សណ្ឋាគារប្រណិត SUN & MOON Riversideថ្មីនៅកម្ពុជា នឹងអនុវត្តវេទិកា INTELITY ជាមួយនឹងការ check-in តាមទូរសព្ទ និងប្រើសោរចាក់បន្ទប់ស្វ័យប្រវត្តិតាមទូរសព្ទ(mobile key) ដើម្បីបំពេញបទពិសោធន៍ទំនើបសម្រាប់ភ្ញៀវ។រូបភាព៖ SUN & MOON Riverside

ក្រុមហ៊ុន INTELITY គឺ​ជាអ្នកផ្តល់បទពិសោធន៍ភ្ញៀវឈានមុខគេនៃ​បដិសណ្ឋារកិច្ច និងវេទិកាគ្រប់គ្រងបុគ្គលិកដោយប្រើប្រាស់បច្ចេកវិទ្យា បានប្រកាសនៅថ្ងៃនេះ(១៣ សីហា) នូវកិច្ចព្រមព្រៀងជាមួយ សណ្ឋាគារ SUN & MOON Riverside ដើម្បីអនុវត្តវេទិកា INTELITY និងកម្មវិធីទូរសព្ទ​(Mobile App)ជាមួយនឹងការ check-in តាមទូរសព្ទ និងសោរចាក់បន្ទប់​ស្វ័យ​ប្រវត្តិ​តាម​ទូរសព្ទ​(mobile key) សម្រាប់បទពិសោធន៍ឌីជីថលពេញលេញដល់ភ្ញៀវ​។

កម្ពុជាគឺជាគោលដៅទេសចរណ៍ពេញនិយមដែលពោរពេញទៅដោយតំបន់​ប្រវត្តិសាស្ត្រ វប្បធម៌ និងការផ្សងព្រេងនានាដ៏មានប្រជាប្រិយ៍ភាព​នៅក្នុង​តំបន់​។

សណ្ឋាគារ SUN & MOON Riverside ថ្មីនេះ ​មានកម្ពស់ ​២៣ជាន់ ស្ថិតនៅជាប់​មាត់ទន្លេបាសាក់ ក្បែរស្ពានព្រះមុនីវង្សដែល​ហ៊ុំព័ទ្ធដោយផ្សារចម្រុះ អាហារដ្ឋាន​ល្បីៗ​ សិល្បៈ និងសកម្មភាពវប្បធម៌។

ដោយប្តេជ្ញាផ្តល់ជូនភ្ញៀវនូវបច្ចេកវិជ្ជាបដិសណ្ឋារកិច្ចលំដាប់កំពូល សណ្ឋាគារ SUN & MOON Riverside ផ្តោតលើសេវាកម្មទទួល​ភ្ញៀវដោយមិន​ចាំបាច់​ទំនាក់ទំនងផ្ទាល់​( contactless) និងងាយស្រួល ដើម្បីបំពេញបំណងនិងតម្រូវការរបស់ភ្ញៀវឱ្យ​បាន​ល្អបំផុត ហើយធានាថាភ្ញៀវទទួលបានបទពិសោធន៍ដ៏ប្រសើរក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគេ។

សណ្ឋាគារ SUN & MOON Riverside ដែលមាន ២០០បន្ទប់ មានទីតាំងស្តិតនៅ​ជាប់​មាត់ទន្លេបាសាក់ ក្បែរស្ពានព្រះមុនីវង្ស។រូបភាព៖ ហ្វេសប៊ុក SUN & MOON Riverside

