បុគ្គលិកកែច្នៃស្វាយចន្ទីស្ទឹងត្រែងទទួលបានចំណេះដឹងទាក់ទងនឹងការកែច្នៃស្វាយចន្ទ។ រូបភាព៖ ខ្មែរណាស់

សិប្បកម្មកែច្នៃស្វាយចន្ទីស្ទឹងត្រែង (Handcrafted Cashew Nuts Stung Treng) បានផ្តល់វគ្គបណ្តុះបណ្តាលស្តង់ដារ នៃការអនុវត្តអនាម័យល្អដល់បុគ្គលិករបស់ខ្លួន សម្រាប់ត្រៀមខ្លួនពីការកែច្នៃដោយដៃ ទៅប្រើប្រាស់ម៉ាស៊ីនទំនើប ដើម្បីពង្រីកសមត្ថភាពផលិតឱ្យបានកាន់តែច្រើន សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ វគ្គបណ្តុះបណ្តាលនេះ មានការគាំទ្រពីអង្គការអភិវឌ្ឍរបស់អាល្លឺម៉ង់ GIZ ។

វគ្គបណ្តុះបណ្តាលដល់បុគ្គលិកនេះ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៨កញ្ញា ផ្តោតលើប្រធានបទសំខាន់ៗចំនួន៣ ដូចជា ស្តង់ដារនៃការអនុវត្តអនាម័យល្អ (GHP) បច្ចេកទេសក្នុងការផលិតស្វាយចន្ទី និងបច្ចេកទេសក្នុងការជួសជុលម៉ាស៊ីនកែច្នៃស្វាយចន្ទី។

បុគ្គលិកកែច្នៃស្វាយចន្ទីត្រូវដឹងពីដំណើរការកែច្នៃស្វាយចន្ទីឱ្យមានស្តង់ដារខ្ពស់។ រូបភាព៖ ខ្មែរណាស់

លោក ចាន់ ដុល្លា បុគ្គលិកផ្នែកទីផ្សារនៅសិប្បកម្មកែច្នៃស្វាយចន្ទី បានលើកឡើងថា លោកបានចូលបម្រើការនៅសិប្បកម្មនេះអស់រយៈពេលជាង៦ខែហើយ ជាអ្នកដើរប្រមូលទិញគ្រាប់ស្វាយចន្ទីឆៅ ដែលមានគុណភាពខ្ពស់ពីកសិករ ដើម្បីយកមកកែច្នៃ។

លោកបន្តថា ក្រោយចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃ លោកទទួលបានចំណេះដឹងច្រើន ពីរបៀបថែទាំស្វាយចន្ទី វិធីកម្ចាត់មេរោគចង្រៃនៅលើគ្រាប់ស្វាយចន្ទី រួមទាំងការអនុវត្តអនាម័យក្នុងផលិតកម្មកែច្នៃស្វាយចន្ទី។

លោកថ្លែងដូច្នេះថា៖«ដើម្បីផលិតចំណីអាហារឱ្យមានស្តង់ដារ យើងត្រូវដឹងពីប្រភពមេរោគផ្សេងៗ និងអនាម័យខ្លួនប្រាណជាមុន ដើម្បីឈានទៅដល់ការផលិត។ ការបណ្តុះបណ្តាលនេះ ខ្ញុំចេះច្រើនមែន គឺកាលពីមុនខ្ញុំអត់ស្គាល់ច្បាស់ពីទីផ្សារ ការសិក្សាពីគ្រាប់យើងអត់ទាន់ច្បាស់ ពីលក្ខណៈសាច់ និងប្រភព ហើយនៅពេលទទួលបានវគ្គបណ្តុះបណ្តាលនេះខ្ញុំចេះច្រើន គឺស្គាល់ពីការផលិតរបស់កសិករ របៀបថែទាំខ្ញុំដឹងច្បាស់»។​

