស់នោះទេ អ្នកខ្លះក៏គាត់ចេះ អ្នកខ្លះក៏អត់ចេះទៅ បានគាត់មកអ៊ីចឹងទៅបានផ្តល់ជាយោបល់ បានផ្តល់វគ្គសិក្ខាសាលាបែបនេះ ធ្វើឱ្យយល់ដឹងពីបម្រែបម្រួលអាកាសធាតុ និងការថែទាំចន្ទីអ៊ីចឹងទៅ»។

លោកបន្តថា៖« ខ្ញុំចាប់អារម្មណ៍ជាងគេគឺ ប្រព័ន្ធស្រោចស្រព ដែលគាត់មានបង្ហាញផ្ទាំងសូឡា ដែលមានស្រោចស្រព។ ពេលខ្លះ ប្រជាកសិករមួយចំនួនចង់បានទិន្នផលខ្ពស់គាត់ត្រូវមានការស្រោចទឹក និងដាក់ជី ប៉ុន្តែពីមុនអត់មានសូឡាអ៊ីចឹង ត្រូវប្រើប្រេងសាំង ហើយត្រូវចំណាយថវិកាច្រើន ប្រើសូឡាទៅអត់សូវអស់លុយច្រើននោះទេ យើងចំណាយតែម្តងប្រើបានរហូត»។

លោកបន្ថែមថា លោកបានចុះកិច្ចសន្យាលក់គ្រាប់ស្វាយចន្ទីឱ្យសិប្បកម្មកែច្នៃស្វាយចន្ទីស្ទឹងត្រែងអស់រយៈពេល១ឆ្នាំហើយ ដោយសិប្បកម្មនេះបានទទួលទិញគ្រាប់ស្វាយចន្ទីក្នុងតម្លៃខ្ពស់ជាងឈ្មួញប្រមូលទិញក្នុងភូមិ។

លោកថ្លែងដូច្នេះថា៖« គាត់ចុះទៅទិញតម្លៃថេរល្អ គាត់អត់ចុះឡើងៗតាមចិត្តទេ ប្រសិនជាឈ្មួញកណ្តាលដែលទិញតាមភូមិជូនកាលពេលព្រឹកតម្លៃ៤ពាន់រៀល ពេលល្ងាចសល់៣៨០០រៀល ឡើងចុះៗ ក្នុង១ថ្ងៃមាន៣​ទៅ៤ដងក៏មានដែរ។ ដូច្នេះយើងគ្រប់គ្រងទីផ្សារអត់បាន។ បើគាត់(សិប្បកម្ម)វិញមានកំណត់បើគាត់ទិញ៤ពាន់រៀលដឹងថា ៤ពាន់រៀល ហើយគាត់ថែរក្សាតម្លៃថេរចំពោះកសិករដែលធ្វើបានល្អ»។

លោកស្រី ហម សាមឿ កសិករដាំស្វាយចន្ទីម្នាក់ទៀត បានលើកឡើងថា លោកស្រីពិតជាសប្បាយចិត្តណាស់នៅពេលដែលមានសិប្បកម្មកែច្នៃនៅក្បែរចម្ការស្វាយចន្ទី ព្រោះកសិករនឹងលែងបារម្ភបញ្ហាទីផ្សារលក់មិនចេញទៀតហើយ។

លោកស្រីថ្លែងដូច្នេះថា៖«ខ្ញុំមានទំនុកចិត្ត សូម្បីឈ្មួញកណ្តាលដើរទិញទៅលក់ទៅវៀតណាមអត់មកទិញ ក៏ខ្ញុំមានកន្លែងសហគ្រាសគេទិញ ខ្ញុំបានចូលសហគមន៍ជាមួយគេ ហើយទៅថ្ងៃខាងមុខកូនចៅយើងអាចមកធ្វើជាកម្មករ បុគ្គលិកក្នុងនេះទៅ គ្រាន់បានប្រាក់ខែស៊ី»។

