រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានហាមឃាត់គ្លីនិកឯកជន ប្រើប្រាស់រថយន្តសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួសដោយសារគ្រោះថ្នាក់ចរចរណ៍តាមដងផ្លូវ មកព្យាបាលនៅគ្លីនិករបស់ខ្លួនជាដាច់ខាត ដើម្បីរក្សាបានភាពថ្លៃថ្នូរដល់វិស័យសុខាភិបាល។

យោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី១៥សីហានេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានស្នើឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវចាត់វិធានការឱ្យបានតឹងរឹងនិងម៉ឺងម៉ាត់ចំពោះម្ចាស់គ្លីនិកឯកជន ដែលបន្តប្រើប្រាស់រថយន្តសង្គ្រោះ ទៅដឹកអ្នករងរបួសឬសាកសព ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ រំលោភលើសេចក្ដីហាមឃាត់នេះ និងរថយន្តសង្គ្រោះផ្សេងទៀត ដែលពុំមានឈ្មោះគ្លីនិកនិងអាជ្ញាបណ្ណពីក្រសួង។

លោក ម៉ម ប៊ុនហេង បានលើកឡើងថា ការស្នើឱ្យចាត់វិធានការនេះ ដោយសារកន្លងមក ក្រសួងសុខាភិបាលបានធ្វើការណែនាំជាច្រើនលើកច្រើនសារមករួចហើយ អំពីការហាមឃាត់នេះ ប៉ុន្តែនៅតែមានគ្លីនិកឯកជនមួយចំនួន មិនបានអនុវត្តតាមសារាចរណែនាំឡើយ ដោយបន្តធ្វើសកម្មភាពយករថយន្តសង្គ្រោះទៅដឹកអ្នករងរបួសឬស្លាប់តាមដងផ្លូវជាដដែល រហូតដល់មានការឈ្លោះប្រកែកដណ្តើមគ្នាដឹកយ៉ាងអនាធិបតេយ្យ ដែលជាកត្តាមួយជះឥទ្ធិពលមិនល្អដល់វិស័យសុខាភិបាលទាំងមូល និងសេចក្តីថ្លៃថ្នូររបស់គ្រូពេទ្យ។

នៅថ្ងៃជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានប្រកាសផាកពិន័យ និងណែនាំដល់ លោក ស៊ឹម វន់ ម្ចាស់មន្ទីរពហុព្យាបាលម្លិះដង្កោ ដែលតែងតែយករថយន្តសង្គ្រោះរបស់ខ្លួនចេញទៅដឹកអ្នករបួស ដោយសារគ្រោះថ្នាក់ចរាចរតាមផ្លួវ ដោយក្រសួងបញ្ជាឱ្យម្ចាស់មន្ទីរពហុព្យាបាលនេះ ត្រូវបញ្ឈប់ជាបន្ទាន់ និងបង់ប្រាក់ផាកពិន័យជាប្រាក់ចំនួន១០លានរៀល។

ការប្រកាសរបស់ក្រសួងសុខាភិបាលនេះ បន្ទាប់ពីមានការបង្ហោះតាមហ្វេសប៊ុករិះគន់អំពីរថយន្តសង្គ្រោះរបស់ពហុព្យាបាលឯកជនមួយចំនួន ដែលបានឈ្មោះដណ្ដើមគ្នាតាមដងផ្លូវ ដោយមិនខ្វល់ពីការសង្គ្រោះបន្ទាន់ទៅដល់ប្រជាពលរដ្ឋឡើយ។

លោក ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទងនៃអគ្គស្នងការនគរបាលជាតិបានបង្ហោះតាមហ្វេសប៊ុកកាលពីថ្ងៃទី៨សីហានេះដោយបានបញ្ជាក់ថា មានកុមារអាយុ១៤ឆ្នាំម្នាក់ដែលរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានមន្ទីរពហុព្យាបាលម្លិះដង្កោដឹកយកទៅព្យាបាល ប៉ុន្តែក្រោយមក មន្ទីរព្យាបាលឯកជននេះ មិនព្រមឱ្យបញ្ជូនកុមារនោះទៅព្យាបាលបន្តនៅមន្ទីរពេទ្យគន្ធបុប្ផាឡើយ ដោយម្ដាយពុំមានប្រាក់បង់ថ្លៃសេវាគ្រប់ចំនួនឱ្យមន្ទីរពេទ្យនេះ៤២០ដុល្លារ គឺមានលទ្ធភាពបង់ត្រឹមតែ២០០ដុល្លារ៕