លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជាកាលពីថ្ងៃទី១១ សីហា បានប្រគល់រថយន្តទំនើប៤គ្រឿងដែលបម្រើក្នុងកម្មវីធី CAVAC ជូនដល់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។រូបភាព៖ ហ្វេសប៊ុក ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា

ខណៈ​កម្ម​វិធី​ CAVAC ​នឹងបញ្ចប់​នៅ​ក្នុង​សប្តាហ៍​ក្រោយ ​ស្ថាន​ទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ​បានសម្រេច​ប្រគល់​ជំនួយ​រថយន្ត​៤​គ្រឿង​​ដល់​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និងនេសាទ​ ដើម្បី​ពង្រឹង​សមត្ថភាព​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​(CARDI)​។

គេហ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ស្ថាន​ទូត​អូស្រ្តាលី​​ប្រចាំ​នៅ​កម្ពុជា​ បាន​ឱ្យ​ដឹងថា ​តាម​រយៈ​កម្ម​វិធី​ខ្សែ​សង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា-អូស្ត្រាលី ​(CAVAC) ​រដ្ឋាភិបាល​អូស្ត្រាលី​បាន​បណ្តាក់​ទុន​ចំនួន ​៩០លាន​ដុល្លារ​អូស្ត្រាលី ​ក្នុងរយៈពេល​ ៥​ ឆ្នាំ​ចុងក្រោយ​នេះ ​ដើម្បី​គាំទ្រ​ដល់​ការ​រីកចម្រើន​នៃ​វិស័យ​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា​។

កម្មវិធី CAVAC នឹងបញ្ចប់នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ​២០២២​។រូបភាព៖ហ្វេសប៊ុកស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា

ស្ថានទូតអូស្រ្តាលី​​បន្តថា កម្មវិធី CAVAC បានជួយលើកកម្ពស់ការផលិតស្រូវ កសិកម្មធារាសាស្រ្តដែលមានផលចំណេញ និងឧស្សាហកម្មកសិកម្មដែលមានលក្ខណៈប្រកួតប្រជែង និងចម្រុះ។ កម្មវិធីនេះនឹងបញ្ចប់នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ​២០២២​។

ស្ថានទូត​នេះ​បញ្ជាក់ថា៖« កាលពីម្សិលមិញ(ថ្ងៃទី១១សីហា) ឯកអគ្គរាជទូត Pablo Kang មានសេចក្តីរីករាយដែលបានអញ្ជើញចូលរួមជាមួយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីប្រគល់រថយន្ត​ CAVAC​ ចំនួន​ ៤គ្រឿង​ ដើម្បីជួយពង្រឹងសមត្ថភាពវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ដើម្បីបន្តបេសកកម្មស្រាវជ្រាវវិស័យកសិកម្មដ៏សំខាន់របស់ខ្លួននៅកម្ពុជា»។

លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាត ថ្លែងក្នុងកម្ម​វិធី​ប្រគល់រថយន្តថា ថ្នាក់ដឹក​នាំ​មន្រ្តី​ជំនាញ ​ប្រជាកសិករ​ និង​អង្គភាព​ពាក់​ព័ន្ធ​នឹង​គម្រោង​ខាង​លើនេះ​នឹង​បន្ត ​សកម្ម​ភាព​ការងារ​ និង​រក្សា​សមិទ្ធផល​របស់​គម្រោង​ CAVAC ឱ្យ​បាន​ល្អប្រសើរ​ ឬ​អាច​ធ្វើឱ្យ​កាន់​តែ​ល្អប្រសើរ​ថែម​មួយ​កម្រិត​ទៀត​។​

លោក​រដ្ឋ​មន្រ្តី​ថ្លែង​ទៀត​ថា​៖​«ខ្ញុំ​សូម​ស្នើសុំ​ទៅ​រដ្ឋាភិបាល​អូស្រ្តាលី​ឱ្យ​បន្ត​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​តាម​រយ:​គម្រោង​ ឬ​កម្ម​វិធី​ថ្មីៗ​ផ្សេង​ទៀត»​។

ទំន្ទឹមនឹងនេះ​អូស្ត្រាលីក៏ទន្ទឹងរង់ចាំបន្តកិច្ចសហប្រតិបត្តិការកសិកម្ម យ៉ាងជិតស្និទ្ធរបស់យើងក្រោមគម្រោងថ្មីស្តីពីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី ដើម្បីការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចធន់ (CAP-RED) ដែលនឹងរួមបញ្ចូលការយកចិត្តទុកដាក់លើការធ្វើពិពិធកម្មកសិកម្ម ការកែច្នៃកសិផល និងការធ្វើពាណិជ្ជកម្មដំណាំដែលមានតម្លៃខ្ពស់។

ភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចធន់ (CAP-RED) ក្នុងទំហំទឹកប្រាក់ ៨៧ លានដុល្លារអូស្ត្រាលី នឹងបន្តគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងបង្កើនភាពធន់របស់កម្ពុជា ទាក់ទងនឹងវិស័យកសិកម្ម/ការកែច្នៃកសិផល ពាណិជ្ជកម្ម និងការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ និងយេនឌ័រ និងសង្គមប្រកដដោយបរិយាបន្ន។

ចាប់តាំងពីឆ្នាំ ២០១០ អូស្ត្រាលីបានវិនិយោគទឹកប្រាក់ចំនួន ១៣០លានដុល្លារអូស្រ្តាលី តាមរយៈកម្មវិធី CAVAC ដើម្បីបង្កើនការផលិតស្រូវ ប្រព័ន្ធធារាសាស្រ្តសម្រាប់កសិករខ្នាតតូច និងការធ្វើពិពិធកម្មកសិកម្មនៅកម្ពុជា។

កម្មវិធី CAVAC ក៏​បានជួយ​កាត់បន្ថយភាពក្រីក្រនៅតាមជនបទ បង្កើនប្រាក់ចំណូលសម្រាប់កសិករបានច្រើន និងបានជួយដល់វិស័យកសិកម្មនៅកម្ពុជា ឱ្យកាន់តែមានសក្តានុពលខាងផ្នែកពាណិជ្ជកម្ម និងការប្រកួតប្រជែង៕