លោក Noel Furrer អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន SUN & MOON Hotel Group បាន​ឱ្យដឹងនៅក្នុង​សេចក្តីប្រកាសព័ត៌មានថា៖ «ក្រុមហ៊ុន​មានសំណាងណាស់ដែលស្ថាបនិក និងជាម្ចាស់ក្រុមហ៊ុន SUN & MOON Group គឺលោកឧកញ៉ា ជា រតនា ដែល​ពិតជាយល់អំពីសារៈសំខាន់នៃការគាំទ្របច្ចេកវិទ្យាក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច និងបំណងប្រាថ្នាចង់សាងសង់សណ្ឋាគាររួមបញ្ចូលគ្នាជាមួយបច្ចេកវិទ្យាក្នុងដំណាក់កាលគ្រឹះរបស់ក្រុមហ៊ុន​។

លោក Furrer ថ្លែងទៀតថា​៖«ទីផ្សារ​ការ​ធ្វើ​ដំណើរ​កំពុង​ផ្លាស់​ប្តូរ ហើយ​យើង​ក៏​ត្រូវ​តែ​ផ្លាស់​ប្តូរ​របៀប​ដែល​យើង​គិត​អំពី​បច្ចេកវិទ្យា។ យើងមានវិធីជាច្រើនទៀត ដើម្បីបម្រើភ្ញៀវរបស់យើង ហើយយើងមានគម្រោងដើរតាមអនាគតដោយការវិនិយោគលើអ្នកដឹកនាំផ្នែកបច្ចេកវិទ្យា ដូចជា INTELITY ជាដើម»។

លោក Furrerបន្ថែមថា៖«នៅទីនេះ! នៅសណ្ឋាគារ SUN & MOON Riverside បេសកកម្មរបស់យើងគឺ ដើម្បីត្រួសត្រាយឧស្សាហកម្មបដិសណ្ឋារកិច្ចនៅទីនេះ នៅ​កម្ពុជា ក្នុងនាមជា ម៉ាកយីហោ​ជាតិ ហើយយើងចង់ឱ្យភាពប្លែករបស់យើងត្រូវបានពង្រឹងជាមួយនឹងភាពជឿនលឿននៃបច្ចេកវិទ្យា ជាពិសេសការ check-in តាមទូរសព្ទ និងសោរចាក់បន្ទប់​ស្វ័យ​ប្រវត្តិ​តាម​ទូរសព្ទ​(mobile key)»។

ដោយប្រើកម្មវិធី app លើទូរសព្ទរបស់​​ INTELITY ភ្ញៀវនឹងអាច check-in ការកក់របស់ពួកគេ និងចូលបន្ទប់របស់ពួកគេដោយ​ប្រើ​សោរចាក់បន្ទប់​ស្វ័យ​ប្រវត្តិ​តាម​ទូរសព្ទដែលទាំងអស់មាន​នៅលើទូរសព្ទ​ចល័ត​ផ្ទាល់ខ្លួនរបស់ពួកគេ។

តាមរយៈការស្នាក់នៅរបស់ពួកគេ ភ្ញៀវអាចកុម្ម៉ង់អាហារនៅក្នុងបន្ទប់ ស្នើសុំសេវាកម្ម មើលគ្រឿងបរិក្ខារសណ្ឋាគារ និងថែមទាំង ភ្ជាប់​ទំនាក់ទំនងជាមួយបុគ្គលិកសណ្ឋាគារតាមរយៈ ការផ្ញើសាររបស់ភ្ញៀវទាំងអស់តាមរយៈកម្មវិធីទូរសព្ទ។

ឥតដែនកំណត់ វេទិកា INTELITY នឹងអនុញ្ញាតឱ្យបុគ្គលិកតាមដាន និងបំពេញសំណើរបស់ភ្ញៀវបានយ៉ាងងាយស្រួល និងប្រកបដោយប្រសិទ្ធភាព តាមរយៈប្រព័ន្ធ​ GEMS របស់ INTELITY ។

ពីទិដ្ឋភាពអាជីវកម្ម កម្មវិធីទូរសព្ទ INTELITY នឹងជួយសណ្ឋាគារក្នុងការសន្សំថ្លៃបោះពុម្ព ជំរុញការផ្សព្វផ្សាយដល់ភ្ញៀវចំពេល​វេលា​ដ៏​ត្រឹមត្រូវ និងទទួលបានមតិកែលម្អភ្លាមៗដោយចុចតែម្តង។

