រូបភាព៖ វេង សាខុន និងផ្តល់ឱ្យដោយលោក អួន ស៊ីឡុត

សមាគមស្វាយចន្ទីកម្ពុជា នឹងជួយរកទីផ្សារស្វាយកែវរមៀត ជូនកសិករដែលជាសមាជិកនៅក្នុងសមាគមសម្រាប់បេសកកម្មឆ្នាំ២០២២ ដល់២០២៥ ព្រោះកន្លងមកស្វាយកែវរមៀត គ្មានទីផ្សារនាំចេញទៅក្រៅប្រទេសអស់រយៈពេល៣ឆ្នាំហើយ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៥ សីហានេះថា កន្លងមកសមាគមស្វាយចន្ទីមិនដែលផ្តោតសំខាន់លើស្វាយកែវរមៀត និងដំឡូងមីនោះទេ គឺផ្តោតលើតែទីផ្សារស្វាយចន្ទីមួយមុខប៉ុណ្ណោះ។

លោកបន្តថា ដោយមានការសហការពីអង្គការ GIZ សម្រាប់បេសកកម្មរបស់សមាគមស្វាយចន្ទីកម្ពុជានៅឆ្នាំ២០២២ ដល់២០២៥ សមាគមនឹងផ្តោតលើស្វាយចន្ទី៦០ភាគរយ ស្វាយកែវរមៀត២៥ភាគរយ និងវ៉ានីឡា៥ភាគរយ។

លោកថ្លែងដូច្នេះថា៖«ហេតុអី្វបានជាយើង បានផ្លាស់ប្តូរគោលដៅរបស់យើង ពីព្រោះសមាជិកក្នុងសមាគមស្វាយចន្ទីកម្ពុជាគាត់ដាំស្វាយកែវរមៀត ដំឡូងមី និងវ៉ានីឡា។ ដូច្នេះ! បានជាយើងបានពង្រីកវិសាលភាពរបស់យើង តាមរយៈជំនួយរបស់ GIZ ក៏យើងបានបំបែកដំឡូងមីទៅខេត្ត២ ខេត្តកំពង់ធំ និងខេត្តក្រចេះ ដើម្បីជួយរកទីផ្សារ ព្រោះដំឡូងមី ស្វាយកែវរមៀត និងវ៉ានីឡា ពុំមានសមាគមនោះទេ»។

លោកបន្ថែមថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ស្វាយកែវរមៀតគ្មានទីផ្សារនាំចេញនោះទេ ដូច្នេះសមាគមស្វាយចន្ទីត្រូវចងក្រងសមាជិក ដែលដាំស្វាយកែវរមៀត ដើម្បីមានទន្និន័យជាផ្លូវការ ហើយជួយរកទីផ្សារជូនពួកគាត់។

លោកថ្លែងថា៖«កសិករបានសំណូមពរមកសមាគម ដើម្បីជួយរកទីផ្សារជួនពួកគាត់ ហើយមកដល់ពេលនេះ សមាគមក៏បានជួយរកទីផ្សារ ជួនពួកគាត់ហើយឥឡូវនេះ។ ពីមុនមកយើងអត់មានលទ្ធភាព អត់បានជួយគាត់ទេ ប៉ុន្តែឥឡូវយើងបានជួយពួកគាត់ហើយ យើងរកបានក្រុមហ៊ុន៣ហើយមកដល់ពេលបច្ចុប្បន្ន ដើម្បីប្រមូលទិញស្វាយកែវរមៀត»។

លោកបន្ថែម ក្រុមហ៊ុនទាំង៣ ដែលប្រមួលទិញស្វាយកែវរមៀតពីកសិករ មានដូចជាក្រុមហ៊នមីសូតា(Misota) ដែលជាក្រុមហ៊ុនខ្មែរនៅខេត្តបាត់ដំបង ក្រុមហ៊ុន ខេ ឌី KD Trading សម្រាប់នាំចេញទៅវៀតណាម និងក្រុមហ៊ុនមួយទៀតសម្រាប់នាំចេញទៅថៃ។

លោកបញ្ជាក់ថា សម្រាប់ដំឡូងមីមិនសូវមានបញ្ហាទីផ្សារនោះទេ ព្រោះដំឡូងមីកំពុងមានទីផ្សារល្អ ហើយសមាគម ក៏បានសហការជាមួយអង្គការ GIZ ដើម្បីជួយកសិករនៅខេត្តកំពង់ធំ និងក្រចេះ ឱ្យដាំដំឡូវមីឱ្យបានចំនួនកាន់តែច្រើន ដោយអនុវត្តការចំណាយតិច ចំណេញច្រើន។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានឲ្យដឹងថា បច្ចុប្បន្ននៅទូទាំងប្រទេសមានផ្ទៃដីដាំដុះស្វាយសរុបចំនួនជាង ១សែនហិកតា ផ្ទៃដីប្រមូលផលមានចំនួនជាង ៩ម៉ឺនហិកតា ទទួលបានទិន្នផលជាមធ្យមចំនួន ១៦តោនក្នុង១ហិកតា ដែលមានបរិមាណផលសរុបចំនួនជាង ១លានតោន៕