លោកស្រីបន្ថែមថា នៅពេលដែលមិនទាន់មានសិប្បកម្មកែច្នៃ គាត់ពិតជាមានការព្រួយបារម្ភណាស់ ព្រោះទីផ្សារមិនទៀងទាត់ ឈ្មួញតែងតែទម្លាក់តម្លៃ ហើយកសិករគ្មានជម្រើស មានតែលក់ចេញ ព្រោះត្រូវការថវិកា ដើម្បីយកទៅទូទាត់ថ្លៃថ្នាំ និងជីកសិកម្ម។

ចំណែកលោក មាស ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង ដែលបានចូលរួមបើកវគ្គសិក្ខាសាលានេះ បានលើកឡើងថា លោកពិតជាសប្បាយរីករាយណាស់ នៅពេលខេត្តស្ទឹងត្រែងមានសិប្បកម្មកែច្នៃស្វាយចន្ទីដ៏ធំ ចាំប្រមូលទិញស្វាយចន្ទីពីកសិករ ព្រោះវាជួយផ្តល់ទីផ្សារល្អដល់កសិករ និងអាចផ្តល់ការងារដល់ពលរដ្ឋបន្ថែមក្នុងមូលដ្ឋាន។

លោកថ្លែងដូច្នេះថា៖«មានសិប្បកម្មកែច្នៃនៅទីនេះ នឹងជួយបង្កើនប្រាក់ចំណូលអ្នកផលិតស្វាយចន្ទី គាត់មានទីផ្សារច្បាស់លាស់ ហើយតម្លៃទីផ្សារមួយដែលអាចទទួលយកបាន។ វាបានជួយបង្កើនការងារដល់បងប្អូនដ៏ទៃទៀត ដែលមិនបានដាំស្វាយចន្ទី បានមកបម្រើការងារនៅសិប្បកម្មនេះ និងជួយលើកស្ទួយជីវភាពពួកគាត់ឱ្យប្រសើរឡើង ដោយមិនចាំបាច់ចំណាកស្រុកទៅខាងក្រៅ»។

លោក មាស ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង ។ រូបភាព៖ខ្មែរណាស់

រីឯលោកស្រី ម៉ែន ស៊ីណាត អភិបាលរងស្រុកសៀមបូក បានលើកឡើងដែរថា នៅពេលដែលមានការបង្កើតសិប្បកម្មកែច្នៃនេះឡើង បានកែប្រែផ្នត់គំនិតប្រជាពលរដ្ឋមិនបន្តធ្វើចំណាកស្រុកឃ្លាតឆ្ងាយពីក្រុមគ្រួសារទៀតនោះទេ។

លោកស្រីថ្លែងដូច្នេះថា៖«ជូនកាលការដែលគាត់ទៅចំណាកស្រុក ពេលខ្លះប្រកបដោយសុវត្ថិភាព ពេលខ្លះមិនសុវត្ថិភាពទេ ហេតុដូច្នេះគាត់បានងាកមកធ្វើការងារក្នុងស្រុក ដោយសារមានសហគ្រាស។ សហគ្រាសកើតឡើង ហើយបង្កើតឱកាសការងារដល់ពួកគាត់ធ្វើនៅក្នុងភូមិឃុំគាត់ ហើយកូនចៅរបស់គាត់ក៏អាចមកធ្វើជាបុគ្គលិកដល់ទីនេះ ដើម្បីរកប្រាក់ចំណូលកាន់តែកើនឡើង ដូច្នេះបច្ចុប្បន្នមិនសូវមានចំណាកស្រុកនោះទេ»។

លោកស្រី ម៉ែន ស៊ីណាត អភិបាលរងស្រុកសៀមបូក និងលោកស្រី មុត ចរិយា អគ្គនាយិកាសិប្បកម្មកែច្នៃស្វាយចន្ទីស្ទឹងត្រែង។ រូបភាព៖ ខ្មែរណាស់

