រដ្ឋមន្ត្រីណែនាំឱ្យអ្នកចិញ្ចឹមជ្រូកទាញថាមពលព្រះអាទិត្យប្រើប្រាស់ដើម្បីកាត់បន្ថយថ្លៃដើមផលិត។ រូបភាព៖ ហ្វេសប៊ុក Sakhon Veng

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យអ្នកចិញ្ចឹមជ្រូកងាកមកប្រើប្រាស់ថាមពលពន្លឺ​ព្រះអាទិត្យ និងថាមពលអគ្គិសនី​ដែល​បម្លែង​ពី​លាមកជ្រូកមកប្រើប្រាស់​ ដើម្បីកាត់បន្ថយថ្លៃដើម​ផលិត ​និង​រក្សាបានភាព​ប្រកួតប្រជែង​តម្លៃនៅលើទីផ្សារ​។​

ការណែនាំរបស់​លោករដ្ឋមន្រ្តី​ វេង សាខុន ត្រូវបានលើកឡើងក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃផលិតកម្មចិញ្ចឹមជ្រូកសាច់នៅ​ក្នុងកសិដ្ឋានរបស់​លោកស្រី ងិន គន្ធា មានទីតាំងស្ថិតក្នុងភូមិឬស្សីមួយគុម្ភ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

លោករដ្ឋមន្រ្តី​កត់សម្គាល់ថា ថ្លៃដើមផលិតកម្មនៅតែ​ខ្ពស់ដោយ​លោក​បានផ្តល់​ជាគំនិតដល់ម្ចាស់កសិដ្ឋាន​ថាគួរទាញយកថាមពលពីពន្លឺព្រះអាទិត្យ និងថាមពលបានមកពីលាមកជ្រូក យកមកប្រើ ដើម្បីកាត់បន្ថយប្រើថាមពលអគ្គីសនីពីបណ្តាញ​រដ្ឋនិងឯកជន​។

លោករដ្ឋមន្រ្តី​បន្ថែមថា អ្នកចិញ្ចឹម​ជ្រូក​គួរ​សិក្សាស្រាវជ្រាវបច្ចេកទេសធ្វើការកែច្នៃលាមកជ្រូកលក់ដែល​នេះជាប្រភពចំណូលសេដ្ឋកិច្ចសំខាន់មួយ ផងដែរ។

លោក​បាន​ឱ្យដឹងទៀតថា៖«សព្វថ្ងៃ ទីផ្សារជ្រូកសាច់កំពុង​មាន​ស្ថាន​ល្អប្រសើរចំពោះ ក្រុមហ៊ុន និងម្ចាស់កសិដ្ឋានគួរខិតខំពង្រីកផលិតកម្មបន្ថែម ដើម្បីធានានិរន្តរភាពនៃ ការផ្គត់ផ្គង់ និងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព»។

យោង​តាមលោក​រដ្ឋមន្រ្តី កសិដ្ឋានរបស់​អ្នកស្រី គន្ធា បានបង្កើតនៅឆ្នាំ ២០១៧ នៅលើ​ផ្ទៃដី ១២ហិកត និង​ បច្ចុប្បន្នមានរោងចិញ្ចឹមជ្រូកចំនួន ២០រោង (រោង ១ដាក់ជ្រូកសាច់បាន ៧០០ក្បាល) ដែល​មាន​ជ្រូកសាច់សរុប​ ១៤ ០០០ក្បាល។ ក្នុងមួយឆ្នាំចិញ្ចឹមបាន ២វគ្គ ក្នុងមួយវគ្គរោង ១ អាចទទួលបានប្រាក់ចំណូលប្រមាណ ១០ ០០០ដុល្លារ ហើយរោងជ្រូក​មួយដាក់ទុនវិនិយោគប្រមាណ ៧០ ០០០ដុល្លារ។

រូបភាព៖ ហ្វេសប៊ុល Sakhon Veng

កសិដ្ឋាននេះ បាន​ធ្វើ​កិច្ចសន្យាជាមួយក្រុមហ៊ុន CP ក្នុង​រយៈពេល ៨ឆ្នាំម្តង​ ដោយក្រុមហ៊ុនជាអ្នកផ្គត់ផ្គង់ កូន ថ្នាំ ចំណី បច្ចេសទេស និងប្រមូលផលទិញ​។