លោកបន្តថា បន្ទាប់ពីទទួលបានវគ្គបណ្តុះបណ្តាលនេះ លោកនឹងយកចំណេះដឹងទៅអនុវត្តក្នុងសិប្បកម្មនេះឱ្យអស់ពីសមត្ថភាព និងចែករំលែកទៅបុគ្គលិកផ្សេងទៀត ដើម្បីអភិវឌ្ឍសិប្បកម្មឱ្យកាន់តែរីកចម្រើន និងប្រកបដោយស្តង់ដារសុវត្ថិភាព។

កញ្ញា វ៉ាន់ វាសនា ដែលជាបុគ្គលិកបម្រើការនៅក្នុងសិប្បកម្មកែច្នៃស្វាយចន្ទីស្ទឹងត្រែងដែរនោះ យល់ឃើញថា វគ្គបណ្តុះរយៈពេល២ ថ្ងៃនេះ ពិតជាមានសារៈសំខាន់ ព្រោះបានផ្ដល់ចំណេះដឹងដែលទាក់ទងនឹងបច្ចេកទេសដាំដុះស្វាយចន្ទីឱ្យមានគុណភាពល្អ ហើយបុគ្គលិកត្រូវអនុវត្តអនាម័យខ្លួនប្រាណឱ្យបានល្អបំផុត មុនឈានជើងចូលក្នុងសិប្បកម្មកែច្នៃស្វាយចន្ទី។

កញ្ញាថ្លែងដូច្នេះថា៖«ការរក្សាអនាម័យខ្លួនប្រាណ ដោយសារវាទាក់ទងនឹងការផលិតចំណីអាហារ ដូច្នេះវាជាផ្នែកមួយដែលសំខាន់ក្នុងការឱ្យយើងសម្អាតខ្លួនប្រាណចូលទៅ ដើម្បីផលិតចំណីអាហារ។ ការអនាម័យផ្ទាល់ខ្លូន មានដូចជា សម្អាតត្រចកដៃ ត្រចកជើង ពាក់មួកឱ្យបានត្រឹមត្រូវ ស្លៀកសំលៀកបំពាក់ឱ្យបានស្អាត និងសមរម្យ ដើម្បីឱ្យដំណើរការកែច្នៃមានអនាម័យ និងសុវត្ថិភាព»។

បុគ្គលិកស្វាយចន្ទីស្តាប់យ៉ាងយកចិត្តទុកដាក់ពីគ្រូបណ្តុះបណ្តាល។ រូបភាព៖ ខ្មែរណាស់

ចំណែក លោក ធី កែប អ្នកប្រឹក្សាយោបល់ស្តង់ដារចំណីអាហារនៃអង្គការ GIZ និងជាគ្រូបណ្តុះបណ្តាល បានលើកឡើងថា ក្នុងវគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់លើការអនុវត្តន៍អនាម័យល្អតាំងពីការដាំដុះនៅក្នុងចម្ការ រហូតដល់ដំណើរការផលិត និងនាំចេញទៅលក់ជូនអតិថិជន។

លោក ធី កែប អ្នកប្រឹក្សាយោបល់ស្តង់ដារចំណីអាហារនៃអង្គការ GIZ ។ រូបភាព៖ ខ្មែរណាស់

លោកថ្លែងដូច្នេះថា៖«សម្រាប់រយៈពេល៣ថ្ងៃនេះ គឺខ្ញុំបានបង្រៀន៣ប្រធានបទសំខាន់ៗ ដែលប្រធានបទទី១ គឺស្តង់ដារនៃការអនុវត្តអនាម័យល្អ សម្រាប់ស្តង់ដារនៃការអនុវត្តអនាម័យល្អនេះ ក្នុងនាមយើងជាក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទី ក៏យើងត្រូវដឹងពីប្រភពនៃវត្ថុធាតុដើមដែរ មានន័យថា យើងត្រូវដឹងពាក់ព័ន្ធនឹងការដាំដុះរបស់ប្រជាកសិករ ថាតើការដាំដុះរបស់គាត់ត្រូវទៅតាមស្តង់ដារចំណីអាហារអត់ ហើយចំណុចទី២ ក្នុងមេរៀននេះគឺយើងត្រូវដឹងទាក់ទងនឹងពេលដែលយើងធ្វើការផលិត ពេលដែលយើងធ្វើការផលិតយើងត្រូវមានអនាម័យតាំងពីដំណាក់កាលផលិតដំបូងរហូតដល់យើងធ្វើការវេចខ្ចប់ ហើយចំណុចនេះក៏បង្ហាញពីការនាំចេញផលិតផលទៅកាន់អតិថិជនដែរ យើងក៏ត្រូវអនាម័យក្នុងអំឡុងពេលដឹកជញ្ជូនឱ្យអតិថិជនផងដែរ»។

