វិទ្យាស្ថាន​កំណើន​បៃតង​ពិភព​លោក​ (GGGI)​ ក្រសួង​បរិស្ថាន ​និង​ក្រសួង​ឧស្សាហកម្ម ​បច្ចេកវិទ្យា​ វិទ្យាសាស្ត្រ ​និង​នវានុវត្តន៍ ​បាន​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​ដើម្បី​លើក​កម្ពស់​និរន្តរ​ភាព​ និង​ប្រសិទ្ធ​ភាព​ថាមពល​ក្នុង​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា​។

កិច្ច​ខិត​ខំប្រឹង​ប្រែង​រួម​គ្នា​នេះ ​ត្រូវ​បាន​រៀប​ចំ​ឡើង​ជាផ្លូវការ​នៅថ្ងៃ​ទី​៦ ​ខែ​កញ្ញា ​ឆ្នាំ២០២២ ​នៅ​ក្នុង​ខេត្ត​កែប ​ដែល​មាន​ការ​ចូល​រួម​ពីតំណាង​ក្រសួង​ពាក់​ព័ន្ធ​ ដៃគូអភិវឌ្ឍន៍ ​និង​អ្នកអនុវត្ត​គម្រោង​។

កិច្ចព្រមព្រៀងគម្រោងនេះត្រូវបានចុះហត្ថលេខាដោយ លោក ទឹង ស៊ីនី រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក វ៉ាន់ មុនីនាថ អគ្គនាយកនៃ អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន និងលោកស្រី Shomi Kim តំណាង GGGI ប្រចាំប្រទេសកម្ពុជា។

ការ​លើក​កម្ពស់​ការ​អនុវត្ត​ថាមពល​ប្រកប​ដោយ​និរន្តរភាព​ក្នុង​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា​ ក្រោម​គម្រោង ​Switch Garment​ ផ្តល់​មូល​និធិ​ដោយ​សហភាព​អឺរ៉ុប​តាម​រយៈ​កម្ម​វិធី​ EU​ SWITCH-Asia​។ ​កម្មវិធី​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ ​GGGI​ រួម​ជា​មួយ ​អង្កការ ​Geres​ និង​សមាគម​រោងចក្រកាត់ដេរ​នៅ​កម្ពុជា ​(GMAC) ​ចាប់​តាំង​ពី​ខែឧសភា ​ឆ្នាំ២០២០​។

លោក Rogier van Mansvelt ដែលជាដឹកនាំគម្រោងថ្លែងថា៖ «កិច្ចព្រមព្រៀងគម្រោងនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ពួកយើង ព្រោះវាអនុញ្ញាតឱ្យក្រុមហ៊ុនដែលដឹកនាំដោយ GGGI ពង្រីកសកម្មភាពគម្រោង»។

លោក Rogier បានបន្តទៀតថា៖ «ក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាតួអង្គសំខាន់ក្នុងវិស័យការអនុវត្តថាមពលប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យពួកគេក្លាយជាដៃគូគម្រោងផ្លូវការរបស់យើង ដូច្នេះគម្រោងនេះនឹងអាចសម្រេចបានកាន់តែច្រើន និង លើសពីនេះ បន្ទាប់ពីគម្រោងនេះត្រូវបានបញ្ចប់»។

ការលើកកម្ពស់ការអនុវត្តថាមពលប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពថាមពលត្រូវបានទទួលស្គាល់ថាជាកត្តាឈានមុខគេដែលនឹងបង្កើនការប្រកួតប្រជែងរបស់រោងចក្រកាត់ដេរកម្ពុជា។

