អគារការិយាល័យកណ្តាល​របស់ធនាគារជាតិនៃកម្ពុជា​។រូបភាព៖ ហ្វេសប៊ុក ធនាគារជាតិនៃកម្ពុជា​

ធនាគារជាតិនៃកម្ពុជា(NBC) ​នឹង​ដាក់ឱ្យដំណើរការ​​ប្រព័ន្ធ​ប្លុកឆេន​ថ្មីឱ្យដំណើរការ​ជាផ្លូវការ​ថ្ងៃ​ពុធ​ខាងមុខ​​នេះ​​ ដែល​​ប្រព័ន្ធ​ប្លុកឆេន​ថ្មីនេះ​ មានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់ដំណើរ​ការ​ប្រតិបត្តិ​ការ​ NCD ឱ្យមាន​សុក្រឹតភាព​ សុវត្ថិភាព​ ភាព​ងាយស្រួល​ និង​មានមុខងារ​ថ្មី​បន្ថែម​។​

ធនាគារជាតិនៃកម្ពុជា​ កាលពី​ថ្ងៃទី៩ ខែ​សីហា ឆ្នាំ​២០២២ បាន​ជូនដំណឹង​ដល់​គ្រឹះស្ថាន​ធនាគារ​ និង​គ្រឹស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ថា ធនាគារជាតិ​នៃកម្ពុជា​បាន​សិក្សា​និង​អភិវឌ្ឍ​ ការ​ធ្វើ​ចំណាកចេញ​ពីប្រព័ន្ធ​គ្រប់គ្រង​មូលបត្រ​អាច​ជួញដូរ​បាន​(NCD Book Entry System) ទៅកាន់​ប្រព័ន្ធ​ថ្មី​ប្លុក​ឆេន​ដែលជាប្រព័ន្ធ​មួយ​ឆ្លើយតប​ទៅនឹង​បរិបទ​នៃបដិ​វត្តន៍​ឧស្សាហកម្ម​៤.០​ ក៏ដូចជា ការរីកចម្រើន​នៃបច្ចេកវិទ្យាឌីជីថល​។

ធនាគារជាតិនៃកម្ពុជា​នឹង​ដាក់​ប្រព័ន្ធ​ប្លុកឆេន​ថ្មីនេះឱ្យដំណើរការ​ជាផ្លូវការ​ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ​២០២២តទៅ​។

លោកស្រី ម៉ារ អមរា អនុប្រធាន​នាយក​ប្រតិបត្តិជាន់ខ្ពស់ និង​ជា​គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ហិរញ្ញវត្ថុ ធនគារ អេស៊ីលីដា ភីអិលស៊ី ប្រាប់ខែ្មរណាស់ថា ផ្លេតហ្វមរបស់ធនាគារជាតិនៃកម្ពុជា​ (NBCP) គឺជាប្រព័ន្ធជួញដូរអនឡាញសម្រាប់ទិញលក់ឧបករណ៍ហិរញ្ញវត្ថុមួយចំនួនដែល NBC បានបង្កើតឡើង ដូចជា ប្រតិបត្តិការមូលបត្រអាចជួញដូរបាន (NCD) ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) ប្រតិបត្តិការជួញដូររូបិយប័ណ្ណ និងប្រតិបត្តិការដេញថ្លៃប្រាក់ដុល្លារអាមេរិក ដែលធនាគារជាតិបានដាក់ឲ្យបម្រើការតាំងពីអំឡុងខែសីហា ឆ្នាំ២០១៧។

លោកស្រី អមរា បានឱ្យដឹងទៀតថា អ្នកចូលរួមរបស់ NBCP អាចធ្វើប្រតិបត្តិការឧបករណ៍ហិរញ្ញវត្ថុដូចពោលខាងដើមជាមួយ NBC ឬ ជាមួយអ្នកចូលរួមផ្សេងទៀតបានដោយមានលក្ខណៈសម្ងាត់។ ដើម្បីធ្វើទំនើបកម្មលើប្រព័ន្ធ NBCP របស់ខ្លួនឲ្យឆ្លើយតបតាមទៅនឹងបរិបទនៃបដិវត្ត​ន៍ឧស្សាហកម្ម ៤.០ ធនាគារជាតិនៃកម្ពុជា គ្រោងនឹងដាក់ឲ្យដំណើរការប្រព័ន្ធ NBCP ជំនាន់ទីពីរ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។

លោកស្រី​ថ្លែងដូច្នេះថា៖«NBCP ជំនាន់ទីពីរត្រូវអភិវឌ្ឍលើប្លុកឆេន សម្រាប់ការធ្វើប្រតិបត្តិការ និងគ្រប់គ្រងទិន្នន័យ NCD ឲ្យមានសុក្រិតភាព សុវត្ថិភាព និងភាពងាយស្រួល ដោយដាក់ឲ្យដំណើរការលើប្រព័ន្ធបច្ចេកវិទ្យា Block chain ដ៏ទាន់សម័យ ដែលមានឈ្មោះថា Smart Network Service»។​

សេចក្តីជូនដំណឹង​បន្តថា ប្រព័ន្ធប្លុកឆេន​ថ្មីនេះ មានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់ដំណើរ​ការ​ប្រតិបត្តិ​ការ​ NCDឱ្យមាន​សុក្រឹតភាព​ សុវត្ថិភាព​ ភាព​ងាយស្រួល​ និង​មានមុខងារ​ថ្មី​បន្ថែម​ទៀត​ ដែល​អនុញ្ញាត​ឱ្យម្ចាស់​កម្មសិទ្ធិនៃមូលបត្រ​អាច​បញ្ជា​ធ្វើ​ប្រតិបត្តិការ​ ដូចជា ការជួញដូ​រ ការ​ដាក់បញ្ចាំ​ ការគ្រប់គ្រង​សំពៀត​មូលបត្រ​ និង​អាចពិនិត្យ​របាយការណ៍​បាន​ដោយខ្លួន​ឯក៕