ក្នុង​ឱកាសនោះ លោក វេង សាខុន បានសួរនាំលោកស្រី ងិន គន្ធា អំពីដំណើរការអាជីវកម្មចិញ្ចឹមជ្រូកសាច់ មានដូចជា ពូជ ចំណី ថ្នាំសង្កូវ ជំងឺឆ្លង ទឹក-ភ្លើង ពលកម្ម ទុនវិនិយោគ និងទីផ្សារ។

អ្នក​ស្រី គន្ធា ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកបានអរគុណរដ្ឋាភិបាល ដែលធ្វើឲ្យសមត្ថភាពចិញ្ចឹមជ្រូកក្នុងស្រុកមានកើនឡើង និងធានាបានការផ្គត់ផ្គង់បានទាំងស្រុងក្នុងការផ្តផ្គង់សាច់ជ្រូកស្រស់នៅលើទីផ្សារ ហើយទទួលបានតំម្លៃល្អប្រសើរ។

ជាមួយគ្នានេះ លោកស្រី ក៏បានលើកឡើងពីបញ្ហាប្រឈមដែរ ទាក់ទងនឹងតម្លៃថ្លៃដើមផលិតជ្រូកនៅខ្ពស់ នៅឡើយ ។

ដោយមើលឃើញពីបញ្ហាថ្លៃដើមនៅខ្ពស់នេះ លោក វេង សាខុន បានណែនាំឱ្យលោកស្រី ងាកមកទាញយកថាមពលពីពន្លឺព្រះអាទិត្យ និងថាមពលបានមកពីលាមកជ្រូក យកមកប្រើដើម្បីកាត់បន្ថយប្រើថាមពលអគ្គីសនី។

លោកថ្លែងូច្នេះថា៖«គួរទាញយកថាមពលពីពន្លឺព្រះអាទិត្យ និងថាមពលបានមកពីលាមកជ្រូក យកមកប្រើដើម្បីកាត់បន្ថយប្រើថាមពលអគ្គីសនីទីមួយ និងទីពីរសិក្សាស្រាវជ្រាវបច្ចេកទេសធ្វើការកែច្នៃលាមកជ្រូកលក់ ហើយនេះជាប្រភពចំណូលសេដ្ឋកិច្ចសំខាន់មួយផងដែរ»។

បងស្រី ងិន គន្ធា បានឲ្យដឹងថាកសិដ្ឋានគាត់បានបង្កើតនៅឆ្នាំ ២០១៧ ក្នុងផ្ទៃដី ១២ហិកតា។ បច្ចុប្បន្នមានរោងចិញ្ចឹមជ្រូកចំនួន ២០រោង ក្នុងនោះមានជ្រូកសាច់សរុប ១៤ ០០០ក្បាល។ ក្នុងមួយឆ្នាំចិញ្ចឹមបាន ២វគ្គ ដោយក្នុងមួយវគ្គ រោង ១ អាចទទួលបានប្រាក់ចំណូល ១ម៉ឺនដុល្លារ ហើយរោងមួយដាក់ទុនវិនិយោគ ៧ម៉ឺនដុល្លារ។

លោក វេង សាខុន បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៦ កក្កដាថា បច្ចុប្បន្ន កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់សាច់ជ្រូកបាន ១០០ភាគរយ ហើយក្រសួងនឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់នាំចេញនៅពេលដែលផលិតបានលើសពីតម្រូវការទីផ្សារក្នុងស្រុក។

លោកថ្លែងដូច្នេះថា៖« កាលណាកម្ពុជាមានសមត្ថភាពផលិតលើសតម្រូវ វាអាចនឹងមានបញ្ហាកកស្ទះនៅក្នុងស្រុក ដូច្នេះ ក្រសួងបានត្រៀមខ្លួនក្នុងការរៀបចំនាំចេញត្រីសាច់ទៅកាន់បណ្តាប្រទេសធំៗ ដោយសហការជាមួយដៃគូរឯកជន»។

គិតត្រឹមខែមិថុនា ឆ្នាំ២០២២ កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់ត្រីសាច់ បានកើនឡើងដល់ ៩២ ភាគរយ ខណៈការផ្គត់ផ្គង់សាច់ជ្រូកអាចដំណើរការបាន១០០ភាគរយបានជាង៩ ខែហើយ។ នេះបើការបញ្ជាក់របស់លោក វេង សាខុន៕