រថយន្ត Ford Ranger Raptor 3.0 ត្រូវបាននាំចូលពីរោងចក្រក្នុងប្រទេសថៃចំនួន ៨៧គ្រឿងដែលដឹកជញ្ជូនតាមរថភ្លើងឆ្លង់កាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី១២កញ្ញា ឆ្នាំ២០២២។ រូបភាព៖ Royal Railway Cambodia

ក្រុមហ៊ុន​ អអឹមអេ ខេមបូឌា ភីអិលស៊ី (RMA Cambodia Plc) ជាក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​ បាន​នាំ​ចូល​រថយន្ត​ប្រភេទ ​Ford Ranger Raptor 3.0 ជា​ច្រើន​គ្រឿង​សម្រាប់​លក់​ក្នុង​ឱកាស​បុណ្យភ្ជុំ​បិណ្ឌក្នុង​ឆ្នាំ​នេះ​។​

រថយន្ត​ Ford Ranger Raptor 3.0 ត្រូវ​បាននាំចូលពី​រោង​ចក្រ​ក្នុង​ប្រទេស​ថៃ​ចំនួន ៨៧គ្រឿង​ដែល​ដឹក​ជញ្ជូន​តាម​រថភ្លើង​​ឆ្លង់កាត់ច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែត កាលពី​ថ្ងៃទី១២​កញ្ញា ឆ្នាំ២០២២។

លោក សឿង ម៉ូរ៉ាសុថានិត ប្រឹក្សា​ផ្នែក​លក់រថយន្ត​ Ford សាខាផ្លូវ​ព្រះ​មុនីវង្ស រាជធានីភ្នំពេញ​ ប្រាប់សារព័ត៌មាន​ខ្មែរណាស់ថា រថយន្ត​ទាំង​នោះ ភាគច្រើន​​ត្រូវ​បាន​អតិថិជន​កក់រួចអស់​ហើយ ដែល​ក្រុមហ៊ុន​នឹង​ប្រគល់​ជូន​អតិថិជន​ឱ្យ​បាន​មុនឱកាស​បុណ្យភ្ជុំ​បិណ្ឌ​ខាង​មុខនេះ​។​

លោកមានប្រសាសន៍ថា៖​«សម្រាប់​​ឱកាសបិណ្ឌ​ភ្ជុំ​ មានការកុម្ម៉ង់ច្រើន​ណាស់ ប៉ុន្តែ​ខ្ញុំ​មិនមាន​ចំនួនជាក់លាក់ប៉ុន្មាននោះទេ ដោយសារ​យើង​មានច្រើនសាខា។​ខ្ញុំ​គិតថា មូលហេតុ​មានគេ​​ប្រើប្រាស់រថយន្ត​  Ford ច្រើន ​ព្រោះ​វាមាន​គុណភាពខ្ពស់​​បំពាក់ដោយបច្ចេក​វិទ្យា​ចុងក្រោយ​ ដែល​ធានាទាំងសុវត្ថិភាព ​និង​ច្រើន​ជម្រើស​សម្រាប់អតិថិជន​»។​

លោកថ្លែងទៀតថា​ រថយន្ត Ford Ranger Raptor 3.0 ប្រហែលជា ​៥០គ្រឿង​នឹង​ដឹក​ចូល​សាខា​ផ្លូវ​ព្រះ​មុនីវង្ស​សម្រាប់​​ប្រគល់​ជូន​អតិថិជន​តាម​កិច្ចសន្យា​ជាក់ស្តែង​ ពិសេសប្រគល់​ជូន​អតិថិជន​ឱ្យ​បាន​​មុន​រដូវ​ភ្ជុំ​បិណ្ឌ។

ក្រុមហ៊ុន​ អអឹមអេ មាន​សាខា​លក់​រថយន្តនៅតាម​បណ្តា​ខេត្តមួយចំនួន​ដូចជា​​ កំពង់​ចាម សៀមរាប និង​រាជធានីភ្នំពេញ​មាន​៣សាខា គឺ​សាខា ​ទឹកថ្លា ផ្លូ​វព្រះ​មុនី​វង្ស​ និង​ទួលសង្កែ​។

រថយន្ត​ Ford Ranger Raptor 3.0 ត្រូវ​បាន​ផ្គុំ​ និង​ដំឡើងនៅក្នុងរោង​​ចក្រ​​ប្រទេស​ថៃ​ ខណៈ​ ​រថយន្ត​ Ford ​ផ្គុំ ​និង​ដំឡើង​នៅ​កម្ពុជាមាន​ពីរ​ប្រភេទ​គឺ Ford Wildtrack និង Ford XLT និងប្រភេទ​ SUV Ford Everest។​

រោងចក្រ​ផ្គុំដំឡើង​រថយន្ត​ Ford ត្រូវ​បានសម្ពោធ​​នៅ​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ​២០២២​។​ រោងចក្រនេះសាងសង់លើ​ផ្ទៃដី​ទំហំ ៤ហិកតា ជាមួយនឹង​ទុនវិនិយោគ​ ២១លាន​ដុល្លារ ស្ថិត​​នៅក្នុង​ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់។

ព័ត៌មាន​លម្អិតសូមទាក់ទង​ លោក សឿង ម៉ូរ៉ាថានិត ប្រឹក្សា​ផ្នែក​លក់រថយន្ត​ Ford សាខាមុន្នីវង្ស រាជធានីភ្នំពេញតាម​រយៈ​លេខទូរសព្ទ​ 069 54 90 40/092 888 497៕