រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិកMerrick Garland ថ្លែង​នៅ​ក្រសួង​យុត្តិធម៌​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២២។

វ៉ាស៊ីនតោន — ក្រសួង​យុត្តិធម៌​អាមេរិក​បាន​ស្នើ​ដល់​តុលាការ​សហព័ន្ធ​មួយនៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ឱ្យ​បង្ហាញដីកាឆែកឆេរ​លំនៅស្ថាន​របស់អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នៅ​ក្នុង​រដ្ឋ Florida ពាក់​ព័ន្ធ​នឹងការ​ស៊ើបអង្កេតទៅ​លើចំណាត់ការ​របស់​លោក Trump ជុំវិញឯកសារ​របស់​សេតវិមាន។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិកMerrick Garland បាន​ប្រកាសការ​ស្នើ​នេះ​ដោយ​និយាយ​ថា​ លោកជាអ្នក​អនុញ្ញាតដោយ​ផ្ទាល់ទៅ​លើការសម្រេច​មួយក្នុង​ការសុំ​ឱ្យមាន​ដីកា​ឆែកឆេរ​ ពាក់ព័ន្ធ​នឹងការ​ស៊ើប​អង្កេត​ដែល​កំពុង​កើត​មាន​ទៅ​លើ​ការ​ចាត់ចែង​ឯកសារ​សេតវិមាន​របស់​លោក Trump នោះ។

នៅ​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​លើក​ដំបូង​របស់​លោក​អំពីការ​ចូល​ឆែកឆេរដ៏​ចម្រូងចម្រាស់​របស់ទី​ភ្នាក់ងារ​ស៊ើបអង្កេត FBIអាមេរិក​លើ​លំនៅស្ថានរបស់​លោកTrumpនៅកន្លែង​លំហែ​កាយ Mar-A-Lago កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ លោក Garland និយាយ​ថា​ ​សេចក្តី​សម្រេច​បង្ហាញ​ពី​ដីកា​ឆែកឆេរនិង​បង្កាន់​ដៃទទួល​បានផ្តល់​ទៅឱ្យ​តំណាង​របស់​លោក Trumpត្រូវបាន​ស្នើ​ឡើង បន្ទាប់ពី​លោកTrump បាន​ថ្លែង​ជា​សាធារណៈ​នូវការ​ឆែកឆេរ​នោះ។

ក្រសួង​យុត្តិធម៌​អាមេរិក​បាន​សម្រេចដាក់​សំណើ​សុំ​មួយដើម្បី​បង្ហាញ​ដីកា​ឆែកឆេរនិង​បង្កាន់ ដៃ​ជា​សាធារណៈ​ពាក់​ព័ន្ធ​នឹង​ការ​បញ្ជាក់អះអាងរបស់​អតីត​ប្រធានាធិបតី​អាមេរិករូប​នេះ​ទៅ​នឹង​ការ​ឆែកឆេរ​លំនៅស្ថាន​របស់​លោក​ ក៏​ដូច​ជា​ស្ថានភាព​នានា​ដែល​កើត​មាន​ឡើង​ជុំវិញ​រឿង​នេះ​និង​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​សាធារណជន​ទៅ​លើ​បញ្ហា​នេះ​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់លោក Garland នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ខ្លី​មួយដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍។

នៅ​ក្នុងការ​ឆែកឆេរ​នោះ ទី​ភ្នាក់ងារ​ស៊ើប​អង្កេតFBIបាន​ប្រមូល​ឯកសារ​ជា​ច្រើន​កេស​ពាក់ព័ន្ធ​នឹង​លោក Trump ក្នុង​រយៈពេល​នៃ​ការ​កាន់​អំណាចរបស់​លោក​ជា​ប្រធានាធិបតី​អាមេរិក។ ការ​ឆែកឆេរ​នេះ​ត្រូវ​បាន​ថ្កោលទោសដោយ​ក្រុម​សមាជិក​គណ​បក្ស​សាធារណរដ្ឋ​ថា​ជា​ការ​ប្រឆាំង​មួយ​របស់ក្រសួង​យុត្តិធម៌ទៅ​លើ​អតីត​ប្រធានាធិបតី​អាមេរិក​រូប​នេះ។

ដោយ​មាន​ការ​លើក​ឡើង​ថា ក្រសួង​យុត្តិធម៌​យក​ចិត្ត​ទុកដាក់​ជា​ខ្លាំង​ទៅ​លើរឿង​នេះ​ លោក Garland បញ្ជាក់​ថា ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​មិន​មាន​ជម្រើស​ណា​ផ្សេងក្រៅ​ពី​នោះ​ឡើយ។

លោកGarlandក៏​បាន​ធ្វើ​ការ​វាយបក​ទៅ​លើ​ការរិះគន់​របស់ក្រុម​សមាជិក​គណបក្ស​សាធារណរដ្ឋ​លើ​ក្រសួង​យុត្តិធម៌​អាមេរិកនិង​ទី​ភ្នាក់ងារស៊ើបង្កេតFBIដែល​បាន​ចោទ​ប្រកាន់​ថា ការឆែកឆេរ​លំនៅស្ថាន​របស់​អតីត​ប្រធានាធិបតី​អាមេរិរូប​នេះ ត្រូវ​បាន​ធ្វើ​ឡើងដោយមានចេតនា​ខាង​នយោបាយ។

លោក Garland និយាយ​ថា៖ «ខ្ញុំមិន​អាច​នៅ​ស្ងៀម​ដោយ​មិន​និយាយ​នោះ​ឡើយ​ នៅ​ពេល​ដែល​សេចក្តី​សុចរិតកំពុង​ត្រូវ​បាន​គេ​វាយ​ប្រហារ​នោះ។ បុគ្គលិកដែល​ជា​ស្ត្រី​និង​បុរស​នៃ​ស្ថាប័ន​ស៊ើបអង្គេតFBI និង​ក្រសួង​យុត្តិធម៌​បានធ្វើ​ការងារយ៉ាង​យក​ចិត្ត​ទុកដាក់​ និងជា​មន្ត្រី​រដ្ឋការ​សាធារណៈ​ដែល​មាន​ទឹក​ចិត្ត​ស្នេហា​ជាតិ»៕