លោក Furrer មានប្រសាសន៍ថា៖«យើងចង់ផ្តល់ឱ្យភ្ញៀវរបស់យើងនូវបទពិសោធន៍នៃការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ផ្ទាល់ខ្លួនរបស់ពួកគេ ដែលគាំទ្រឥរិយាបថរបស់មនុស្សពី​ធម្មជាតិ។ ភ្ញៀវនឹងអាចទាញយក និងធ្វើអន្តរកម្មជាមួយកម្មវិធី ឬនៅតែអាច​ជ្រើសរើសវិធីសាស្រ្តសាមញ្ញគឺ​ជម្រើស​គឺ​ជា​របស់​ពួកគេ»។

សណ្ឋាគារ SUN & MOON Riverside ក៏បានជ្រើសរើសវេទិកា INTELITY សម្រាប់សមត្ថភាព​កម្ម​វិធីទូរសព្ទ​ចល័តដ៏រឹងមាំ និងការរួមបញ្ចូលជាមួយប្រព័ន្ធ PMS POS និង Spa ដែលមានស្រាប់របស់សណ្ឋាគារ។

សណ្ឋាគារ SUN & MOON Riverside ដែលមាន ២០០បន្ទប់ នឹងរួមបញ្ចូល ភោជនីយដ្ឋានដ៏ឆ្ងាញ់ៗដែលមានបន្ទប់ទទួលទាន​អាហារឯកជន ក្លឹបអាងហែលទឹក កន្លែងហាត់ប្រាណ ស្ប៉ា ហាងកាហ្វេ កន្លែងទទួលភ្ញៀវ VIP រោងកុន និង KTV ព្រមទាំង មាន​បន្ទប់ប្រជុំចំនួនប្រាំ និង​សាលធំមួយ​។

លោក Robert Stevenson នាយកប្រតិបត្តិ INTELITY មានប្រសាសន៍ថា៖«យើងមានមោទនភាពក្នុងការធ្វើការជាមួយអចលនទ្រព្យដ៏ពិសេសមួយ។ វេទិកា INTELITY នឹងផ្តល់សិទ្ធិអំណាចដល់ភ្ញៀវ SUN & MOON Riverside ដើម្បីគ្រប់គ្រងការ check-in និងប្រើ​សោរចាក់បន្ទប់​ស្វ័យ​ប្រវត្តិ​តាម​ទូរសព្ទនៅលើឧបករណ៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ដោយផ្តល់នូវបទពិសោធន៍កម្រិតខ្ពស់ ពិសេស និងផ្ទាល់ខ្លួន រួមជាមួយនឹងសេវាកម្មភ្ញៀវពិសេស»។

INTELITY គឺជាក្រុមហ៊ុនឈានមុខគេលើសកលលោកនៅក្នុងបច្ចេកវិទ្យាបទពិសោធន៍ភ្ញៀវដោយគ្មានការប៉ះពាល់​( contactless)ការបង្រួបបង្រួមឧបករណ៍ចល័តនៅក្នុងបន្ទប់ និងឧបករណ៍ប្រតិបត្តិការទៅក្នុងវេទិកាបដិសណ្ឋារកិច្ចដែលរួមបញ្ចូលគ្នាយ៉ាងពេញលេញមួយ។

INTELITY ត្រូវ​បាន​ប្រើ​នៅ​សណ្ឋាគារ ​ប៊ូទិក(boutique hotels) រមណីយដ្ឋាន​ កាស៊ីណូ លំនៅដ្ឋាន​ប្រណិត យីហោ​សណ្ឋាគារ​ពិភពលោកដែល​​ច្រើន​ជាង ៦០ប្រទេស​នៅ​ទូទាំងទ្វីប៦៕