វីរុសថ្មី ដែលអាចឆ្លងពីសត្វទៅមនុស្ស គឺបានឆ្លងលើមនុស្សចំនួន៣៥នាក់ហើយនៅខេត្ត សានតុង និងងខេត្តហឺណានរបស់ប្រទេសចិន នេះបើតាមការសិក្សាចេញផ្សាយមួយពីក្រុមអ្នកវិទ្យាសាស្រ្ដចិន សិង្ហបុរី និងអូស្រ្ដាលី ប៉ុន្តែមកដល់ពេលនេះ មិនទាន់ភស្ដុតាងបញ្ជាក់ថា វីរុសនេះ អាចឆ្លងពីមនុស្សទៅមនុស្សនៅឡើយទេ។

វីរុសហេនីប៉ា ឬគេហៅថា ឡានយ៉ា គឺត្រូវបានរកឃើញដំបូងកាលពីចុងឆ្នាំ២០១៨នៅក្នុងប្រទេសចិន ប៉ុន្តែទើបត្រូវបានអ្នកវិទ្យាសាស្រ្ដកំណត់អត្តសញ្ញាណជាផ្លូវការនៅដើមខែសីហាននេះ បន្ទាប់ពីរកឃើញអ្នកឆ្លងភាគច្រើនជាកសិករដែលមានប្រវត្តិប៉ះពាល់និងសត្វ។ វីរុសនេះ គឺត្រូវបានគេសង្ស័យថា អាចបណ្ដាលឱ្យមានជំងឺធ្ងន់ធ្ងរ និងជួនកាលអាចបណ្ដាលឱ្យស្លាប់បាត់បង់ជីវិត ខណៈវាក៏មិនទាន់មានវ៉ាក់សាំង និងថ្នាំសម្រាប់ព្យាបាលនៅឡើយ។ សារព័ត៌មានNBC នៅសហរដ្ឋអាមេរិកបានបញ្ជាក់ថា វីរុសហេនីប៉ាឬឡានយ៉ានេះ គឺស្ថិតក្នុងចំណោមវីរុសដ៏គ្រោះថ្នាក់ ដែលអាចបណ្ដាលឱ្យស្លាប់ពី៤០ទៅ៧៥%។

ក្នុងចំណោមពលរដ្ឋចិន៣៥នាក់ដែលឆ្លងជំងឺនេះ គឺមាន២៦នាក់ មានរោគសញ្ញា គ្រុនក្ដៅ ឆាប់ខឹង ក្អក មិនឃ្លានអាហារ ស្រវាំងភ្នែក ចង្អោរ ឈឺក្បាល និងក្អួត ប៉ុន្តែមកដល់ពេលនេះ ករណីទាំងនោះ មិនទាន់មានអ្នកធ្លាក់ខ្លួនឈឺដល់ស្លាប់ឬឈឺធ្ងន់ធ្ងរនោះទេ។ ទោះជាយ៉ាងណាសាស្រ្ដាចារ្យដែលបម្រើការនៅកម្មវិធីជំងឺឆ្លងអាសន្នរបស់សិង្ហបុរីបានលើកឡើងថា វានៅតែបង្កជាការប្រុងប្រយ័ត្ន ខណៈវីរុសជាច្រើនដែលមាននៅក្នុងធម្មជាតិ មានលទ្ធផលដែលមិនអាចទាយទុកជាមុនបាន នៅពេលដែលវាឆ្លងដល់មនុស្ស។

ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា មិនទាន់មានសញ្ញាដែលបញ្ជាក់ថា វីរុសនេះឆ្លងពីមនុស្សទៅមនុស្សនោះទេ ដោយសារអ្នកឆ្លងជំងឺនេះ ហាក់មិនបានចម្លងបន្តទៅកាន់អ្នកប៉ះពាល់ជិតស្និទ្ធណាម្នាក់ឡើយ។ ខណៈមិនមានការរកឃើញការចម្លងពីមនុស្សទៅមនុស្ស អ្នកវិទ្យាសាស្រ្ដបានធ្វើការអង្កេត និងរកឃើញវីរុសនេះនៅលើសត្វកណ្ដុរព្រៃឬសត្វកកេរចំនួន៧១ក្បាលនៅក្នុងចំណោម២៦២ក្បាល នៅក្នុងខេត្តទាំងពីររបស់ចិនជាតំបន់នៃជំងឺបានចាប់ផ្ដើមផ្ទុះឡើង។ ទន្ទឹមនឹងនេះ ក្រុមវិទ្យាសាស្រ្ដ ក៏បានរកឃើញវីរុសឡានយ៉ានេះ នៅលើសត្វឆ្កែ៥% និងសត្វពពែ២%៕