ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក (Heng Feng (Cambodia) Bank Plc.) បានសម្ពោធបើកដំណើរការជាផ្លូវការ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ​២០២២។រូបភាព៖ ធនាគារជាតិនៃកម្ពុជា​

ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក (Heng Feng (Cambodia) Bank Plc.) បាន​សម្ពោធ​បើក​ដំណើរការជាផ្លូវ​ការ​ កាលពី​ថ្ងៃទី​១៣ កញ្ញា ខណៈ​វិស័យធនគារ និង​ហិរញ្ញ​វត្ថុ​ កំពុង​ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅ​កម្ពុជា។

កម្មវិធី​សម្ពោធ​ ធនាគារ ហេង ហ្វឹង ក្រោម​អធិបតីភាព​ លោកស្រី ​អ៊ុក ម៉ាលី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និង​ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ ហេង ហ្វឹង នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា រាជធានីភ្នំពេញ។

លោកស្រី ​អ៊ុក ម៉ាលី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា។រូបភាព៖ ធនាគាជាតិ​នៃកម្ពុជា​

លោកស្រី ​អ៊ុក ម៉ាលី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បាន​ថ្លែងថា​៖«ការវិនិយោគរបស់ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក នាពេលនេះ បានឆ្លុះបញ្ចាំងពីជំនឿទុកចិត្ត ការគាំទ្រ និងការចូលរួមចំណែកកាន់តែច្រើនរបស់វិនិយោគិនមកលើវិស័យធនាគារកម្ពុជា។

លោកស្រី ថ្លែងដូច្នេះថា៖«នេះ​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ការចូលរួមចំណែកបន្ថែមដល់ការអភិវឌ្ឍវិស័យធនាគារប្រកបដោយនិរន្តរភាព និងបរិយាបន្ន»។

ធនាគារ ហេង ហ្វឹង (HFB) ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត (Public Limited Company) នៅ​ក្នុងឆ្នាំ២០២២ ក្រោមការ​អនុម័តជាគោលការណ៍នៅថ្ងៃទី១៦មីនា ឆ្នាំ២០២២ ដោយធនាគារជាតិនៃកម្ពុជា(NBC)។

ការិយាល័យកណ្តាលចុះបញ្ជីរបស់ធនាគារមានទីតាំងនៅអគារលេខ ៣៤២ មហាវិថីព្រះមុនី​​វង្ស កែងផ្លូវ N២៨៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។​

សកម្មភាពចម្បងរបស់ធនាគារ នឹងប្រតិបត្តិការធនាគារពាណិជ្ជកម្ម​ និងសេវាកម្មហិរញ្ញវត្ថុគ្រប់ប្រភេទនៅកម្ពុជា។

បេសកកម្ម​ របស់​ ធនាគារនេះ ដើម្បី​ផ្តល់​សេវា​ហិរញ្ញវត្ថុ​នៅកម្ពុជា​ដល់​ម្ចាស់​អាជីវកម្មទាំង​ក្នុងស្រុក និង​អន្តរជាតិ ដើម្បី​សម្រេច​ក្តី​សុបិន​របស់​ខ្លួន។

ធនាគារ​នេះ បាន​ឱ្យដឹងថា៖«យើងនៅទីនេះដើម្បីធ្វើជាគំរូនៃសេវាកម្មធនាគារស្តង់ដារខ្ពស់ តាមរយៈការកសាងបទពិសោធន៍ធនាគារជាមួយនឹងផលិតផល និងសេវាកម្មដ៏ល្អសម្រាប់អតិថិជនទាំងអស់នៅក្នុងយុគសម័យឌីជីថល»។

យ៉ាង​ហោចណាស់ ធនាគារពាណិជ្ជ បានបង្កើតថ្មី​ចំនួន៤ គិតត្រឹម​ឆមាសទីឆ្នាំ​២០២២។​រូបភាព៖ធនាគារជាតិនៃកម្ពុជា

លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា(NBC) ថ្លែងក្នុង​កម្មវិធី​សម្ពោធ​ ធនាគារ វីង សាខា ខេត្តព្រះ​សីហនុ​កាលពីខែសីហា​ថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ កំពុង​ចូលរួមយ៉ាង​សកម្ម​ក្នុង​ការ​លើកកម្ពស់កម្រិតបរិយាបន្នហិរញ្ញវត្ថុ តាមរយៈការកើនឡើងចំនួនគណនីប្រាក់បញ្ញើអតិថិជនរហូត​ដល់ ១៣,៨៧លានគណនី និងគណនីឥណទានអតិថិជន ៣,៦២លានគណនី​។

លោក​ថ្លែងទៀតថា៖«​កំណើននេះ​ដោយសារ​ កា​រ​ធ្វើពិពិធកម្មផលិតផល និងសេវាហិរញ្ញវត្ថុដ៏​ច្រើនបែប ដែល​ស្របតាមតម្រូវការជាមួយនឹង​សាខាគ្រឹះស្ថាន​គ្រប់ទីកន្លែងនៅទូទាំងប្រទេស»។

ធនាគារជាតិ​នៃ​កម្ពុជា បាន​ឱ្យដឹងថា ការវិនិយោគ​ផ្ទាល់ពី​បរទេស(FDI)មកកម្ពុជា​ក្នុង​ឆ្នាំ​២០២១ មាន​ទុនវិនិយោគសរុប​​៤១ពាន់លាន​ដុល្លារ​​ ក្នុង​នោះ២០%ក្នុង​វិស័យ​ធនាគារ។

គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២២ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលស្ថិតក្នុងប្រព័ន្ធធនាគារ រួមមាន ធនាគារពាណិជ្ជ៥៨ ធនាគារឯកទេស ៩ ការិយាល័យតំណាង ៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨១ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ១៧ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣៣ គ្រឹះស្ថានឥណទានជនបទ ២២៦ និងអាជីវកម្មប្តូរប្រាក់ ២,៨៧៤។ នេះបើ​តាម​ទិន្នន័យពីធនាគារជាតិ​នៃកម្ពុជា​៕