លោកបន្តថា៖«សម្រាប់ប្រធានបទទី២ គឺទាក់ទងនឹងបច្ចេកទេសនៃការផលិត បច្ចេកទេសនៃការផលិតស្វាយចន្ទី គឺដំបូងយើងត្រូវដឹងទាក់ទងនឹងវត្ថុធាតុដើម ថាតើគុណភាពវត្ថុធាតុដើមយើងមានលក្ខណៈយ៉ាងដូចម្តេច ហើយមួយទៀតនៅពេលដែលយើងយកវត្ថុធាតុដើមទៅផលិត ថាតើយើងត្រូវផលិតយ៉ាងដូចម្តេច យើងត្រូវមានការសម្អាតយ៉ាងដូចម្តេច យើងមានបច្ចេកទេសអ្វីខ្លះ នៅក្នុងការផលិត។ ហើយបន្ទាប់ពីយើងផលិតហើយ យើងត្រូវការវេចខ្ចប់ ហើយនៅពេលដែលយើងវេចខ្ចប់ហ្នឹង សម្បកវេចខ្ចប់យើងត្រូវការព័ត៌មានអ្វីខ្លះ ។ សម្រាប់ប្រធានបទទី៣ គឺពាក់ព័ន្ធនឹងនិតីវិធីនៃការជុសជុល ដោយសារក្រុមហ៊ុនយើងជាក្រុមហ៊ុនកែច្នៃ ហើយយើងមានម៉ាស៊ីនផ្ទាល់ ដែលបានដំឡើងនៅក្នុងរោងចក្រ ដូច្នេះដើម្បីប្រាកដថា ដំណើរការនៃការផលិតយើង គឺដំណើរការល្អលុះត្រាតែយើងមានផែនការឆែកម៉ាស៊ីន ក៏ដូចជាជុសជុលម៉ាស៊ីនឱ្យបានត្រឹមត្រូវ»។

លោកបន្តថា មូលហេតុដែលត្រូវផ្តល់វគ្គបណ្តុះបណ្តាលទាំងអស់នេះដល់បុគ្គលិកសិប្បកម្មកែច្នៃចំណីអាហារ គឺដោយសារប្រទេសទាំងអស់នៅលើពិភពលោក ផ្តោតសំខាន់ទៅលើសុវត្ថិភាពចំណីអាហារ ដូច្នេះគ្រប់ក្រុមហ៊ុនទាំងអស់ ដែលកែច្នៃចំណីអាហារ គឺត្រូវដឹងពីបច្ចេកទេសនៃការផលិត។

ចំណែកលោកស្រី មុត ចរិយា អគ្គនាយិកាសិប្បកម្មកែច្នៃស្វាយចន្ទីស្ទឹងត្រែងបានលើកឡើងថា កន្លងមកសិប្បកម្មកែរបស់លោកស្រី បានបណ្តុះបណ្តុះបុគ្គលិករបស់ខ្លួនចំនួន២លើកមកហើយ ទាក់ទងនឹងដំណើរការផលិតស្វាយចន្ទី ដោយលើកទី១ ក្រោមការឧបត្ថម្ភរបស់គម្រោងហាវេស២របស់សហរដ្ឋអាមេរិក និងលើកទី២នេះ ក្រោមការឧបត្ថម្ភរបស់អង្គការ GIZ ហើយវគ្គបណ្តុះបណ្តាលនេះពិតមានសារៈសំខាន់ណាស់សម្រាប់បុគ្គលិករបស់លោកស្រី។

