ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។រូបភាព៖ ហ្វេសប៊ុក​សម្តេច ហ៊ុន សែន​

សមាគមមីក្រូហិរញ្ញវត្ថុ បានប្រកាសគាំទ្រប្រសាសន៍សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន លើការផ្តល់ឥណទាននូវអត្រាការប្រាក់ទាប និងដោយភាពអនុគ្រោះ ជូនពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្សាយនៅថ្ងៃទី១៤ កញ្ញានេះ។

សមាគមមីក្រូហិរញ្ញវត្ថុ សូមប្រកាសគាំទ្រប្រសាសន៍អំពាវនាវរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើសុំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការសម្របសម្រួលផ្តល់ឥណទានជាមួយ «អត្រាការប្រាក់ទាប និងដោយភាពអនុគ្រោះ» ជូនប្រជាពលរដ្ឋដែលបានមករស់នៅភូមិធម្មជាតិរុនតាឯក។

ការអំពាវនាវរបស់សម្តេច ហ៊ុន សែន ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៣ កញ្ញា ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័ក្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកទឹកចិត្តដល់សមាជិកទាំងអស់ ដែលមានប្រតិបត្តិការក្នុងតំបន់ខាងលើនេះ មេត្តាសម្របសម្រួលផ្តល់ឥណទានថ្មីៗ ប្រកបដោយភាពងាយស្រួល និងលក្ខខណ្ឌអនុគ្រោះសមស្របចំពោះប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅមកភូមិធម្មជាតិរុនតាឯក តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបន្តថា៖«កាយវិការនេះ គឺជាការចូលរួមរបស់វិស័យមីក្រូហិរញ្ញវត្ថុជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សា និងអភិរក្សតំបន់អង្គរដែលជាបេតិកភ័ណ្ឌពិភពលោកនិងមនុស្សជាតិ»។

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) ធ្លាប់ប្រាប់ខ្មែរណាស់ថា គិតត្រឹមត្រីមាសទី២ វិស័យមីក្រូហិរញ្ញវត្ថុ បានផ្តល់ឥណទានសរុប ៨ ៧១៩លានដុល្លារ ដល់អតិថិជនសរុប ១ ៩៩៤ ៥៤១ គណនី។ ចំណែក ប្រាក់បញ្ញើកើនដល់ ៤ ៦៥០លានដុល្លារ មកពីអតិថិជនចំនួន ២ ៦២៣ ៨៣០ គណនី។

លោកថ្លែងដូច្នេះថា៖«ឥណទានពីវិស័យមីក្រូហិរញ្ញវត្ថុ ផ្តល់ឱកាសដល់កសិករមានលទ្ធភាពពង្រីកផ្ទៃដីដាំដុះ បង្កើនផលិតកម្ម លើកកម្ពស់ការប្រើប្រាស់ធាតុចូលដែលមានគុណភាពខ្ពស់ ជំរុញការប្រើប្រាស់គ្រឿងយន្តកសិកម្ម ក៏ដូចជា បង្កើនល្បឿនពាណិជ្ជកម្មកសិកម្ម ផងដែរ»៕