មន្រ្តីមន្ទីរកសិកម្ម មន្រ្តីរដ្ឋបាលស្រុក ដៃគូផ្ដល់ជំនួយ រួមទាំងភាគីពាក់ព័ន្ធ និងកសិករដាំស្វាយចន្ទី បានដើរទស្សនាអំពីដំណើរការកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែង បន្ទាប់ពីសិប្បកម្មនេះ ទើបបានសាងសង់រោងចក្រថ្មីធំទូលាយជាងមុន និងទើបទិញម៉ាស៊ីន និងឧបករណ៍ទំនើបៗមកបំពាក់ រួមមានម៉ាស៊ីនជ្រើសរើសគ្រាប់ ម៉ាស៊ីនពុះបំបែកសម្បកគ្រាប់ ម៉ាស៊ីនសម្ងួត និងម៉ាស៊ីនចំហុយគ្រាប់ជាដើម ខណៈសហគ្រាស ត្រៀមនឹងសម្ពោធជាផ្លូវនៅពេលខាងមុខនេះ។

លោក Nimish Jhaveri ប្រធានគម្រោងហាវេសIII បានទស្សនកិច្ចដំណើរផលិតកម្មនៅក្នុងសិប្បកម្មកែច្នៃស្វាយចន្ទី។ រូបភាព៖ខ្មែរណាស់

លោក Nimish Jhaveri ប្រធានគម្រោងហាវេសIII បានលើកឡើងថា កត្តាចម្បងដែលនាំឱ្យកសិករដាំស្វាយចន្ទីនៅក្នុងស្រុកមានទីផ្សារល្អ គឺមានតែចូលរួមគាំទ្រលើកកម្ពស់សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ហើយនាំចេញទៅក្រៅប្រទេសប៉ុណ្ណោះ។

លោកបន្តថា នៅពេលដែលនិយាយអំពីការកែច្នៃស្វាយចន្ទី ដើម្បីនាំចេញមិនត្រឹមតែផ្តោតលើការដាំដុះ ហើយកែច្នៃនាំចេញនោះទេ វាត្រូវមានលក្ខខណ្ឌផ្សេងទៀត ដូច្នេះដើម្បីនាំចេញទៅក្រៅប្រទេសបានសហគ្រាសត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះគុណភាព និងសុវត្ថិភាពនៃគ្រាប់ស្វាយចន្ទី។

ចំណែកកញ្ញា សឿន សុទ្ធនីតា អ្នកគ្រប់គ្រងការអភិវឌ្ឍន៍អាជីវកម្ម នៃសហគ្រាសកែច្នៃស្វាយចន្ទីស្ទឹងត្រែង បានលើកឡើងថា ផលិតផលរបស់សិប្បកម្មកែច្នៃស្វាយចន្ទីស្ទឹងត្រែងកំពុងដាក់លក់នៅតាមផ្សារទំនើបក្នុងខេត្តសៀមរាប តាមផ្សារអនឡាញCambodia Trade  និងគ្រោងនាំចេញទៅផ្សារអន្តរជាតិនាពេលខាងមុខឆាប់ៗនេះ។កញ្ញាថ្លែងដូច្នេះថា៖«បច្ចុប្បន្ននេះយើងកំពុងឈានជើងចូលទៅក្នុងទីផ្សារប្រទេសអាមេរិក បារាំង អាល្លឺម៉ង់ កូរ៉េ ជប៉ុនជាដើម និងបណ្តាប្រទេសផ្សេងៗទៀតនៅថ្ងៃអនាគត»។

គួរបញ្ជាក់ថា ផលិតផលស្វាយចន្ទីរបស់សិប្បកម្មស្ទឹងត្រែងមាន៥រសជាតិ មានដូចជារសជាតិឈើអែម រសជាតិ Milk Cream រសជាតិហឹរ រសជាតិអំបិល និងរសជាតិតុងយ៉ាំ៕

ផលិតផលស្វាយចន្ទីរបស់សិប្បកម្មកែច្នៃស្វាយចន្ទីស្ទឹងត្រែង។ រូបភាព៖ ហ្វេសប៊ុក ចន្ទីស្ទឹងត្រែង Cashew Nuts Stung Treng-HCST