លោកស្រី មុត ចរិយា អគ្គនាយិកាសិប្បកម្មកែច្នៃស្វាយចន្ទីស្ទឹងត្រែង ។ រូបភាព៖ខ្មែរណាស់

លោកស្រីថ្លែងដូច្នេះថា៖«ពីព្រោះគ្រាប់ស្វាយចន្ទី គឺផ្នែកនៃចំណីអាហារបានន័យថា ទាក់ទងនឹងសុវត្ថិភាពនៅក្នុងការទទួលទាន ក៏ទាក់ទងនឹងសុខភាព។ ដូច្នេះហើយយើងត្រូវបណ្តុះបណ្តាលពួកគាត់ឱ្យយល់ពីសុវត្ថិភាពចំណីអាហារឱ្យបានច្បាស់លាស់»។

លោកស្រីបន្តថា បុគ្គលិក គឺមូលដ្ឋានគ្រឹះមួយក្នុងការធ្វើឱ្យសិប្បកម្មកែច្នៃស្វាយចន្ទីឱ្យមានសុវត្ថិភាព និងប្រកបដោយស្តង់ដារចំណីអាហារ ហើយនៅពេលដែលបុគ្គលិកចេះចំណេះដឹងទាំងអស់នេះ រួចយកទៅអនុវត្តទៅតាមស្តង់ដារ នោះសិប្បកម្មនឹងមានភាពងាយស្រួលក្នុងការនាំយកទៅលក់នៅលើទីផ្សារទាំងក្នុង និងក្រៅប្រទេស។

លោកស្រីថ្លែងដូច្នេះថា៖«ដំបូងឡើយបុគ្គលិករបស់យើងមានតែ៥នាក់ បន្ទាប់មកឡើងដល់១០នាក់ ហើយបច្ចុប្បន្ននេះឡើងដល់៣០នាក់ ហើយពួកគាត់ជាទូទៅរស់នៅជុំវិញសហគ្រាសនេះឯងអត់មានមកពីណាឆ្ងាយនោះទេ។ ពីមុនមក ពួកគាត់ទៅស៊ីឈ្មូលគេដាំដំឡូងដាំកៅស៊ូ និងដាំស្វាយចន្ទី ហើយឥឡូវនេះ ពួកគាត់មកធ្វើការនៅទីនេះ ហើយមានប្រាក់ខែគោលជាប្រចាំ មិនដូចពីមុនគាត់ធ្វើការជាកម្មករតាមចម្ការនោះទេ តាមចម្ការចឹងមានតែប្រាក់ថ្ងៃ ពេលណាគាត់ធ្វើគាត់បានប្រាក់ ពេលណាអត់ធ្វើគាត់សម្រាកនៅផ្ទះ»។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំនៅសិប្បកម្មកែច្នៃស្វាយចន្ទីស្ទឹងត្រែង ស្ថិតនៅក្នុងឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដោយមានបុគ្គលិក៣០នាក់បានចូលរួម។

សិប្បកម្មកែច្នៃស្វាយចន្ទីស្ទឹងត្រែង បានបើកដំណើរការរយៈពេល១ ឆ្នាំហើយ ក្នុងគោលបំណងកែច្នៃគ្រាប់ស្វាយចន្ទីឱ្យមានតម្លៃកាន់តែខ្ពស់ ដើម្បីផ្ដល់តម្លៃបន្ថែមទៅដល់កសិករដែលខិតខំតស៊ូដាំស្វាយចន្ទីនៅក្នុងស្រុក ខណៈកន្លងមកតែងតែមានទីផ្សារមិនច្បាស់លាស់៕

សិប្បកម្មកែច្នៃស្វាយចន្ទីស្ទឹងត្រែង គឺជាសិប្បកម្មមួយដែលធំជាងគេនៅខេត្តស្ទឹងត្រែង ប្រមូលទិញគ្រាប់ស្វាយចន្ទីក្នុងតម្លៃខ្ពស់។ រូបភាព៖ ខ្មែរណាស់