លោក លី តេកហេង នាយកប្រតិបត្តិ GMAC បានពន្យល់ថា ម៉ាកយីហោអន្តរជាតិដែលទិញពីរោងចក្រកាត់ដេរនៅកម្ពុជា ផ្តោតយ៉ាងខ្លាំងទៅលើនិរន្តរភាព ដោយសារការយល់ដឹងអំពីបរិស្ថានរបស់អ្នកប្រើប្រាស់កាន់តែកើនឡើង ដូច្នេះដើម្បីរស់បានត្រូវមានការផ្លាស់ប្តូរវិស័យនេះត្រូវតែដើរតាមនិន្នាការដើម្បីរក្សាការប្រកួតប្រជែង។

គោលបំណងនៃគម្រោង Switch Garment គឺដើម្បីបង្កើនការប្រកួតប្រជែងរបស់រោងចក្រកាត់ដេរកម្ពុជា និងកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ឧស្សាហកម្មតាមរយៈការទទួលយកការអនុវត្តថាមពលប្រកបដោយនិរន្តរភាព និងសម្របសម្រួលការវិនិយោគលើបច្ចេកវិទ្យាថាមពលស្អាត។

ឧទាហរណ៍នាំមុខគេមួយនៃវិធី ដើម្បីសម្រេចបាននូវគោលបំណងគឺ តាមរយៈការអនុវត្ត «កម្មវិធីរោងចក្របៃតងគំរូ- Model Green Factory Programme » ជាមួយនឹងគ្រោងការណ៍ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ដែលរួមមានសវនកម្មថាមពលលើស្តង់ដារការអនុវត្ត ការអនុវត្តការគ្រប់គ្រងថាមពល និងការរាយការណ៍ និងការបណ្តុះបណ្តាលរោងចក្រឱ្យមានពណ៌បៃតង  និងបង្កើនការវិនិយោគលើថាមពលប្រកបដោយនិរន្តរភាព។

PPSEC ជារោងចក្រដែលចូលរួមនៅក្នុងគម្រោងនេះ បានវិនិយោគលើថាមពលពន្លឺព្រះអាទិត្យ ហើយសវនកម្មថាមពលរបស់គម្រោងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរោងចក្រក្នុងការសម្រេចចិត្តវិនិយោគថាមពលពន្លឺព្រះអាទិត្យ។

ប្រធានផ្នែកថាមពលពន្លឺព្រះអាទិត្យរបស់ PPSEC លោក Martin Bandalan បាននិយាយថា ៖ «PPSEC កំពុងស្វែងរកជានិច្ចនូវឱកាស ដើម្បីធ្វើឱ្យដំណើរការផលិតរបស់វាមានពណ៌បៃតង ដូច្នេះយើងសូមថ្លែងអំណរគុណចំពោះ Switch Garment ដែលបានផ្តល់ឱ្យយើងនូវគោលការណ៍ណែនាំបច្ចេកទេសដ៏មានប្រយោជន៍ទាក់ទងនឹងប្រសិទ្ធភាពថាមពល»។

ចាប់តាំងពីការចាប់ផ្តើមនៃការអនុវត្តគម្រោងក្នុងខែឧសភា ឆ្នាំ២០២០មក គម្រោងនេះបានជួយរដ្ឋាភិបាលកម្ពុជាក្នុងការរួមបញ្ចូលថាមពលប្រកបដោយនិរន្តរភាពនៅក្នុងឧស្សាហកម្មកាត់ដេរនៅក្នុង NDC ដែលបានធ្វើបច្ចុប្បន្នភាព (២០២០)។

កំណត់វិធានការនិយតកម្មដែលធ្វើតាមការវាយតម្លៃផលប៉ះពាល់ ហើយសំខាន់ក្រុមការងារបានបញ្ចប់ការធ្វើសវនកម្មថាមពលចំនួន៥០ដែលអនុញ្ញាតឱ្យគម្រោងយល់ពីវិធីសាស្រ្តដ៏ល្អបំផុតដើម្បីជួយរោងចក្រក្នុងការកំណត់អត្តសញ្ញាណ និងការវិនិយោគក្នុងគ្រោងការណ៍ និងបច្ចេកវិទ្យាត្រឹមត្រូវ និងកាត់បន្ថយការបំភាយកាបូន៕