រូប​ឯកសារ៖ ទាហាន​រុស្ស៊ី​ម្នាក់​ឈរ​យាម​នៅ​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia នៅ​តំបន់​ដែល​គ្រប់គ្រង​ដោយ​យោធា​រុស្ស៊ី នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២២។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodomyr Zelenskyy បាន​និយាយ​នៅ​ក្នុងសុន្ទរកថា​ប្រចាំ​ថ្ងៃ​របស់​លោកនៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «មាន​ការ​កត់ត្រា​នូវ​ការ​បាញ់​ផ្លោងមួយ​ទៀត​របស់​រុស្ស៊ី​ នៅ​ជុំវិញរោងចក្រថាមពល​នុយក្លេអ៊ែរZaporizhzhia ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​ជារោងចក្រដ៏​ធំ​បំផុតមួយ​របស់​ទ្វីប​អឺរ៉ុប​នោះ។

លោក Zelenskyy បាន​និយាយ​ថា៖ «គ្មាន​នរណា​ផ្សេង​ទៀត​ប្រើរោងចក្រ​នុយក្លេអ៊ែរ​នេះ​ដើម្បី​គំរាមកំហែង​ពិភពលោក​នោះ​ឡើយ។ ជា​ការពិតមនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​ពិភព​លោក​ត្រូវ​ធ្វើ​ប្រតិកម្ម​ជា​បន្ទាន់​ដើម្បី​បណ្ដេញ​ក្រុម​អ្នកឈ្លានពានចេញ​ពីទីតាំងនៃតំបន់​រោងចក្រថាមពល​នុយក្លេអ៊ែរ Zaporizhzhia នេះ។ នេះ​ជា​ផលប្រយោជន៍សាកល មិន​មែនគ្រាន់​តែបម្រើ​សេចក្ដី​ត្រូវការ​របស់​អ៊ុយក្រែនតែ​ម្នាក់​នោះ​ទេ»។

ប្រទេស​អ៊ុយក្រែន​និង​រុស្ស៊ី​បានស្តី​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ការ​បាញ់​ផ្លោង​ដាក់​ទីតាំង​នៃ​រោងចក្រ​នុយក្លេអ៊ែរ​នេះ។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ទីតាំង​រោង​ចក្រ​នុយក្លេអ៊ែរ​នោះ​ មិន​ត្រូវ​ប្រើប្រាស់ធ្វើ​ជា​ផ្នែក​ណា​មួយ​នៃ​ប្រតិបត្តិការ​យោធា​នោះ​ឡើយ។​ ផ្ទុយទៅវិញ​ គេ​ត្រូវ​ការ​នូវ​កិច្ចព្រមព្រៀង​ជា​បន្ទាន់​មួយ​ ទៅ​លើ​កម្រិតនៃ​ការងារ​បច្ចេកទេស​ស្តី​ពី​ការ​គ្មាន​កងទ័ព​នៅ​ជុំវិញ​បរិវេណ​រោងចក្រ​នោះ ដើម្បី​ធានា​នូវ​សុវត្ថិភាពនៃ​តំបន់នេះ»។

លោក Zelenskyy ក៏​បាន​និយាយនៅ​ថ្ងៃ​ព្រហស្បតិ៍​ផង​ដែរ​ថា​ លោក​បាន​ជួប​ជាមួយ​លោក​ Jose Andres ដែល​ជា​ប្រធាន​និងស្ថាបនិកអង្គការ​មនុស្សធម៌​អន្តរជាតិ World Central Kitchen ដែល​បានជួយ​ផ្តល់​ស្បៀង​អាហារ​ដល់ប្រជាជន​ នៅ​ក្នុង​ប្រទេសដែល​ទទួល​រង​ការ​ឈឺចាប់​ ដោយ​សារ​សង្គ្រាម​និងគ្រោះធម្មជាតិ​ផ្សេងៗ។

លោក Zelenskyy បាន​និយាយ​ថា៖ «ចាប់តាំងពីការ​ចូល​ឈ្លានពាន​ដ៏​ពេញ​បន្ទុក​របស់​រុស្ស៊ី​មក​លើ​ប្រទេស​អ៊ុយក្រែន​មក​ អង្គការ​មួយ​នេះ​បាន​ចាប់ផ្តើម​ធ្វើការនៅ​តាម​ព្រំដែនប្រទេស​ប៉ូឡូញ​ សម្រាប់​ជួយ​ដល់​ជន​ចំណាក​ស្រុក។ បន្ត​មក​ទៀត​ អង្គការ​នេះ​ បាន​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​ នៅ​ក្នុង​ទីក្រុង​ជា​ច្រើន​របស់​អ៊ុយក្រែន​ ហើយ​បានចម្អិន​អាហារប្រមាណ​១៣០​លាន​កញ្ចប់​សម្រាប់​ពលរដ្ឋ​អ៊ុយក្រែន»៕